ប្លែកមែន! រក​ឃើញ​ក្រញាំ​ដៃ​ មាន​ម្រាម​៣ និង​លលាដ៍​ក្បាល ដូច​ពួក Alien

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម បាន​អះអាង​ថា ពួក​គេ​បាន​រក​ឃើញ ក្រញាំ​ដៃ​ដ៏​ចម្លែក​មួយ នៅ​ក្នុង​រូង​ភ្នំ ក្បែរ​ទីក្រុង Cusco នៃ​ប្រទេស​ប៉េរូ។ ពួកគេ​ជឿជាក់​ថា ក្រញាំ​ដៃ​ដែល​មាន​ម្រាម​តែ​៣ និង​ប្រវែង​រហូត​ដល់​ទៅ ២០​សង់ទីម៉ែត្រ​នោះ អាច​ជា​កម្មសិទ្ធិ​របស់​មនុស្ស​ភព​ផ្សេង (Alien) ឬ មនុស្ស​បុរាណ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ស្រាវជ្រាវ​ខាង​លើ​នេះ បាន​បដិសេធ​មិន​ព្រម​ផ្ដល់​ទីកន្លែង​ជាក់លាក់ ដែល​រក​ឃើញ​ក្រញាំ​ដៃ​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ពួកគេ​អះអាង​ថា បាន​រក​ឃើញ​លលាដ៍​ក្បាល​ដ៏​ចម្លែក ដែល​ដូច​ពួក Alien យ៉ាង​ខ្លាំង នៅ​ក្បែរ​ទីតាំង​ដែល​រក​ឃើញ​ក្រញាំ​ដៃ​ខាងលើ ទៀត​ផង។

យ៉ាង​ណា​មិញ ការ​អះអាង​ទាំង​អស់​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់ និង​ផ្ទៀងផ្ទាត់ ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ ឬ​ស្រាវជ្រាវ​ណា​មួយ​ឡើយ។

លោក Brien Foerster ជា​អ្នក​ស្រាវជ្រាវ (Paranormal Researcher) មួយ​រូប នៅ​ក្នុង​ប្រទេស​បេរ៉ូ ត្រូវ​ក្រុម​ស្រាវជ្រាវ​ខាងលើ ប្រគល់​ក្រញាំ​ដៃ និង​លលាដ៍​ក្បាល​ទាំង​នោះ​ឲ្យ​លោក។ លោក Brien បាន​យក​វា​ទៅ​ឲ្យ​ក្រុម​អ្នក​ជំនាញ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ ដោយ​បាន​រក​ឃើញ​ថា ក្រញាំ​ដៃ​នោះ​មាន​ឆ្អឹង​ចំនួន​៦ នៅ​ក្នុង​ម្រាមដៃ​និមួយៗ ខណៈ​មនុស្ស​ធម្មតា​មាន​តែ ៥ ប៉ុណ្ណោះ។

ជា​មួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ជំនាញ​ខាងលើ បាន​ធ្វើ​ការ​សន្និដ្ឋាន ក្រោយ​ត្រួត​ពិនិត្យ​ដោយ​ប្រើប្រាស់​កាំរស្មីអ៊ិច ថា ក្រញាំ​ដៃ និង​លលាដ៍​ក្បាល​នោះ គឺ​ជា​ឆ្អឹង​ពិត​ប្រាកដ ហើយ​មាន​ផ្ទុក​ជាលិកា​ស្បែក ទៀត​ផង។ ក្រុម​នេះ​គ្រោង​នឹង​ធ្វើ​តេស្ត DNA ទៅ​លើ​ឆ្អឹង​ចម្លែក​ទាំង​នោះ នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៧​នេះ​តែ​ម្តង៕

Credit: Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?