ការបំបែក​កំប៉ុង​ជើង​ធូប​ដើម្បី​សែន​ជូន​កុង​ម៉ាឲ្យត្រូវក្បួននិងពេលវេលា និងដើម្បីឲ្យមានហុងស៊ុយ និងរកស៊ីមានបាន

​តាម​ប្រពៃណី​របស់​ជនជាតិ​ចិន ឬ​អ្នក​ជាប់​សែស្រ​ឡាយ​ចិន​ ឱ្យ​តែ​ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់ គ្រួសារ​នីមួយៗ​តែង​ជួបជុំ​បង​ប្អូន សាច់ញាតិ ​រៀបចំ​ពិធី​សែន​ព្រេន ដល់​កុង​ម៉ា​ដែល​បាន​ចែក​ឋាន​ទៅ​ដើម្បី​សុំ​សេចក្ដី​សុខសួស្ដី។ ទំនៀម​ទម្លាប់​របស់​ដូនតា​ចិន ប្រសិន​បើ​សមាជិក​គ្រួសារ​ណា​ម្នាក់​ចង់​បំបែក​ជើង​ធូប ដើម្បី​រៀបចំ​សែន​ព្រេន​ជូន​កុង​ម៉ាដោយ​ខ្លួន​ឯង​នោះ​ ត្រូវ​ដឹង​ម៉ោង​តាម​ក្បួន​តម្រា​​ទើប​មាន​ហុងស៊ុយ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ លោកតា ស៊ុយ ទ្រី ជា​កូន​ចៅ​ចិន​ច្រើន​ជំនាន់​មក​ហើយ​។

លោកតា ស៊ុយ ទ្រី បាន​ប្រាប់​ថា បើ​សិន​ជា​កូន​ចៅ​ចង់​បំបែក​កំប៉ុង​ជើង​ធូប​យក​ទៅ​សែន​ផ្សេង​ ដាច់​ខាត​ត្រូវ​តែ​ធ្វើ​នៅ​ថ្ងៃ​ទី ២១ ​មុន​ចូល​ឆ្នាំ​ចិន​។ លោក​តា បន្ត​ទៀត​ថា អ្នក​ខ្លះ​ដឹង​មិន​ច្បាស់​គិត​ថា​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទើប​គេ​បំបែក​មិន​ត្រឹមត្រូវ​ទេ ហើយ​ខុស​ពី​ក្បួន​តម្រា​របស់​ដូនតា​ចិន​តែ​ម្ដង​។ នៅ​ក្នុង​ថ្ងៃ​បំបែក​ជើង​ធូប​នោះ លោកតា ស៊ុយ ទ្រី ប្រាប់​ទៀត​ថា មិន​ត្រូវ​បំបែក​ពេល​ថ្ងៃ​ត្រង់​ទេ គឺ​ត្រូវ​ធ្វើ​ពេល​ព្រឹក​ចន្លោះ​ពី​ម៉ោង ៨ ទៅ​ដល់​ម៉ោង ៩កន្លះ មិន​ឱ្យ​ដល់​​​ម៉ោង​១១ ឬ​ម៉ោង​១២​ទេ ព្រោះ​ថ្ងៃ​ត្រង់​ ចិន​គិត​ថាជា​ពេល​ដែល​​ខ្មោច​មិន​នៅ​។

លោកតា បាន​បន្ត​ទៀត​ថា ចំពោះ​សំណែន​ក្នុង​ពេល​បំបែក​កំប៉ុង​ជើង​ធូប​នោះ មិន​ចាំ​បាច់​ធ្វើ​ម្ហូប​សែន​ព្រេន​អ្វី​ទេ គឺ​ត្រូវ​ការ​តែ​ក្រូច​ឃ្វិច​មួយ​ចាន​តែ​ប៉ុណ្ណោះ។ បន្ទាប់​មក​កូន​ចៅ​ត្រូវ​អុច​ធូប​ប្រាប់​ដូន​តាថា “​ឥលូវ​នេះ​កូន​ចៅ​សុំ​ដូរ​កន្លែង​ កុង​ម៉ា​ទៅ​កន្លែង​ថ្មី​ហើយ សុំ​កុំ​ប្រកែ​ប្រកាន់​កូន​ចៅ​អី សុំ​ឱ្យ​មាន​សេចក្ដី​សុខ​សួស្ដី​”។ ហើយ​រឿង​ដែល​មិន​ត្រូវ​ធ្វេស​ប្រហែស​នោះ គឺ​ត្រូវ​ដក​ជើង​ធូប​ពី​កំប៉ុង​ចាស់​បី​សរសៃ យកទៅដោតកំប៉ុងជើងធូបថ្មី ​​ដើម្បី​ឱ្យ​មាន​ហុងស៊ុយ រក​ស៊ី​មាន​បាន​។

លោកតា​ក៏​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ក្បួន​តម្រា​ចិន​ត​ជំនាន់​រាប់ពាន់​ឆ្នាំ​មក​ហើយ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃ​ទី​មួយ​ពេល​ព្រឹក គឺ​ត្រូវ​ដក​ជើង​ធូប​ចាស់​ចេញ ទុក​តែ​ពីរ​បី​សរសៃ​បាន​ហើយ​។ ​តាម​ក្បួន​ចិន​សែ គេ​គិត​ថា​ធ្វើ​បែប​នេះ​គឺ​មានន័យ​ថា ឱ្យ​រឿង​មិន​ល្អ​ទាំង​ឡាយ​ទៅ​តាម​ជើង​ធូប​ឆ្នាំ​ចាស់​ឱ្យ​អស់ ហើយ​នឹង​នាំ​មក​នូវ​លាភ​សំណាង​តាម​ជើង​ធូប​ក្នុង​ឆ្នាំ​ថ្មី​វិញ​៕​​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?