លោក អូបាម៉ា ប្រាប់លោក ដូណាល់ ត្រាំ៖ «កុំព្យាយាមប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងមុខជំនួញគ្រួសាររបស់ខ្លួន ទៅដឹកនាំប្រទេស»

(​វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា លោកបានឱ្យយោបល់អ្នកបន្តវេនពីលោក គឺលោក ដូណាល់ ត្រាំ ថាកុំព្យាយាមប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងមុខជំនួញគ្រួសាររបស់ខ្លួន ទៅដឹកនាំសេតវិមាន ហើយត្រូវតែគោរពឱ្យបានរាល់ស្ថាប័នទាំងឡាយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយដោយសារព័ត៌មាន BBC​ នៅថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ ABC News លោក បារ៉ាក់ អូបាម៉ា បាននិយាយថា «បន្ទាប់ពីអ្នក (លោកត្រាំ) ចូលស្បថកាន់តំណែងជាផ្លូវការ អ្នកនឹងត្រូវទទួលបន្ទុកដ៏ធ្ងន់ ក្នុងការដឹកនាំប្រទេសមួយ ដែលជាមហាអំណាចផុតលេខ នៅលើភពផែនដី (…) ដូច្នេះ អ្នកកុំព្យាយាមប្រើប្រាស់ វិធីសាស្ត្រគ្រប់គ្រងមុខជំនួញគ្រួសាររបស់ខ្លួន ទៅដឹកនាំសេតវិមាន ហើយការដឹកនាំរដ្ឋាភិបាល ក៏មិនមែនងាយស្រួលដូចជា ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះដែរ ខណៈបណ្ដាអ្នកមូលធន ទីផ្សារហិរញ្ញវត្ថុ រួមទាំងមនុស្ស នៅទូទាំងពិភពលោក បានយកចិត្តទុកដាក់ និងខ្វាយខ្វល់ជាខ្លំាងចំពោះអ្វីដែលអ្នក (លោក ត្រាំ) បាននិយាយឬសន្យា»

សូមជំរាបថា លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលថ្មីរបស់លោក ត្រាំ នឹងចូលស្បថកាន់តំណែងផ្លូវការនៅថ្ងៃទី២០ ខែមករាខាងមុខនេះ៕

ប្រភព៖ FN

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?