មកវិញហើយ! ទីបំផុតក្រុមហ៊ុន Nokia លេចមុខ​ឡើងវិញ​ តាមរយៈ​ម៉ូដែលថ្មី​គឺ Nokia 6

(ហ្វាំងឡង់)៖ ក្រុមហ៊ុន HMD ដែលគ្រប់គ្រងលើស្លាកសញ្ញា Nokia ដែលធ្លាប់ល្បីល្បាញរាប់ទសវត្សរ៍​នៅលើសកលលោក និងបានបាត់មុខលើទីផ្សារអស់​ជាច្រើនឆ្នាំមក​ហើយនោះ ទីបំផុតបានបញ្ចេញនូវ​ទូរស័ព្ទដៃដើរដោយប្រព័ន្ធ Android ផ្តាច់មុខជាលើកដំបូង មានឈ្មោះថា Nokia 6។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

យោងតាមសេចក្តី​ប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន​ខាងលើ ទូរស័ព្ទដែលនឹងចេញលក់នៅដើមឆ្នាំ២០១៧ នេះគឺមានគោលដៅឆ្ពោះទីកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារ​ស្មាតហ្វូន​ធំជាងគេបំផុត​នៅលើពិភពលោក ហើយសម្រាប់ទូរស័ព្ទដែលចាត់ទុក​ជាម៉ូដែលថ្មី​ប្រកបដោយការរចនាទាក់ទាញ និងមានបំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយនេះ នឹងដាក់លក់ក្នុង​តម្លៃ​ដ៏​ប្រកួតប្រជែងបំផុត គឺ ១,៦៩៩យ័ន ឬស្មើនឹង ២៤៥ដុល្លារសហរដ្ឋអាមេរិក។

លោក Arto Nummela នាយកប្រតិបត្តិនៃក្រុមហ៊ុន HMD Global បាននិយាយថា «យើងព្យាយាមជំរុញ​ល្បឿនទៅមុខ ដើម្បីបង្កើតនូវតួនាទីស្នូលមួយនៃម៉ាកសញ្ញា​ស្មាតហ្វូន»។ ក្រុមហ៊ុន HMD មានមូលដ្ឋាននៅ​ទីក្រុង Espoo ប្រទេសហ្វាំងឡង់ ដែលបានទទួលសិទ្ធិគ្រប់គ្រងលើស្លាកសញ្ញា Nokia រយៈពេល ១០ឆ្នាំ​ក្រោយពីស្លាក​សញ្ញា​ដែលធ្លាប់មានឥទ្ធិពលលើលោកនេះ បានដាច់ចេញពីក្រុមហ៊ុន Microsoft។

គួរបញ្ជាក់ថាលក្ខណៈពិសេសមួយចំនួន នៃ Nokia 6 គឺវាមានបំពាក់បន្ទះឈីប Qualcomm Snapdragon 430 ដែលមាន processor X6 LTE, Ram 4GB, មេម៉ូរីក្នុងម៉ាស៊ីន 64GB, អេក្រង់ 5.5អ៊ីញ (2.5D + FHD), ថាមពលថ្ម 3,000mAh, កាមេរ៉ាធំ 16MP និងដំណើរការដោយ​ប្រព័ន្ធ Android ជំនាន់ចុងក្រោយបំផុត Nougat។ ក្រុមហ៊ុនរំពឹងថា Nokia 6 នឹងអាចស្តារមុខមាត់​របស់ខ្លួនឡើងវិញ ខណៈដែលវាបានចាប់ផ្តើមខាតបង់នៅចុងទសវត្សរ៍ឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន៕

ប្រភព៖ FN

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?