ស្វែងយល់៖ មហាព្រឹត្តិការណ៍​ភេរវកម្ម ១១ កញ្ញា ២០០១ ដែល​ពិភពលោក ​​ចងចាំ​មិនភ្លេច! (មានវីដេអូ)

ពិភពលោក)៖ ថ្ងៃនេះជាខួប១៦ឆ្នាំ នៃព្រឹត្តិការណ៍វាយប្រហារភេរវកម្មបួនដងផ្សេងគ្នា ពីសំណាក់ក្រុមភេរវករ អាល់កៃដា នៅក្នុងដែនដី នៃប្រទេសមហាអំណាចសហរដ្ឋអាមេរិក ដោយបានកើតឡើងកាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅនេះ។ ព្រឹត្តិការណ៍ភេរវកម្មនេះ ត្រូវបានចាត់ទុកជារបត់មួយដ៏សំខាន់ និងជូរចត់ក្នុងប្រវតិ្តសាស្រ្តសហរដ្ឋអាមេរិក ព្រមទាំងពិភពលោកទាំងមូល ព្រោះបណ្តាលឲ្យមនុស្ស២៩៩៦នាក់ស្លាប់ និងជាង៦០០០នាក់ផ្សេងទៀតរងរបួស។

ខាងក្រោមនេះព័ត៌មានលម្អិត ជុំវិញហេតុការណ៍នេះ៖

* គម្រោងនៃការវាយប្រហារ៖

គម្រោងនៃការវាយប្រហារនេះ ត្រូវបានរៀបចំដោយលោក Khalid Sheikh Mohammed ដែលចូលខ្លួនបម្រើលោក Osama bin Laden ជាលើកដំបូងក្នុងឆ្នាំ១៩៩៦។ នៅដើមឆ្នាំ១៩៩៩ លោក Bin Laden បានសម្រេចយល់ព្រមលើគម្រោងការណ៍វាយប្រហារនេះ។ មេដឹកនាំសំខាន់ៗរួមមានលោក Bin Laden លោក Mohammed Atef និងលោក Mohammed បានរួមគ្នារៀបចំគម្រោងការវាយប្រហារដូចជា ជ្រើសរើសគោលដៅវាយប្រហារ ជ្រើសរើសមនុស្សដើម្បីធ្វើប្រតិបត្តិការប្លន់យន្តហោះ និងរៀបចំសម្រួលការធ្វើដំណើរសម្រាប់ពួកចោរប្លន់ទាំងនោះទៅកាន់សហរដ្ឋអាមេរិក។

យ៉ាងនេះក្តី លោក Bin Laden បានបដិសេធគម្រោងគោលដៅវាយប្រហារមួយចំនួនដូចជា ធនាគារ Bank Tower ក្នុងរដ្ឋ Los Angelesជាដើម មូលហេតុដោយសារគ្មានពេលគ្រប់គ្រាន់សម្រាប់ការរៀបចំ។លោក Bin Laden បានធ្វើជាអ្នកដឹកនាំ និងឧបត្ថម្ភជាថវិកាសម្រាប់រៀបចំគម្រោង និងជាអ្នកជ្រើសរើសមនុស្សធ្វើសកម្មភាពភេរវកម្ម។

ក្រោយពេលព្រឹត្តិការណ៍នេះកើតឡើង គឺនៅក្នុងឆ្នាំ២០០៤ មេដឹកនាំកំពូលរបស់ក្រុមភេរវកររូបនេះ បានបង្ហើបឲ្យដឹងថា លោកបានរកឃើញគំនិតនៃការបើកបុកអគារភ្លោះនេះ បន្ទាប់ពីលោកបានឃើញព្រឹត្តិការណ៍ បំផ្ទុះគ្រាប់បែកទៅលើអគារខ្ពស់មួយក្នុងអំឡុងនៃសង្គ្រាមនៅប្រទេស លីបង់កាលពី ឆ្នាំ១៩៨២កន្លងទៅនេះ។ បុគ្គលសំខាន់ៗមួយចំនួន ត្រូវបានជ្រើសរើសជាមេដឹកនាំក្រុមសម្រាប់ធ្វើសកម្មភាពប្លន់យន្តហោះ ហើយមួយចំនួនទៀតត្រូវបានតែងតាំងត្រឹមជាជំនួយការប៉ុណ្ណោះ ដោយសារពួកគេខ្វះចំណេះដឹងភាសាអង់គ្លេស ដែលធ្វើឲ្យមានភាពលំបាកក្នុងការហ្វឹកហាត់បើកបរយន្តហោះ។

