ក្រុមទ័ព ផ្តួលក្រុម UiTM របស់ម៉ាឡេស៊ី ៣-១ ដើម្បីបង្ហាញពីសក្តានុពល

ក្រុម​បាល់​ទាត់ក្រសួងការពារជាតិ(ទ័ព)របស់កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម University Technology Mara (UiTM) មក​ពី​ម៉ាឡេស៊ី ក្នុង​លទ្ធ​ផល ៣-១ ក្នុងការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅកីឡដ្ឋាន​ស្តាតចាស់ កាល​ពី​ល្ងាច​ថ្ងៃព្រហសប្បតិ៍ ម្សិល​មិញ ដើម្បីបង្ហាញ​ពី​សក្តា​នុពល​នៃ​ធនធាន​ដ៏​សម្បូរបែប​របស់ខ្លួន ត្រៀម​ការ​ប្រកួត​ក្របខ័ណ្ឌ​លីក​កំពូល​កម្ពុជា ឆ្នាំ​២០១៧ ដែល​នឹង​ចាប់​ផ្តើមនៅ​ក្នុង​ខែកុម្ភៈ។

defense1

នៅ​ក្នុង​ការ​ប្រកួត កាល​ពី​​ម្សិល​មិញ ក្រុម​ទ័ព ក្រោមការដឹកនាំ​ដោយ​គ្រូ​បង្គោល ទេព ឡុងរចនា បាន​ដាក់​កីឡាករ​របស់ខ្លួន​ស្ទើតែ​ទាំង​អស់ ឲ្យ​ចូល​លេង​នៅ​ក្នុងការប្រមិត្ត​ភាព​មួយ​នេះ ក្នុង​នោះ​ក៏មាន​កីឡាករ​មក​ពីកូរ៉េខាង​ជើង Choe Myong Ho, Kim Kyong Hun, Jang Song Hyok និង Ri Hyok Chol ដែល​ធ្លាប់លេង​ឲ្យ​ក្លិប​នេះ ក្នុងរដូវ​កាល ឆ្នាំ​២០១៦​ផងដែរ រួម​ជាមួយ​កីឡាករ​ចំណូលថ្មីមក​ពី​ប្រទេសប្រេស៊ីល Leandro Duarte De Lima។

defense2

ប៉ុន្តែ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់របស់ក្រុមទ័ព កាល​ពី​ម្សិលមិញ​នោះ គឺ​គ្មាន​វត្ត​មាន​កីឡាករ​កូន​កាត់​ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដែល​លោក ទេព ឡុងរចនា បាន​អះអាងមុនការ​ប្រកួត នឹង​ដាក់​ឲ្យ ធារី ចូល​លេងមើល​ជើងរបស់​គេ ដើម្បី​សម្រេច​ថា ត្រូវ​ចុះ​កុងត្រា​ជាមួយ​ ធារី ​ឲ្យ​​លេង​នៅ​ក្នុងក្រុម​ទ័ព នោះ​ទេ។

defense3

​យ៉ាង​ណា​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​មក​ពី​កូរ៉េខាងជើង Jang Song Hyok និង Choe Myong Ho សុទ្ធតែ​រកបាន​ម្នាក់១​គ្រាប់ រីឯ​ខ្សែ​ការពារ​ជា​ប្រធាន​ក្រុម ខែក ខេមរិន្ទ ក៏​រកបាន​១​គ្រាប់​ផង​ដែរ ខណៈ​ក្រុម UiTM ក៏រក​បាន​១​គ្រាប់​វិញ ដើម្បី​បញ្ចប់ការ​ប្រកួត ក្នុង​លទ្ធផលក្រុមទ័ព ឈ្នះ ៣-១។

defense4

តាម​រយៈ​លទ្ធផល​នេះ បាន​ធ្វើ​ឲ្យការ​ប្រកួត​មិត្ត​ភាព​ចំនួន​៤​លើក​​នៅ​លើ​ទឹក​ដី​កម្ពុជា​របស់​ក្រុម UiTM បាន​បញ្ចប់​ជាមួយការ​ឈ្នះ​២ និងចាញ់​២​ដង ព្រោះ​មុន​ចាញ់​ក្រុម​ទ័ព កាល​ពី​ម្សិល​មិញ​នេះ ក្រុម UiTM បាន​ចាញ់ក្រុម​វេស្ទើន​ភ្នំពេញ ២-០ តែក្រុមមក​ពី​ម៉ាឡេស៊ី មួយនេះ​បាន​ឈ្នះក្រុម​ខេមបូឌាន​ថាយហ្គឺរ ២-១ និង​ឈ្នះ​ក្រុម​ភ្នំពេញក្រោន ២-១៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?