ទីបំផុត ចិន កសាង​បាន​សម្រេច​នូវ​​តេលេ​ស្កូប ធំ​ជាង​គេ​​បំផុត​លើ​លោក និង​ត្រៀម​ស្វែង​រក​ ពួកភពផ្កាយ

(ប៉េកាំង)៖ ទីបំផុតតេលេស្កូប ឬកែវយឺត (Telescope) ដ៏ធំជាងគេបំផុត មិនធ្លាប់មាននៅលើសកលលោកយើង និងបានល្បី​ខ្ទរខ្ទា ចាប់តាំងពីការចាប់ផ្តើម​សាងសង់នោះ ត្រូវបានវិស្វករចិន បញ្ចប់ការសាងសង់ជាស្ថាបពរហើយ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា និងបានប្រកាសចេញជាផ្លូវការ​នៅថ្ងៃចន្ទនេះ។ នេះបើតាមការ ចេញផ្សាយពីវែបសាយចិន នៅរសៀលថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០១៦។
Telescope

តេលេស្កូប ខាងលើនេះជាប្រភេទ Radio Telescope ដែលមានមូលដ្ឋាននៅក្នុងស្រុក Pingtang នៃខេត្ត Guizhou ភាគនិរតីប្រទេសចិន មានប្រវែង៥០០ម៉ែត្រ និងឈ្មោះជាផ្លូវការ Aperture Spherical Telescope ឬក៏ FAST។ ប្រទេសចិនបានចំណាយលុយ ១៨០លានដុល្លារអាមេរិក និងរយៈពេល ៥ឆ្នាំទើបអាចបញ្ចប់ការកសាង វត្ថុដ៏អស្ចារ្យ បំផុតលើលោកនេះបានសម្រេច។

តេលេស្កូប ឬ ហៅពាក្យយ៉ាងងាយថាកែវពង្រីកយក្សនេះ មានបន្ទះគ្របដណ្តប់រហូតទៅដល់ ៤,៤៥០បន្ទះ ហើយ គំរោងនៃការបង្កើតវាឡើងនេះ ត្រូវបានចាប់ផ្តើមធ្វើការសិក្សាតាំាងពីឆ្នាំ ១៩៩៤ មកម្ល៉េះ។ បើគិតពីទំហំវិញគឺវាអាចគ្រប ដណ្តប់លើទីលានបាល់ទាត់បានចំនួន ៣០ឯណោះ។

គួរបញ្ជាក់ថា FAST ដ៏ធំមហិមាខាងលើនេះ មានតួនាទីក្នុងរុករកវត្ថុផ្សេងៗនៅទីអវកាស ជាពិសេសប្រព័ន្ធព្រះអាទិត្យ និងភពដទៃៗទៀត ដែលស្ថិតនៅឆ្ងាយរាប់សិបឆ្នាំពន្លឺពីភពផែនដីយើង។ អ្នកតារាវិទូចិន រំពឹងថាពួកគេនឹងរកឃើញនូវ លទ្ធផលជាច្រើននៅក្នុងរយៈពេល ពីរឬបីឆ្នាំខាងមុខ ទាក់ទងនឹងជីវិត នៅភពដទៃទៀត ក្រៅពីប្រព័ន្ធព្រះអាទិត្យរបស់ យើង ដោយការប្រើប្រាស់កែវយឺត ដែលមានសមត្ថភាពស្រូបយកទិន្នន័យ​បានប្រសើរជាង នៅប្រទេសផ្សេងៗទៀត។

ប្រទេសចិនបានប្រកាសថា តេលេស្កូប នេះគឺនឹងបើកទូលាយ សម្រាប់ការបន្ថែមបច្ចេកវិទ្យា ឬការសិក្សាដើម្បីអភិវឌ្ឍន៍ ពីបណ្តាដៃគូនានា នៅពិភពលោកយើងនេះ។ តាមការផ្សាយរបស់ ស៊ិនហួរ FASTក៏មានតួនាទីចាប់យករូបភាព កញ្ជុំផ្កាយ, រលកសញ្ញានៃកម្លាំងទំនាញ, និង អាមីណូអាស៊ីដ ដែលជារឿងចាំបាច់ដែលអាច​បញ្ជាក់ថា ភពផ្សេងទៀត ដែលគេរកឃើញនោះ មានជីវិតរស់នៅ ដូចនៅលើផែនដីដែរឬទេ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?