ស្នាដៃធំៗទាំង ០៥ ជាប្រវត្តិសាស្ត្រ ដែលយានអវកាស Voyagers របស់ NASA សម្រេចបានក្នុងពេល ៤០ឆ្នាំមកនេះ!

(បរទេស)៖ ដោយ​ត្រូវបានទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាញ់បង្ហោះ​ក្នុងឆ្នាំ១៩៧៧ យានអវកាស Voyager-1 នឹងឈានចូលដល់​ខួប ៤០ឆ្នាំរបស់ខ្លួន នៅ​ទីអវកាស​នាថ្ងៃអង្គារ​សប្តាហ៍នេះ ខណៈយានអវកាស​ភ្លោះរបស់វា គឺ Voyager-2 ទើបតែទទួល​បានការអបអរ​គម្រប់ខួបដូចគ្នានេះ កាលពីថ្ងៃទី២០ ខែ​សីហា​កន្លងទៅ។

ខាងក្រោមគឺជា​រំបកគំហើញខ្លះៗ ក្នុងចំណោមការរកឃើញ​ដ៏អស្ចារ្យជាច្រើន ដែលត្រូវបានធ្វើ​ឡើងដោយានអវកាស​ភ្លោះទាំងពីរ ក្នុងអំឡុងពេល ​០៤​ទសវត្សរ៍ កន្លងមកនេះ៖

១៖ ភ្នំភ្លើងនៅក្រៅ​ពីភពផែនដី៖ យានអវកាស Voyager-1 បានហោះនៅចម្ងាយ ២៧៧,៤០០គីឡូម៉ែត្រ ពីភពព្រហស្បតិ៍ (Jupiter) កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ​១៩៧៩ ខណៈ Voyager-2 បានស្ថិតនៅ​ចម្ងាយ ៦៥០,១៨០គីឡូម៉ែត្រពីភពនេះ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ១៩៧៩។ យានបងប្អូនទាំង​ពីរគ្រឿងនេះ ក៏បានថត​យក​រូបភាព ដែលស្តែងឲ្យឃើញពី​បន្ទុះនៃភ្នំភ្លើង នៅលើផ្ទៃរបស់ Io ដែលជាព្រះច័ន្ទមួយ​របស់ភពព្រហស្បតិ៍។ នាពេលនោះ វាគឺជាលើកទីមួយហើយ ដែល​ភ្នំភ្លើងសកម្ម ត្រូវបានអង្កេត​មើលឃើញ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ ក្រៅពីភព​របស់យើង។ NASA បានឲ្យដឹងថា Io គឺជាវត្ថុ​អវកាស ដែលមានភ្នំភ្លើង​ច្រើន​ជាង​គេបំផុតនៅ​ក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយភ្នំភ្លើង​សកម្មរាប់រាយ នៅលើផ្ទៃរបស់វា។

២៖ មហាសមុទ្រដែល​កប់នៅក្រោមផ្ទៃ​ស្រទាប់ខាងលើ៖ យានអវកាសភ្លោះ Voyager-1-2 ថតបានរូបភាព​នៃ Europa ដែលជាព្រះច័ន្ទមួយ​ផ្សេងទៀត​របស់ Jupiter។ រូបភាពទាំងនោះ បានបង្ហាញពីស្នាមប្រះ​នៅលើផ្ទៃខាងលើរបស់វា ដែលពោពេញទៅដោយ​សារធាតុម៉្យាង​ ប្រៀបដូចជា​ទឹកកក។ នេះគឺជាតំរុយ​លើក​ដំបូងបំផុត សម្រាប់អ្នកវិទ្យាសាស្រ្ត ស្តីពីវត្តមានទឹក​ស្ថិតក្រោមផ្ទៃ​របស់ព្រះច័ន្ទ Europa។

៣៖ កំសួលទឹកផុស៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៨៩ យានអវកាស Voyager-2 បានថតយក​រូបភាពទីមួយ របស់ព្រះច័ន្ទដ៏ធំជាងគេ​បំផុតរបស់​ភពណិបទូន (Neptune) គឺ Triton។ រូបភាព​ទាំងនោះ បានបង្ហាញឲ្យឃើញពី​សកម្មភាពម៉្យាង ដូចជាកំសួល​ទឹកផុស ដែលបាញ់ចេញ​ឧស្ម័នអាសូត (Nitrogen) និងភាគល្អិត​​​ធូលីតូចៗ ឆ្ពោះឡើងទៅកាន់បរិយាកាស​របស់ Triton រាប់គីឡូម៉ែត្រ។ ដោយឡែក ក្រុមអ្នក​វិទ្យាសាស្រ្ត​បានអះអាងថា ព្រះច័ន្ទ Triton គឺដូចទៅនឹងភពមិន​ពេញលក្ខណៈ (Dwaft Planet) ភ្លុយតូ (Pluto) អ៊ីចឹង ដោយវាទំនងជាពុំមាន​ប្រភពដើមនៅក្នុងប្រព័ន្ធ​ព្រះអាទិត្យរបស់យើងឡើយ ហើយត្រូវបាន​ស្ទាក់យក​នៅក្នុង​គន្លងរបស់ Neptune។