នៅចុងឆ្នាំ១៩៩៩ បុរសបួននាក់ បានធ្វើដំណើរមកពីទីក្រុង Hamburg ប្រទេស អាឡឺម៉ង់ រួមមានលោក Mohamed Atta លោក Marwan al-Shehhi លោក Ziad Jarrah និងលោក Ramzi bin al-Shibh។ បុរសជើងខ្លាំងទាំងនេះ ត្រូវបានជ្រើសរើសដោយសារទទួលបានការអប់រំខ្ពស់ មានចំណេះដឹងភាសាអង់គ្លេស និងមានបទពិសោធន៍រស់នៅប្រទេសលោកខាងលិច។ ចំណែកលោក Hani Hanjour ធ្លាប់មានលិខិតអនុញ្ញាតធ្វើជាអ្នកបើកបរយន្តហោះស្រាប់ ហើយលោកផ្ទាល់បានបង្រៀនពួកភេរវករផ្សេងទៀត ពីរបៀបរស់នៅ កុម្មង់អាហារ និងការស្លៀកពាក់បែបលោកខាងលិច។

បន្ទាប់ពីការជ្រើសរើសរួចរាល់ហើយ ក្រុមប្រតិបត្តិការប្លន់យន្តហោះ បានទៅទទួលវគ្គហ្វឹកហាត់ដើម្បីរៀនបើកយន្តហោះឲ្យកាន់តែស្ទាត់ជំនាញ ព្រមទាំងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងនោះមួយចំនួនប្រើប្រាស់លិខិតឆ្លងដែនខុសច្បាប់។

* ការស៊ើបអង្កេតមុនភេរវកម្មកើតឡើង៖

ការពិតទៅមុនពេលហេតុការណ៍នេះកើតឡើង មនុស្សជាច្រើនមានការសង្ស័យរួចទៅហើយទៅលើក្រុមភេរវករទាំងនោះ។ ជាក់ស្តែងក្រុមចង់សម្ព័ន្ធជាមួយFBI បានស្នើផ្តល់ដំណឹងដល់ក្រុមស៊ើបអង្កេតទាំងនោះ តែបែរជាមានការបដិសេធថានេះមិនមែនជាកិច្ចការរបស់FBIទៅវិញ។ នៅចុងខែមិថុនាឆ្នាំ១៩៩៩ លោក Richard Clarke មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកប្រឆាំងភេរវកម្ម និង លោក George Tenet ប្រធានភ្នាក់ងារស៊ើបអង្កេត CIA បានអះអាងថា «ការវាយប្រហារដ៏ធ្ងន់ធ្ងរមួយ ទំនងជាអាចកើតឡើងនៅប្រទេស អ៊ីស្រាអែល ឬអារ៉ាប៊ីសាអូឌីត»។ ហើយនៅដើមខែកក្កដា ឆ្នាំដដែល លោក Clarke បានដាក់ការព្រមានយ៉ាងធ្ងន់ធ្ងរជាថ្មីថា«ការវាយប្រហារដ៏ពិតប្រាកដមួយ នឹងកើតឡើងឆាប់ៗក្នុងពេលខាងមុខ»។ មិនតែប៉ុណ្ណោះលោកបានស្នើក្រុមFBI និងក្រសួងការបរទេស ធ្វើការក្រើនរំលឹកដល់បណ្តាស្ថានទូត ប៉ុស្តិ៍ប៉ូលីស និងក្រសួងការពារជាតិ បន្ទាប់ពីរកឃើញថា ក្រុមភេរវករអាល់កៃដាបានធ្វើដំណើរមកកាន់ដែនដីសហរដ្ឋអាមេរិក ហើយកាន់តែចម្លែកនោះគឺពួកគេកំពុងចូលរៀននៅសាលាបើកបរយន្តហោះថែមទៀតផង។ កាន់តែសំខាន់នោះគឺពួកគេអាចដឹងរហូតដល់ព័ត៌មានលម្អិតនៃភេរវករម្នាក់ៗ។ ជាអកុសល សហរដ្ឋអាមេរិក នៅតែមិនអាចបង្កាសោកនាដកម្មនេះបានឡើយ។

