ភពព្រះអង្គារ​រាប់ពាន់​ឆ្នាំមុន ធ្លាប់​មាន​ជីវិត? ពេលនេះ​ ក្រុម​​អ្នក​វិទ្យាសាស្ត្រ កំពុង​ព្យាយាម​​ស្រាយមន្ទិល ទាំង​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់! | BayKdang ភពព្រះអង្គារ​រាប់ពាន់​ឆ្នាំមុន ធ្លាប់​មាន​ជីវិត? ពេលនេះ​ ក្រុម​​អ្នក​វិទ្យាសាស្ត្រ កំពុង​ព្យាយាម​​ស្រាយមន្ទិល ទាំង​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់! | BayKdang

ភពព្រះអង្គារ​រាប់ពាន់​ឆ្នាំមុន ធ្លាប់​មាន​ជីវិត? ពេលនេះ​ ក្រុម​​អ្នក​វិទ្យាសាស្ត្រ កំពុង​ព្យាយាម​​ស្រាយមន្ទិល ទាំង​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់!

(បរទេស)៖ ក្នុងករណីដែលអ្នកទាំងអស់គ្នាមានការងឿងឆ្ងល់ វាពុំមានភស្តុតាងអ្វីទាំងអស់ ដែលបង្ហាញថា ភពអង្គារ (Mars) ធ្លាប់ជាជម្រកនៃអរិយធម៌មនុស្សក្រៅភព (អេលៀន) កាលពីរាប់ពាន់ឆ្នាំមុននោះឡើយ ហើយទោះជាបែបនេះក្តី អ្នកតំណាងរាស្រ្តរដ្ឋកាលីហ្វរញ៉ា លោក Dana Rohrabacher បានចោទសួរទៅកាន់ក្រុមអ្នកវិទ្យាសាស្រ្ត ឲ្យធ្វើការប៉ាន់ស្មានអំពីលទ្ធភាពនៃរឿងនេះ។ នេះបើតាមការចេញផ្សាយដោយ វែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

ការចោទសួរខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពី លោក Ken Farley អ្នកវិទ្យាសាស្រ្តនៃគម្រោងសម្រាប់បេសកកម្ម Mars Rover ឆ្នាំ២០២០ របស់ទីភ្នាក់ងារអវកាស NASA បានថ្លែងគូសបញ្ជាក់ក្នុងឱកាសនៃការផ្តល់សក្ខីកម្ម នៅក្នុងសភាអាមេរិកថា ភពក្រហមនេះ ធ្លាប់មានបឹងបួរ និងទន្លេជាច្រើនខ្សែ ហើយប្រហែលជាធ្លាប់មហាសាគរដ៏ធំមួយ នៅភាគខាងជើងថែមទៀតផង រហូតដល់ ៣.៦ពាន់លានឆ្នាំមុន។ ដូច្នេះហើយ លោក Farley ផ្ទាល់ត្រូវផ្តល់ចម្លើយបកស្រាយទៅវិញ ចំពោះសំណួរថា តើភពព្រះអង្គារធ្លាប់ជាជម្រករបស់មនុស្សក្រៅភពដែរ ឬយ៉ាងណានោះ។

លោក Farley បាននិយាយថា «ភស្តុតាងដែលយើងមាននោះគឺថា ភពអង្គារមានការខុសប្លែកកាលពីរាប់ពាន់លានឆ្នាំមុន មិនមែនរាប់ពាន់ឆ្នាំមុននោះឡើយ»។ លោក Rohrabacher បានសួរកាត់ថា «តើអ្នកបដិសេធលទ្ធភាពនេះចោលទាំងស្រុងទេ» ហើយ លោក Farley បានឆ្លើយតបទៅវិញថា «ខ្ញុំសូមនិយាយថា វាទំនងពិតជាមិនអាចទៅរួចនោះទេ»។

គួរបញ្ជាក់ថា ផ្កាយរណប (Orbiter), យានចុះចត (Lander), និងយានរ៉ូវើ (Rover) ជាច្រើនគ្រឿងរបស់អង្គការ NASA បានធ្វើការស្រាវជ្រាវរុករកនៅលើភពអង្គារអស់រយៈពេលរាប់ទសវត្សរ៍ ហើយពុំមានយានណាមួយ បានប្រទះឃើញភស្តុតាង ដែលអាចបង្ហាញថា សរីរាង្គឆ្លាតវ័យធ្លាប់មានវត្តមាននៅទីនោះឡើយ។ ក៏ប៉ុន្តែវាពុំមែនមានន័យទាំងស្រុងថា ភពក្រហមមួយនេះ មិនដែលធ្លាប់បានទ្រទ្រង់ជីវិតនៅក្នុងទម្រង់ដទៃទៀតនោះទេ។

តួយ៉ាងយាន Rover 2020 របស់ NASA នឹងធ្វើការស្វែងរកភស្តុតាងនៃជីវិតមីក្រូសារីរាង្គ (ដូចជាពពួកបាតេរីជាដើម) ដែលនៅសេសសល់ពីអតីតកាល នៅពេលដែលវាធ្វើដំណើរទៅដល់ភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ ហើយរ៉ូបូតកង់០៦នេះ ដែលផ្អែកខ្លាំងទៅលើការរចនារបស់យាន Rover Curiosity ដែលកំពុងបំពេញប្រតិបត្តិការនៅលើភពក្រហមនេះនោះ ក៏នឹងធ្វើការប្រមូលយកក៏ដូចជាស្តុកទុកគំរូតាងផ្សេងៗ សម្រាប់ការវិលត្រឡប់មកកាន់ភពផែនដី ដែលនឹងអាចកើតឡើងផងដែរ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77