បេសកកម្ម ១៣ឆ្នាំ នៅភពសៅរ៍របស់យាន Cassini នឹងបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញានេះ!

(អាមេរិក)៖ តោះរង់ចាំតាមដាន​ទាំងអស់គ្នា ដោយនៅ​ថ្ងៃទី១៥ ខែកញ្ញា ពោលគឺសប្តាហ៍​ក្រោយនេះ យានអវកាស Cassini របស់អង្គការ NASA នឹងបិទបញ្ចប់បេសកកម្ម​រយៈពេល ២០ឆ្នាំ ប្រមូលទិន្នន័យ​នៅក្នុង​លំហអាកាស​របស់វា តាមរយៈការ​​ទម្លាក់ខ្លួន​​កម្ទេចចោល ចូលទៅក្នុង​បរិយាកាស​របស់ភពសៅរ៍ (Saturn) ហើយឆាបឆេះដូច​ទៅនឹងអាចម៍ធ្លាក់​មកលើផែនដី​​អ៊ីចឹង​។ នេះ​បើតាមការ​ចេញផ្សាយដោយ​វែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

បេសកកម្មតម្លៃ ៣.២ពាន់លានដុល្លារ Cassini-Huygens ដែលជាកិច្ចប្រឹងប្រែង​រួមនៃទីភ្នាក់ងារ​អវកាស NASA, ទីភ្នាក់ងារ​​អវកាស​អឺរ៉ុប ESA, និងទីភ្នាក់ងារអវកាស​អ៊ីតាលី ISA បានចាប់ផ្តើម​កាលពីខែតុលា ឆ្នាំ១៩៩៧ ហើយបានទៅដល់​ប្រព័ន្ធ​ភពសៅរ៍ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤។

Huygens គឺជាយានបន្ទាប់​បន្សំមួយ ដែលបានជាន់លើផ្ទៃ​ព្រះច័ន្ទដ៏ធំ​ជាងគេបង្អស់ របស់ភពសៅរ៍ គឺ Titan កាលពី​ខែមករា ឆ្នាំ២០០៥ ខណៈយាន Cassini ដែលដើរតួជា​ផ្កាយរណប បានបន្តធ្វើដំណើរ​ក្រឡឹង​ភពសៅរ៍ និងបានបង្កើត​របកគំហើញ​​សំខាន់ៗ​ជាច្រើន ក្នុងអំឡុងពេល​នៃការបំពេញ​បេសកកម្មជាង ១៣ឆ្នាំរបស់វា នៅជិតភព​ដែលមានចិញ្ចៀន​ក៏ដូចជា​ខ្សែ​ក្រវាត់ព័ទ្ធ​ជុំវិញនេះ។

ក្នុងអំឡុងនៃការធ្វើ​បេសកកម្មរបស់វា យានអវកាស Cassini បានប្រទះឃើញ​កំសួលទឹកផុស រួមទាំង​សារធាតុដទៃៗ​ទៀត​ច្រាលឡើង ចេញពីប៉ូល​​ខាង​ត្បូង​​នៃ Enceladus ដែលជាព្រះច័ន្ទមួយ​ទៀតដ៏ត្រជាក់​របស់ភពសៅរ៍។ ក្រុមអ្នកវិទ្យាសាស្រ្ត​​នៃបេសកកម្មនេះ បានកំណត់ថា វត្ថុទាំងនេះ​គឺមកពីមហាសមុទ្រ​ដ៏ធំមួយដែលកប់​នៅក្រោមសំបក​ព្រះច័ន្ទ Enceladus ហើយមហាសាគរនេះ ប្រហែលជាអាច​ទ្រទ្រង់ជីវិតបាន បើតាមអ្នក​វិទ្យាសាស្រ្តដឹង។ ក្រៅពីនេះ Cassini ក៏បានរកឃើញ​បឹង និងសមុទ្រនៃ​សារធាតុ​អ៊ីដ្រូកាបូន ថែមទៀតផងនៅលើ Titan ហើយអ្នក​វិទ្យាសាស្រ្ត ជឿជាក់ថា ព្រះច័ន្ទនេះ​ក៏​ទំនង​ជា​អាចទ្រទ្រង់​ជីវិតតូចៗ នៅក្នុងទម្រង់​ណាមួយដូចគ្នា តែប្រហែល​ជាខុសប្លែក​ឆ្ងាយពីជីវិត នៅភពផែនដី។

យ៉ាងណាមិញ យាន​អវកាស Cassini កាន់តែជិតអស់​ប្រេងមែនទែន​ហើយ ហើយប្រសិន​បើវាអស់ប្រេង​តែម្តងនោះ ក្រុម​ការងារ​បញ្ជាយាន នឹងមិនអាចបន្ត​គ្រប់គ្រងវា​បានទៀតឡើយ។ ហេតុដូច្នេះ ពួកគេចង់រកកន្លែង​បោះចោល​យានអវកាស​ Cassini ​នៅមុនពេលឈាន​ដល់ចំណុច​បញ្ហាប្រេងនេះ ហើយវាគឺជា​ហេតុផល ដែលពួកគេ​កំពុងរៀបចំ​បញ្ជូន Cassini ទៅ​កម្ទេចចោល​នៅភពសៅរ៍​បែបនេះ នាថ្ងៃទី១៥ ខែកញ្ញា សប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា គោលដៅចម្បងបំផុត​នៃការសម្រេចចិត្តនេះ គឺដើម្បីការពារ​ព្រះច័ន្ទ Titan និង Enceladus ឲ្យបន្ត​នៅ​មាន​ភាព​ស្អាត ​និង​បរិ​សុទ្ធ​ជានិច្ច។ NASA បានចេញសេចក្តីថ្លែងការណ៍​លើកឡើងដូច្នេះថា «ដើម្បីចៀសវាង​លទ្ធ​ភាព​ដ៏ទាប​​ ដែលថា Cassini នាថ្ងៃមួយ នឹងបុកជាមួយព្រះច័ន្ទ​ទាំងនេះនោះ NASA បានសម្រេច​ជ្រើសរើស ធ្វើការបោះបង់​ចោល​ យានអវកាស Cassini ដោយ​សុវត្ថិភាព ទៅក្នុងបរិយាកាស​របស់ភពសៅរ៍»។ បើតាមទីភ្នាក់ងារអវកាស​អាមេរិក ប្រការនេះ​នឹង​ធានាថា Cassini មិនអាចបំពុល​ការសិក្សានានា ក៏ដូចជាការរុករកជីវិត​នាពេលអនាគត នៅលើព្រះច័ន្ទ​ទាំងពីរបានឡើយ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?