* ការវាយប្រហារ៖

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា កាលពី១៥ឆ្នាំមុន ក្រុមភេរវករ១៩នាក់ បានចាប់ផ្តើមធ្វើសកម្មភាព ប្លន់យន្ត ហោះដឹកអ្នកដំណើរខ្នាតធំដែលមានគោលដៅឆ្ងាយៗ មូលហេតុដោយសារយន្តហោះទាំងនោះ មានផ្ទុកប្រេងច្រើន ដែលអាចបង្កការបំផ្លិចបំផ្លាញច្រើនជាងធម្មតា។ យន្តហោះទាំងបួនរួមមាន៖

• យន្តហោះ American Airlines Flinght 11 ប្រភេទអ៊ីង៧៦៧ មានសហសេវិក១១នាក់ រួមជាមួយអ្នកដំណើរ៧៦នាក់ និងចោរប្លន់៥នាក់ បានចាកចេញពីអាកាសយាន្តដ្ឋាន Logan នៅវេលាម៉ោង៧ និង៥៩នាទី ក្នុងគោលដៅទៅកាន់រដ្ឋ Lost Angeles តែក្រុមចោរបានបើកយន្តហោះ ទៅបុកអគារពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុង ញ៉ូវយកនៅវេលាម៉ោង៨ និង៤៦នាទីព្រឹក។

• យន្តហោះ United Airlines Flinght 175 ប្រភេទបូអ៊ីង៧៦៧ មានសហសេវិក៩នាក់ អ្នកដំណើរ៥១នាក់ និងចោរប្លន់៥នាក់ បានចាកចេញពីអាកាសយាន្តដ្ឋាន Logan នៅវេលាម៉ោង៨ និង១៤នាទី ក្នុងគោលដៅទៅកាន់រដ្ឋ Lost Angelesដូចគ្នា។ ក្រុមភេរវករបានបើកយន្តហោះទៅបុកអគារពាណិជ្ជកម្មមួយទៀតដែលនៅទិសខាងត្បូង នៅវេលាម៉ោង៩ និង០៣នាទី។

• យន្តហោះទីបី American Airlines Flight 77 ប្រភេទបូអ៊ីង៧៥៧ ចាកចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ Washington Dulles នៅវេលាម៉ោង៨ និង២០នាទីក្នុងគោលដៅទៅកាន់រដ្ឋLos Angeles ជាមួយនឹងសហសេវិក៦នាក់ និងអ្នកដំណើរ៥៣នាក់ ចោរប្រាំនាក់ បានបើកយន្តហោះទៅបុកមន្ទីរបច្ចុកោណ ក្នុងរដ្ឋ Viginia នៅវេលាម៉ោង៩ និង៣៧នាទីព្រឹក។

• យន្តហោះទីបួន United Airlines Flight 93 ប្រភេទ៧៥៧ បានចាកចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ Newark នៅវេលាម៉ោង៨និង៤២ព្រឹក ក្នុងគោលដៅទៅកាន់រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ជាមួយនឹងសហសេវិក៧នាក់ អ្នកដំណើរ៣៣នាក់ និងចោរ៤នាក់។ ដោយសារអ្នកដំណើរបានដឹងពីបញ្ហានេះជាមុន ពួកគេប្រឈមមុខគ្នាជាមួយភេរវករ ធ្វើឲ្យយន្តហោះមិនបានបុកអគារណាមួយឡើយ តែបែរជាធ្លាក់ទៅកាន់ទីវាលក្នុងរដ្ឋ Pennsylvania នៅវេលាម៉ោង១០ និង០៣នាទីព្រឹក។

អគារភ្លោះខាងជើងបានដួលនៅវេលាម៉ោង៩៖៥៩នាទីព្រឹក បន្ទាប់ពីឆាបឆេះក្នុងរយៈពេល៥៦នាទី ដោយសារអណ្តាតភ្លើងបណ្តាលមកពីការផ្ទុះប្រេងរបស់យន្តហោះ។ ចំណែកអគារភ្លោះខាងត្បូង បានដួលនៅវេលាម៉ោង១០ និង២៨នាទីព្រឹក បន្ទាប់ពីការឆាបឆេះក្នុងរយៈពេល១០២នាទី។

