ត្រូវចាំ! ពេលដុតក្រដាសសែន ចូលឆ្នាំចិន ត្រូវកំណត់ម៉ោងឲ្យច្បាស់ ព្រោះបើយឺត ​កុងម៉ាមិនអាចទទួលបានទេ

(​យល់ដឹង)៖ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​បន្ទាប់​ពី​សែន​បាយ​ទឹក នំ​ចំណី បង្អែម​ចង្អាប​រួច​ហើយ​ អ្នក​ជាប់​សែ​ស្រឡាយ​ចិន​​តែង​ដុត​ក្រដាស​សែន ឧទ្ទិស​ដល់​កុង​ម៉ា មាន​លុយ​មាស​ប្រាក់​ កែវ​កង ផ្ទះ​ឡាន​ជាដើម​។

លោកតា ​ស៊ុយ ទ្រី ដែល​ជា​កូន​ចៅ​ចិន​ដឹង​ច្បាស់​ទំនៀម​ទម្លាប់​នេះ​បាន​និយាយ​ថា អ្នក​ខ្លះ​ដឹង​មិន​ច្បាស់​ពី​ពេល​វេលា​ត្រូវ​ដុត​ក្រដាស​សែន​នេះ ចេះ​តែ​ដុត​ផ្ដេសផ្ដាស​តាម​ការ​យល់​ឃើញ អ្នក​ខ្លះ​ក៏​ដុត​មុន​ម៉ោង អ្នក​ខ្លះ​ក៏​ដុត​ក្រោយ​ម៉ោង។ ដូចនេះ​បើ​ដុត​ខុស​ម៉ោង​ខ្មោច​កុង​ម៉ា​មិន​ទទួល​ទេ​។

លោកតា ស៊ុយ ទ្រី ប្រាប់​ថា តាម​ក្បួន​តម្រា​របស់​ជន​ជាតិ​ចិន គេ​មិន​ឱ្យ​ដុត​ក្រដាស​សែន​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ឬលើសម៉ោង១២ដាច់​ខាត​។ លោក​តា​បន្ត​ថា ប្រសិន​បើ​គ្រួសារ​ណា​ដែល​ដុត​ត្រឹម​ម៉ោង​១២ ឬ​លើស​ម៉ោង​១២​ថ្ងៃ​ត្រង់​ស្មើ​ពុំ​បាន​សែន​ព្រេន​ដូច្នោះ​ដែរ​។ តាម​ទំនៀមទម្លាប់​ប្រពៃណី​ចិន ម៉ោង​ដែល​ត្រូវ​ដុត​ក្រដាស​សែន គឺ​ចាប់​ពី​ចន្លោះ​ម៉ោង ១០​ព្រឹក​រហូត​ដល់​ម៉ោង​ ១១​កន្លះ​ ដាច់​ខាត​កុំ​ឱ្យ​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់ ព្រោះ​ចិន​មាន​ជំនឿ​ថា ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ​ខ្មោច​មិន​នៅ​ទេ ហើយ​ក៏​ជា​ពេល​​ដែល​ខ្មោច​កុង​ម៉ា​មិន​អាច​ទទួល​បាន​សំណែន​ទាំង​អស់​នោះ​ដែរ​។

លោកតា ស៊ុយ ទ្រី ជា​កូន​ចៅ​ចិន​ច្រើន​ជំនាន់​មក​ហើយ​បាន​បន្ត​ទៀត​ថា ​រឿង​ដុត​ក្រដាស​សែន​នេះ​ជា​ពេល​សំខាន់​ជាង​គេ​ក្នុង​ពិធី​សែន​ព្រេន​ដល់​កុង​ម៉ា ប៉ុន្តែ​អ្នក​ខ្លះ​ពុំ​ចាប់​អារម្មណ៍​ឡើយ គិត​ថា​ពេល​អុច​ធូប​ឧទ្ទិស​កំឡុង​ពេល​សែន​ទើប​ជា​រឿង​សំខាន់​។ លោកតា​និយាយ​ ពេល​សែន​ព្រេន​នេះ​ជា​រឿង​សំខាន់​ហើយ​ពេល​ចូល​ឆ្នាំ​ចិន ​តែ​ពេល​ដុត​ក្រដាស​សែន​ដើម្បី​បញ្ចប់​ការ​សែន​ព្រេន​នេះ​ កាន់​តែ​សំខាន់​មិន​ត្រូវ​ធ្វេស​ប្រហែស​។ ដូចនេះ​បន្ទាប់​ពី​សែន​ព្រេន​ហើយ​កាល​ណា​សុំ​ប្រញាប់​ដុត​ក្រដាស​សែន​កុំ​ដំអក់​ ឬ​ចាំ​រហូត​ដល់​ម៉ោង​ថ្ងៃ​ត្រង់​។

លោក​ក៏​បញ្ជាក់​ផង​ទៀត​ថា កំឡុង​ពេល​ដុត​ក្រដាស​សែន​នោះ ដាច់​ខាត​ហាម​កូន​ចៅ​កុំ​ឱ្យ​ទាស់​សម្ដី​គ្នា តឹង​សរសៃ​ក​ដាក់​គ្នា បើ​មិន​ដូច្នោះ​ខ្មោច​កុង​ម៉ា នឹង​មិន​ទទួល​សំណែន​ទាំង​នោះ​ឡើយ ហើយ​អាច​នាំ​រឿង​ស៊យ​ដល់​គ្រួសារ​ទៀត​ផង​៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?