Ibrahimovic ជួយឲ្យ Man Utd រក្សាភាពខ្លាំងក្លា ខណៈ Giroud សង្គ្រោះ Arsenal

ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី១៧របស់គេនៃរដូវកាលនេះ ខណៈដែលលោក David Moyes អ្នកចាត់ការទូទៅរបស់ក្រុម Sunderland បានជួបភាពអាម៉ាស់ជាមួយនឹងការទទួលបរាជ័យ ៣-១ នៅថ្ងៃនៃការវិលត្រឡប់របស់លោកទៅកាន់ Manchester United កាលពីថ្ងៃចន្ទ។

ខ្សែការពារអន្តរជាតិហូឡង់ Daley Blind បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី៣៩នាកីឡដ្ឋាន Old Trafford ជាមួយនឹងគ្រាប់បាល់ក្នុងក្របខ័ណ្ឌ Premier League ជាលើកទី១របស់គេចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥។ គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតពីសំណាក់ Ibrahimovic ដែលជាគ្រាប់បាល់ទី៥០សម្រាប់ក្លិប និងប្រទេសរបស់គេក្នុងឆ្នាំ២០១៦ និងពីខ្សែបម្រើបម្រុង Henrikh Mkhitaryan ដែលបានរកគ្រាប់បាល់ចូលទីយ៉ាងល្អនោះ បានជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះយ៉ាងកក់ក្តៅតែម្តង។

ជ័យជម្នះនេះ ធ្វើឲ្យក្រុម Man United ដែលលេងដោយគ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Wayne Rooney នោះ បន្តកំណត់ត្រានៃការមិនស្គាល់ចាញ់របស់ពួកគេក្នុងរាល់យុទ្ធនាការទាំងអស់រហូតដល់ទៅ១១ប្រកួត បើទោះបីខ្សែប្រយុទ្ធ Fabio Borini បានវាយមកមួយគ្រាប់វិញសម្រាប់ក្រុមភ្ញៀវក៏ដោយ។ Man United នៅតែរក្សាការឈរក្នុងចំណាត់ថ្នាក់លេខ៦ដដែលនៅលើតារាងលីក ប៉ុន្តែ តាមស្មើពិន្ទុជាមួយនឹងក្រុមឈរលេខ៥ Tottenham Hotspur ដែលនឹងត្រូវប្រកួតជាមួយនឹងក្រុម Southampton នៅថ្ងៃពុធ ស្អែកនេះ។

ស្របពេលជាមួយគ្នានេះ គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតរបស់ខ្សែប្រយុទ្ធ Olivier Giroud ក្នុងការបង្ហាញខ្លួនក្នុងជម្រើសទាំង១១នាក់ដំបូងជាលើកទី១របស់គេក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ បានជួយឲ្យក្រុម Arsenal ទទួលបានជ័យជម្នះ ១-០ លើក្រុម West Bromwich Albion កាលពីថ្ងៃចន្ទ។ គ្រាប់បាល់តែតបញ្ចូលទីរបស់ Giroud នៅនាទី ទី៨៦បានជួយឲ្យក្រុម Arsenal វិលទៅរកជ័យជម្នះវិញ ក្រោយពីការរងបរាជ័យនៅលើទឹកដីក្រុម Everton និង Manchester City៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?