តាមការសន្និដ្ឋានបានឲ្យដឹងថា ក្រុមភេរវករនៅយន្តហោះទីបួនទំនងមានគោលដៅបើកយន្តហោះបុកអគារ Capitol ឬសេតវិមានរបស់សហរដ្ឋអាមេរិក។ តាមរយៈឧបករណ៍ថតសម្លេងCockpit Voice recorder បានបង្ហាញថា ក្រុមសហសេវិក និងអ្នកដំណើរព្យាយាមដណ្តើមកាន់ចង្កូតយន្តហោះពីក្រុមចោរ បន្ទាប់ពីទទួលដំណឹងថាយន្តហោះបីគ្រឿងត្រូវបានបើកបុកអគារសំខាន់ៗ។ ហេតុនេះចោរក៏សម្រេចបើកបុកទីវាលតែម្តង។
នៅមុនពេលយន្តហោះផ្ទុះ អ្នកដំណើរ និងសហសេវិក បានប្រើប្រាស់ទូរសព្ទក្នុងបន្ទប់បើកបរយន្តហោះ ឬទូរសព្ទផ្ទាល់ខ្លួនដោយរាយការណ៍ថា ក្រុមចោរប្លន់បីបួននាក់ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ឬស្ប្រាយ៍ ដើម្បីទប់ទល់នឹងអ្នកបម្រើលើយន្តហោះ។ ពួកភេរវករបានចាក់ និងសម្លាប់អ្នកបើកបរ អ្នកបម្រើលើយន្តហោះ ឬអ្នកដំណើរមួយចំនួន។

តាមការស្រាវជ្រាវបានរកឃើញថា ពួកចោរធ្លាប់បានទិញឧបករណ៍មួយចំនួន និងកាំបិតប្រភេទម្យ៉ាងដែលកាលនោះមិនត្រូវបានហាមឃាត់សម្រាប់ការធ្វើដំណើរតាមយន្តហោះឡើយ។ ជាមួយគ្នានេះដែរ អ្នកដំណើរ និងអ្នកបម្រើលើយន្តហោះបានលើកឡើងថា ចោរមានប្រដាប់ដោយគ្រាប់បែក យ៉ាងនេះក្តីអ្នកដំណើរម្នាក់បែរជាលើកឡើងថា គ្រាប់បែកនោះក្លែងក្លាយទៅវិញ។ ចំណែកក្រុម FBI ក៏ពុំបានរកឃើញសារធាតុផ្ទុះ ណាមួយនៅទីតាំងបុកយន្តហោះឡើយ។ ទើបមានការសន្និដ្ឋានថា គ្រាប់បែកនោះពិតជាក្លែងក្លាយពិតមែន។ គ្រប់បណ្តាញសារព័ត៌មាន បានធ្វើការផ្សព្វផ្សាយ បន្ទាប់ពីហេតុការណ៍វាយប្រហារទីមួយបានកើតឡើង។

* ចំនួនអ្នកស្លាប់ និងផលខូចខាត៖

ខាងក្រោមនេះជារបាយការណ៍អំពីអ្នកស្លាប់នៅក្នុងទីតាំងរងគ្រោះទាំងអស់៖

• អគារពាណិជ្ជកម្មនៅទីក្រុងញ៉ូវយក៖ យន្តហោះAmerican11 មានមនុស្ស ៨៧នាក់ ភេរវករ៥នាក់ ចំណែកយន្តហោះ United175 មានមនុស្ស៦០នាក់ ភេរវករ៥នាក់ រួមទាំងអ្នកនៅលើអគារភ្លោះ ទាំងពីរមានចំនួន២.៦០៦នាក់។

• បញ្ជីរបញ្ចកោណនៅទីក្រុងArlington ៖ យន្តហោះ American77 មានមនុស្ស៥៩នាក់ ភេរវករ៥នាក់ រួមទាំងមនុស្សនៅក្នុងមន្ទីរបញ្ចកោណ១២៥នាក់។

