អគារខុនដូខ្ពស់កប់ពពក «ឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងទីក្រុងឌូបៃ» ខណៈមិនទាន់ដឹងថា មានមនុស្សស្លាប់ និងរបួសឬអត់!

(ឌូបៃ)៖ អាគារលំនៅឋានខ្ពស់កប់ពពក​ជាប់ចំណាប់​ថ្នាក់ទី ០៥ នៅលើ​ពិភពលោក ត្រូវបានអគ្គិភ័យ​ឆាបឆេះ​នៅក្នុងទីក្រុង​ឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម​នៅព្រឹកថ្ងៃសុក្រនេះ ក៏ប៉ុន្តែភ្លាមៗ ពុំទាន់មាន​សេចក្ដីរាយការណ៍​ ពីជនរងគ្រោះ​នៅឡើយ​ទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧។

អ្នកសារព័ត៌មាន​ម្នាក់ លោក John O’Nolan បានសរសេរ​នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គមថា អគ្គិភ័យដ៏​សម្បើមមួយ កំពុងឆាបឆេះ​អាគារខ្ពស់​កប់ពពក នៅចំពោះមុខ​យើងក្នុង​សង្កាត់ ឌូបៃ ម៉ារីណា (Dubai Marina) នៃទីក្រុងឌូបៃ។​ ដោយឡែក​បើតាម​ក្រុមពន្លត់​អគ្គីភ័យ អគ្គីភ័យ​បានឆាបឆេះ​ខ្លាំង​នៅតាមជាន់ជាច្រើន នៃអាគារឈ្មោះថា Marina Torch ឬ Torch Tower ដែលមានកម្ពស់ ១,១០៥ Feet ឬក៏ ៣៣៦.៨ ម៉ែត្រ ចំណែកឯសាក្សី​ជាច្រើននាក់ បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនង​សង្គមថា អគ្គិភ័យនេះគឺមិនអាចគ្រប់គ្រង​បានឡើយ ខណៈ​ក្រុមពន្លត់​អគ្គិភ័យ​កំពុងប្រយុទ្ធ​នឹងអណ្ដាតភ្លើង។

គួរបញ្ជាក់ថា អគារ Marina Torch ក៏ធ្លាប់ត្រូវបានភ្លើងឆេះ​កាលពីថ្ងៃខែកុម្ភៈ ឆ្នាំ២០១៥ ផងដែរ ប៉ុន្តែត្រូវបាន​គេពន្លត់ទាន់។ ហេតុការណ៍នេះបានកើតមានឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការឆាបឆេះអគារខុនដូកម្ពស់ ២៤ជាន់ នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ដែលបានសម្លាប់មនុស្សរហូតដល់ជិត ៨០នាក់ ឯណោះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?