Oscar ទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ខណៈរូបគេទៅដល់ Shanghai

តារាឆ្នើមអន្តរជាតិប្រេស៊ីល Oscar ត្រូវបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលដែលរូបគេបានទៅដល់ទីក្រុងស៊ាងហៃ កាលពីថ្ងៃចន្ទ ដើម្បីបំពេញការផ្ទេរពីក្លិប Chelsea ក្នុងតម្លៃខ្លួន៦០លានអឺរ៉ូ (ស្មើនឹង៧២,៨លានដុល្លារអាមេរិក) ពីក្លិប Chelsea ដើម្បីបំបែកកំណត់ត្រានៃការផ្ទេរក្នុងតំបន់អាស៊ី។ អ្នកគាំទ្រជាច្រើនកុះកររបស់ក្លិប Shanghai SIPG បានប្រមូលផ្តុំគ្នាដើម្បីទៅស្វាគមន៍ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះ នៅឯអាកាសយានដ្ឋាន Pudong ក្នុងទីក្រុងស៊ាងហៃ។

ការចូលរួមរបស់ Oscar ក្នុងក្របខ័ណ្ឌរបស់ចិន Super League (CSL) បានកើតឡើង នៅមុនពេលអតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United គឺ Carlos Tevez របស់អាហ្សង់ទីន បានចុះហត្ថលេខាជាមួយនឹងក្លិប Shanghai Shenhua ក្នុងការផ្ទេរមួយដែលផ្តល់នូវប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់មួយផ្សេងទៀត កាលពីសប្តាហ៍មុន។

តម្លៃខ្លួននៃការផ្ទេររបស់ Tevez គឺមានចំនួន១០,៥លានអឺរ៉ូ បើយោងទៅតាមគេហទំព័រ transfermarkt.com ដែលតាមដានទៅលើការផ្ទេរក្នុងកីឡាបាល់ទាត់ ហើយខ្សែប្រយុទ្ធវ័យ៣២រូបនេះត្រូវបានគេរំពឹងទុកថា នឹងក្លាយជាកីឡាករទទួលបានចំណូលខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំរបស់គេ ខណៈដែលរូបគេនឹងទទួលបាន៣៨លានអឺរ៉ូ ក្នុងមួយរដូវកាល។

កិច្ចសន្យាផ្ទេររបស់ Oscar ជាមួយនឹងក្លិប Shanghai SIPG ត្រូវបានគេរំពឹងទុកថា នឹងមានចំនួន២៤លានអឺរ៉ូ ក្នុងមួយរដូវកាល ដែលនឹងធ្វើឲ្យគេទទួលបានចំណូលច្រើនជាង Cristiano Ronaldo និង Lionel Messi ទៅទៀត៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?