• ទីវាលនៅ Shanksville: យន្តហោះ United 93 មានមនុស្ស៤០នាក់ និងភេរវករ៤នាក់

សរុបជារួម ក្នុងហេតុការណ៍នេះមានមនុស្សស្លាប់ប្រមាណ២.៩៩៦នាក់ និងជាង៦០០០នាក់ផ្សេងទៀតរងរបួស។ កុមារប្រមាណជាង៣០០០នាក់ បាត់បង់ឪពុកម្តាយរបស់ខ្លួន។ រហូតមកដល់ឆ្នាំ២០០៦កន្លងទៅនេះ បំណែកឆ្អឹងមនុស្សជាងច្រើនទៀតនៅតែត្រូវបានរកឃើញបន្ត ដែលធ្វើឲ្យយើងមិនអាចសន្និដ្ឋានពីចំនួនអ្នកស្លាប់បានពិតប្រាកដបានឡើយ។

មិនត្រឹមតែបាត់បង់ជីវិតមនុស្សប៉ុណ្ណោះទេ ព្រឹត្តិការណ៍១១កញ្ញា ២០០១នេះ បានឲ្យសហរដ្ឋអាមេរិកខាតទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ ដោយសារការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះ។

ការវាយប្រហារនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចនៃតំបន់Lower Manhattan ដែលជាផ្នែកមួយនៃទីក្រុង ញ៉ូវយក ក៏ដូចជាបង្កផលប៉ះពាល់ជាខ្លាំងទៅលើទីផ្សារពិភពលោក ជាក់ស្តែងដូចជា ទីផ្សារភាគហ៊ុន Wall Street ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិក និងកាណាដាជាដើមត្រូវបិទដំណើរការមួយរយៈជាដើម។ ស្ថាប័ន និងគម្រោង ការងារជាច្រើនត្រូវបានបិទទ្វា និងលុបចោល ចំណែកប្រជាពលរដ្ឋមួយចំនួនបានផ្លាស់ទី រងផលប៉ះពាល់សុខភាពដោយសារកំទិចផេះ ប៉ះពាល់ដល់សតិអារម្មណ៍ដោយបារម្ភខ្លាចមានការវាយប្រហារសារជាថ្មី។

ការបោសសម្អាតអគារភ្លោះបានចប់សព្វគ្រប់នៅខែឧសភា២០០២ ដោយឡែកមន្ទីរបច្ចកោណបានជួសជុលរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ការសារសង់អគារពាណិជ្ជកម្មពិភពលោកបានចាប់ផ្តើមជាថ្មីនៅទីតាំងដដែល ហើយបើកដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះថ្មីៗនេះ។
សំណង់ស្ថាប័ត្រកម្មជាច្រើនត្រូវបានកសាងឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍សោកនាកម្មនេះ ជាក់ស្តែងដូចជាសារមន្ទីរជាតិ National September 11 Memorial & Museum នៅទីក្រុង ញ៉ូវយក អគារPentagon Memorial ក្នុងទីក្រុង Arlington ក៏ដូចជាសំណង់Flight 93 National Memorialនៅទីវាលក្បែរ Shanksville ជាដើម។

* កត្តាអ្វីជម្រុញឲ្យការវាយប្រហារកើតឡើង

មូលហេតុដែលជម្រុញឲ្យលោក ប៊ិនឡាដិន មេដឹកនាំភេរវករអាល់កៃដាលំដាប់ពិភពលោក អូសទាញមនុស្សឲ្យរៀបចំគម្រោងវាយប្រហារដោយសារកត្តាជាច្រើន ដែលកត្តាទាំងនោះត្រូវបានក្រុមស៊ើបអង្កេតរកឃើញក្នុងសេចក្តីប្រកាសដែលចុះហត្ថលេខាយល់ព្រមដោយលោកផ្ទាល់ ដែលក្នុងនោះមានដូចជា៖

