ប្រវត្តិរឿងរ៉ាវទាក់ទង ជាង​សាងសង់​ប្រាសាទខ្មែរ​ នា​សម័យបុរាណ​

(យល់ដឹង)៖ នៅសម័យបុរាណ ព្រះមហាក្សត្រ និងនាហ្មឺនសព្វមុខមន្ត្រី តែងតែលើកតម្កើងស្នាដៃរបស់វីរសិល្បករជានិច្ច ថ្វីត្បិតតែឈ្មោះអ្នកសាងសង់ប្រាសាទមួយចំនួនធំ ត្រូវបាត់បង់ដោយប្រការផ្សេងៗយ៉ាងណាក៏ដោយ។ តាមសិលាចារឹកជាច្រើនសុទ្ធតែបានបង្ហាញឲ្យដឹងថា ប្រាសាទសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍ ប្រាសាទបន្ទាយស្រី និងប្រាសាទអង្គរវត្តជាដើម ជាការកកើតឡើងដោយព្រះតម្រិះរបស់ស្តេចខ្មែរ រួមជាមួយការលើកឡើងប្រធានបទពីស្ថាបត្យកម្ម និងជាងសាងសង់។ សំណង់ប្រាសាទ គឺជាការកកើតឡើងចេញពីលទ្ធផលនៃសង្គមរូបនីយកម្មសិល្បៈ រួមជាមួយនឹងសេរីភាពជ្រើសរើសប្រធានបទដើម្បីឆ្លាក់។

temple

រូបភាព ១-១ : ការសាងសង់ប្រាសាទអង្គរ ដោយ ព្រហ្ម ឈូង និង ចម្លាក់ជាងនៅប្រាសាទបាយ័ន (ម.ត ២០០០)

តាមឯកសារពីសិលាចារឹក បានបញ្ជាក់ឲ្យដឹងបន្ថែមថា ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្រោយចម្បាំងចាម ត្រូវបានបញ្ចប់រួចមក នយោបាយបើកទូលាយនៃសាសនា និងវប្បធម៌ប្រពៃណីរបស់ខ្មែរ ក៏បានចាប់ផ្តើមឡើងផងដែរ ដែលជាហេតុធ្វើឲ្យមានការវិវឌ្ឍន៍វិស័យសិល្បៈយ៉ាងខ្លាំងក្លា។ សកម្មភាពទាំងនេះហើយ ដែលបានធ្វើឲ្យជាងសាងសង់ប្រាសាទ ព្រមទាំងឧបករណ៍ជំនាញមួយចំនួន ធ្វើអំពីដែក ឆ្លាក់លើប្រាសាទបាយ័ន ជាឧទាហរណ៍ស្រាប់ បានរីកម្រើនដែរ។ បើនិយាយម្យ៉ាងទៀត គឺការរីកចម្រើនសុះសាយនៃឧស្សាហកម្មដែកនេះហើយ ដែលបានផ្តល់នូវលទ្ធភាពដល់ការសាងសង់ប្រាង្គប្រាសាទ ព្រមទាំងស្ពានតូច-ធំទាំងឡាយនៅចក្រភពកម្ពុជទេស។

temple02

រូបភាព ១-២ : ការសាងសង់ប្រាសាទ ចម្លាក់នៅលើប្រាសាទបាយ័ន (ម.ត ២០០០)

ឯកសារមានការលើកឡើងឲ្យដឹងទៀតថា ការសាងសង់ប្រាសាទបាយ័នដ៏ធំធេងនេះ ក្រុមស្ថាបត្យករក្រុមវីរសិល្បករ និងក្រុមជាង បានបញ្ចេញស្នាដៃបច្ចេកទេស ទេពកោសល្យរបស់ខ្លួនរៀងៗខ្លួន រហូតធ្វើឲ្យការស្ថាបនាប្រាសាទនេះបានសម្រេចជាស្ថាពរ។ គេធ្វើការកត់សម្គាល់ថា ក្រុមស្ថាបត្យករ សិល្បករ និងក្រុមជាងនាសម័យអង្គរទាំងអស់នោះ សុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ និងវិធីសាស្ត្រសាងសង់យ៉ាងច្បាស់លាស់បំផុត ហើយបទពិសោធន៍ទាំងនេះ ពិតជាពួកគេបានទទួលពីសម័យបុរេអង្គរយ៉ាងប្រាកដ។

temple

ដោយសារតែស្នាដៃដ៏ប៉ិនប្រសព្វរបស់ក្រុមជាងសាងសង់ប្រាសាទទាំងអស់នោះហើយ ដែលពួកគេបានបន្សល់ទុកនូវសំណង់ប្រាសាទបុរាណជាប្រវត្តិសាស្ត្ររាប់រយពាន់ រក្សាទុកបានរហូតមកទល់បច្ចុប្បន្ននេះ។ រាល់ចម្លាក់ និងសំណង់ប្រាសាទទាំងអស់ ដែលស្ថាបនាសម្រេចបានជាស្ថាពរនោះ ក៏ជាការរួមចំណែកតាមពិនិត្យឃ្លាំមើលនៃដំណើរការសាងសង់ពីក្រុមអ្នកមានអំណាចរបស់ព្រះមហាក្សត្រខ្មែរ ដូចពួកព្រាហ្មណ៍ ឬក៏ព្រះមហាក្សត្រផ្ទាល់តែម្តងផងដែរ។ ហើយការរីកចម្រើននៃការសាងសង់ប្រាសាទនានាទៅបាន ក៏ដោយសារមាននយោបានវប្បធម៌បើកចំហយ៉ាងពិតប្រាកដ គួបផ្សំនិងវឌ្ឍនភាពសង្គម និងភាពរីកចម្រើននៃនៃវិស័យស្ថាបត្យកម្ម និងឧស្សាហកម្មកុលាលភាជន៍ ឬលោហៈធាតុ ដែលផ្តើមឡើងតាំងតែពីសម័យបុរេអង្គរ។

សូមរំឭកថា អត្ថិភាពនៃជាងសាងសង់ទាំងនោះ ព្រមទាំងច្ចេកទេស និងសម្ភារៈពាក់ព័ន្ធមួយចំនួន ក៏ត្រូវបានបញ្ជាក់តាមរយៈសិលាចារឹក និងចម្លាក់លើជញ្ជាំងប្រាសាទផងដែរ នេះមិននិយាយដល់ព្រាហ្មណ៍ខ្លះៗដែលជាវិចិត្រករដ៏ខ្លាំងពូកែ និងល្បីល្បាញ ដែលឈ្មោះត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ នៅលើសិលាចារឹក៕

temple04

ប្រភព៖ CEN

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?