យប់នេះ FIFA នឹងបោះឆ្នោតបន្ថែមក្រុមពី ៣២ ទៅ ៤៨ក្រុមលេងក្នុង World Cup ចាប់ពីឆ្នាំ២០២៦

(ស្វីស)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA នឹងធ្វើការបោះឆ្នោតរាត្រីនេះ នៅក្នុងទីក្រុង Zurich ប្រទេសស្វីស ដើម្បីបន្ថែមក្រុមពី ៣២ ឡើងទៅ ៤៨ក្រុមលេងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ចាប់ពីឆ្នាំ២០២៦ តទៅ។

ការបន្ថែមក្រុម ក៏ដូចជាផ្តល់ឱកាសសម្រាប់ក្រុមដទៃមានសិទ្ធិលេងក្នុងយុទ្ធនាការដ៏មហាអស្ចារ្យមានរយៈពេល ៤ឆ្នាំម្តងខាងលើនេះ គឹស្របទៅតាមការសន្យារបស់លោក Gianni Infantino ដែលបានសន្យាមុនជាប់ជាប្រធាន FIFA ថ្មីជំនួសកៅអីលោក Sepp Blatter កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ដោយបានថ្លែងប្រាប់សារព័ត៌មាន BBC របស់អង់គ្លេសថា «FIFA កំពុងពិចារណា ក៏ដូចជាត្រៀមបោះឆ្នោតបន្ថែម ១៦ក្រុមទៀតទៅក្នុងរូបបន្តចាស់ ៣២ក្រុម ដើម្បីបាន ៤៨ក្រុម ស្មើនឹង៨០ប្រកួត សម្រាប់ World Cup 2026 តទៅ»។

ប្រធាន FIFA ថ្មីដែលមានសញ្ជាតិ២ អ៊ីតាលី និងស្វីសរូបនេះបានពន្យល់ថា ការបន្ថែម ១៦ក្រុមនេះ គឺចែកចេញជា ៤ពូល ដោយក្នុង ១ពូល មាន ៤ក្រុមដូចគ្នាស្របទៅតាមរូបមន្តចាស់ តែត្រូវធ្វើការប្រកួតសន្សំពិន្ទុក្នុងពូល ដោយជ្រើសរើសយកតែ ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ដើម្បីឡើងទៅវគ្គចែកពូល ៣២ក្រុមចុងក្រោយជាបន្តទៀត។

ទន្ទឹមគ្នានោះដែរ ក្រុមស្រាវជ្រាវទីផ្សាររបស់ FIFA ក៏បានធ្វើការព្យាករណ៍ដែរថា ប្រាក់ចំណូលអាចនឹងកើនដល់ ៦.២៩ពាន់លានដុល្លារ គ្រាដែលលេងវគ្គ ៣២ក្រុម មានត្រឹមតែជាង ៤ពាន់លានដុល្លារប៉ុណ្ណោះ ជាមួយនឹងការប្រកួតរយៈពេល ១ខែពេញនៅអំឡុងខែមិថុនា រហូតដល់ខែកក្កដា។

សូមបញ្ជាក់ថា ប្រសិនបើការបោះឆ្នោតរាត្រីនេះទទួលបានជោគជ័យទៀត នោះមានន័យថា FIFA បានកែប្រែច្បាប់ថ្មី ដោយបន្ថែមក្រុមលេងក្នុង World Cup ៥សម័យកាលហើយ ពោលគឺចាប់តាំងពី World Cup ដំបូងត្រូវបានប្រកួតក្នុងឆ្នាំ១៩៣០ វគ្គ១៣ក្រុម និងបន្តបន្ទាប់លេងវគ្គ ១៦ក្រុម, វគ្គ ២៤ក្រុម និងចុងក្រោយ វគ្គ ៣២ក្រុមរហូតដល់បច្ចុប្បន្ននេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?