៤៖ បរិយាកាស​ស្រដៀងនឹង​ភពផែនដី៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៨០ យានអវកាស Voyager-1 បានហោះកាត់​ភពសៅរ៍ (Saturn) និងកត់ត្រាទុកទិន្ន​ន័យ​ភពនេះ រួមទាំងព្រះច័ន្ទ​ជាច្រើនទៀត​របស់វា។ នាអំឡុង​ពេលនោះ Voyager-1 បានរកឃើញថា ព្រះច័ន្ទមួយ​ក្នុងចំណោមនោះ ឈ្មោះថា Titan មាន​ផ្ទុក​បរិយាកាស​ដ៏ក្រាស់ ដែលផ្សំឡើង​ភាគច្រើនដោយឧស្ម័ន​អាសូត ដូចទៅនឹងបរិយាកាស​របស់ផែនដី​អ៊ីចឹង ក៏ប៉ុន្តែសម្ពាធលើផ្ទៃដី​របស់វា មានកម្លាំងខ្លាំងជាង​ភព​របស់យើង ១.៦ដង។ យោងតាម NASA សារធាតុផ្សំ​គីមី នៅក្នុងបរិយាកាស​របស់ Titan ប្រហែលជាស្រដៀង​ខ្លាំង បើធៀបនឹង​បរិយាកាស ដែលបានកើត​ឡើងនៅលើផែនដី មុនពេលជីវិត​បានវិវឌ្ឍន៍ឡើង។

៥៖ តំបន់ទីអវកាសនៅ​ចន្លោះប្រព័ន្ធផ្កាយ (Interstellar Space)៖ អង្គការ NASA បានឲ្យដឹងថា​ កាលពីខែសីហា ឆ្នាំ២០១២ យានអវកាស Voyager-1 ជាទី​មួយ ហើយបើគិតត្រឹមពេល​នេះ គឺជាយានអវកាស​តែមួយគត់ ដែលបានចូលទៅ​ដល់តំបន់ Interstellar Space ហួសចេញពីព្រំដែន​ប្រព័ន្ធព្រះអាទិត្យរបស់យើង។ តំបន់ Interstellar Space ត្រូវបានគេកំណត់​និយមន័យឲ្យថា ជា «តំបន់នៅចន្លោះផ្កាយ» និងផុតពីលំហូរ​នៃសារធាតុ ក៏ដូចជាដែនម៉ាញេទិច​នៃព្រះអាទិត្យ ដែលគេ​ស្គាល់ថា Heliosphere។

គួរបញ្ជាក់ថា វានឹងត្រូវចំណាយពេល​យ៉ាងហោចណាស់​ក៏ ៤០,០០០ឆ្នាំទៀតដែរ មុនពេលយាន Voyager-1 ដែលបច្ចុប្បន្នស្ថិត​នៅចម្ងាយជាង ២០ពាន់លាន​គីឡូម៉ែត្រពី​ផែនដីនោះ អាចជួបផ្កាយមួយ​ដួងផ្សេងទៀត។ នៅពេលដែលវាបាន​ចូលទៅដល់​តំបន់ Interstellar Space យាន Voyager-1 ស្ថិតនៅចម្ងាយជាង​ ១៨.៥ពាន់លានគីឡូម៉ែត្រ ពីព្រះអាទិត្យ។ ដោយឡែក យានអវកាស​ភ្លោះ​របស់វា Voyager-2 សព្វថ្ងៃកំពុងស្ថិត​នៅចម្ងាយជិត ១៨ពាន់លានគីឡូម៉ែត្រ​ពីផ្កាយ​របស់យើង ហើយត្រូវគេរំពឹងថា នឹងឈានចូល​ទៅដល់ Interstellar Space នៅប៉ុន្មានឆ្នាំ​ខាងមុខទៀត៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?