• សហរដ្ឋអាមេរិកគាំទ្រប្រទេស អ៊ីស្រាអ៊ែលដែលជាគូសត្រូវសួរពូជរបស់ពួកម៉ូស្លីម
• សហរដ្ឋអាមេរិកគាំទ្រការវាយប្រហារប្រឆាំងពួកម៉ូស្លីមនៅប្រទេស សូម៉ាលី
• រដ្ឋាភិបាលគាំទ្រសហរដ្ឋអាមេរិកសម្តែងឥរិយាបទប្រឆាំងផលប្រយោជន៍ពួកម៉ូស្លីម
• ការគាំទ្រឥណ្ឌាដែលធ្វើការគៀបសង្កត់ពួកម៉ូស្លីម ក្នុងតំបន់កាស្មៀ
• វត្តមានយោធាសហរដ្ឋអាម៉េរិកក្នុងប្រទេស អារ៉ាប៊ីសាអូឌីត
• ការដាក់ទណ្ឌកម្មទៅលើប្រទេស អ៊ីរ៉ាក់

តាមកាវិភាគមួយបានលើកឡើងថា ប្រសិនបើគ្មានវត្ថមានយោធាអាមេរិកនៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសកំណើតរបស់លោក អូសាម៉ាប៊ីនឡាដិនទេនោះ លោកក៏មិនអាចអូសទាញមនុស្ស ឲ្យពលីជីវិតដើម្បីធ្វើប្រតិបត្តិការសម្លាប់មនុស្សច្រើនបែបនេះឡើយ។

* ប្រតិកម្ម និងវិធានការ៖

ដំបូងឡើយមេដឹកនាំក្រុមអាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន ប្រកាសថាមិនពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ ប៉ុន្តែក្រោយមកក្នុងឆ្នាំ២០០៤ លោកបានសារភាពថាពិតជាបានរៀបចំគម្រោងវាយប្រហារនេះពិតមែន។ បើទោះបីជាខំរត់គេចពីការចាប់ខ្លួនអស់រយៈពេលជិតមួយទសវត្សរ៍ក្តី តែទីបំផុតមេដឹកនាំភេវរករកំពូលលំដាប់ពិភពលោករូបនេះ ត្រូវបានចាប់ខ្លួន និងសម្លាប់ដោយសមាជិកយោធាសហរដ្ឋអាមេរិកកាលពីខែឧសភា ឆ្នាំ២០១១កន្លងទៅនេះ។

អង្គការរបស់ជនជាតិម៉ូស្លីមនៅសហរដ្ឋអាមេរិក បានធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើការវាយប្រហារនេះ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋអាមេរិកឥស្លាម ប្រើប្រាស់ជំនាញ និងធនធានរបស់ខ្លួនដើម្បី ជួយដល់ជនរងគ្រោះ និងក្រុមគ្រួសារតាមរយៈប្រាក់ឧបត្ថម្ភ ផ្តល់ឈាម ថ្នាំពេទ្យ អាហារ និងជម្រកស្នាក់ នៅសម្រាប់ជនរងគ្រោះ។ ការវាយប្រហារនេះក៏ត្រូវបានបដិសេធ និងថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់បណ្តាញសារព័ត៌មាន និងរដ្ឋាភិបាលទូទាំងពិភពលោក។

សហរដ្ឋអាមេរិកបានសងសឹកការវាយប្រហារនេះ តាមរយៈការប្រកាសសង្គ្រាមជាមួយក្រុមភេវរករ ដោយការដាក់ពង្រាយទ័ពនៅតាមបណ្តាប្រទេសមួយចំនួន ដែលជាជម្រករបស់ពួកអាល់កៃដា ព្រមទាំងបើកការ វាយប្រហារប្រទេសអាហ្គានីស្ថាន ដើម្បីបោសសម្អាតក្រុមតាលីបង់ ដែលនៅពីក្រោយពួកអាល់កៃដា។ ជាមួយគ្នានេះដែរ បណ្តារប្រទេសជាច្រើនលើពិភពលោក បានរួមគ្នាពង្រឹងវិធានការណ៍ ការបង្កើតច្បាប់ និងភ្នាក់ងារស៊ើបអង្កេតយ៉ាងដឹតដល់ ក្នុងគោលដៅបង្កាកុំឲ្យសោកនាដកម្មដ៏ធ្ងន់ធ្ងរបណ្តាលមកពីសកម្មភាពភេរវកម្មកើតឡើងជាថ្មីម្តងទៀត៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?