ខ្សែប្រយុទ្ធលំដាប់ពិភពលោក Honda លើកទឹកចិត្តក្មេងៗកម្ពុជាឲ្យខំលេងកីឡា

ខ្សែ​ប្រយុទ្ធ Keisuke Honda ​​របស់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ដែលកំពុង​ប្រកប​​អាជីព​បាល់​ទាត់​នៅ​ក្លិប​​ AC Milan នៃ​ប្រទេស​អ៊ីតាលី​នោះ បាន​និយាយបែប​លើក​ទឹក​ចិត្ត​ដល់​ក្មេងៗ​កម្ពុជា ដែល​មានបំណង​ចង់ក្លាយ​ខ្លួនជា​កីឡាករ​ល្បីនៅ​ថ្ងៃ​អនាគត ឲ្យខំ​ប្រឹង​ប្រែងនៅ​សកម្ម​ភាព​របស់​ខ្លួន កុំ​បោះបង់ ដើម្បីសម្រេចបំណង​របស់​ខ្លួន។

Keisuke Honda បាន​និយាយ​បែប​នេះ បន្ទាប់​ពី​រូប​គេ និង​ក្រុម​ការងារ បាន​ចំណាយ​ពេល​ជាង​២​ម៉ោង ក្នុង​ការ​បង្ហាត់​បង្ហាញ​ពី​របៀប​លេង​បាល់​ដល់​ក្មេងៗ​កម្ពុជា​​ចំនួន​១០០​នាក់ ក្នុងកម្ម​វិធី​«Keisuke Honda’s SOLTILO GLOBAL SOCCER CAMP» ដែល​​គាំទ្រ​ដោយ TATERU នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ។

Keisuke Honda បាននិយាយ​ទៅ​កាន់​ក្មេងៗ​ទាំង​១០០​នាក់នោះ​ថា៖​«នៅ​ពេល​នេះ​ពូ​សូម​ប្រាប់​ដល់​​ក្មួយៗ​ទាំងអស់​ឲ្យ​បានថា នៅ​លើ​លើក​នេះ គ្មាន​នរណា​កើត​មាន អាចលេង​បាល់​បាន​ពូកែ ដោយ​គ្មាន​ការហ្វឹក​ហាត់​​នោះ​ទេ សំខាន់យើងត្រូវ​ចេះ​តស៊ូ ទើប​ទទួល​បាន​ជោគ​ជ័យ»។​

ខ្សែ​​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូបនេះ បានបន្ត​​ថា៖«តាម​រយៈ​ការ​ហ្វឹក​ហាត់ និង​លេង​រួម​គ្នានៅ​ថ្ងៃ​នេះ​ក្រុមរបស់​ពូ​ឈ្នះ តែ​ក្រុម​របស់​ក្មួយៗ​បាន​ចាញ់ អ៊ីចឹងក្មួយៗ​ត្រូវ​គិតថា ក្រុម​គេ​ធ្វើ​យ៉ាងម៉េច​បាន​ឈ្នះ ហើយ​ក្រុម​យើង​ចាញ់​ដោយ​សារ​អ្វី? ចំណុច​​មួយទៀត ដែល​ក្មួយៗ​ត្រូវ​ចង់​ចាំ​គឺ​នៅ​ពេល​យើង​ចាញ់ ​យើងត្រូវ​ប្រឹង​ប្រែង និងខំបន្តនូវ​​សកម្មភាពទាំង​នោះ កុំ​ចុះ​ចាញ់ និង​កុំ​បោះ​វា​ឲ្យ​សោះ»។

ជាមួយ​គ្នា​នោះ Honda ក៏​បាននិយាយនៅ​​ពាក្យ​៣ឃ្លា​ជា​ភាសា​ខ្មែរ ដែល​គេ​ទើប​​រៀនចេះ​ផង​ដែរ។ Honda បាន​និយាយជាមួយសំឡេង​មិន​សូវច្បាស់​ថា៖​«​ពូ​មាន​ពាក្យ​៣​ឃ្លា​ប្រាប់​ដល់ក្មួយៗទាំងអស់​គ្នា​​គឺ​ទី​១ យើង​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​គ្រឿង​ញៀន ទី​២ យើង​ត្រូវ​​ចូល​រួម​​​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និងទី​៣ យើង​​​ត្រូវតែ​​លេង​កីឡា​»។

ការ​និយាយនៅ​សារ​៣ឃ្លា​នេះ គឺ​ស្រប​ទៅតាម​ការស្នើ​សុំ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចំពោះ Keisuke Honda នៅ​ពេល​លោក​បានអនុញ្ញាតឲ្យ​ Honda និងក្រុម​ការងារ​របស់​គេ ចូល​ជួប​សម្ដែង​ការ​គួរ​សម នៅ​វិមាន​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ម្សិល​មិញនោះ​ដែរ។

ដោយ​ក្នុង​ពេលនោះលោក​ ហ៊ុន សែន ​ស្នើ​សុំ​ឲ្យ Keisuke Honda  ចូល​រួម​ផ្សព្វ​ផ្សាយ​ទាក់​ទាញ​យុវជន​កម្ពុជា ឲ្យ​ចូល​រួម​ក្នុង​វិស័យ​កីឡា ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង និង​ចូលរួម​ទប់​ស្កាត់​គ្រឿង​ញៀន និង​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?