សុគន្ធ និសា ​ចាត់​​ទុក​ការសម្ដែង​ល្ខោន​បុរាណ «មហាវេស្សន្ដរជាតក» របស់សាស្ត្រាចារ្យសិល្បៈ គឺជាសម្ថភាពអមតៈ

(ភ្នំពេញ)៖ តារាចម្រៀងស្រីទឹកមុខស្រគត់ស្រគំ កញ្ញា សុគន្ធ និសា ក្រៅពីមានការមមាញឹកក្នុងអាជីពជាអ្នកសិល្បៈនោះ នាងបានអញ្ចើញទៅចូលរួមកម្មវិធី សម្ពោធល្ខោនបុរាណរឿង «មហាវេស្សន្តរជាតក» ដែលធ្វើឡើងនៅសាលសន្និសីទចតុម្មុខ និងជាស្នាដៃដ៏គួរឲ្យស្ងើចសរសើរ ដែលបានបង្ហាញពីកេរតំណែលដ៏រុងរឿងរបស់ខ្មែរ ព្រមទាំងសម្ដែងដោយសាស្ត្រាចារ្យសិល្បៈ។ ទោះបីជាពួកគាត់គ្មានកម្លាំងកាយ ប៉ុន្ដែពួកគាត់មានកម្លាំងចិត្តសម្ដែងបានយ៉ាងអស្ចារ្យ ដល់ថ្នាក់ធ្វើឲ្យតារាស្រី សុគន្ធ និសា បំភ្លេចមិនបាន ពោលគឺដិតជាប់ក្នុងកែវភ្នែក តែម្ដង។

ក្នុងនោះ តារាស្រី រាងតូចច្រឡឹង កញ្ញា សុគន្ធ និសា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា «សមត្ថភាពអមតៈ ដែលបង្កើតជាស្នាដៃដ៏គួរឲ្យស្ងើចសរសើរ បង្ហាញពីកេរតំណែលដ៏រុងរឿង គឺជាផ្ទាំងទស្សនីយភាព ដែលសង្កត់អារម្មណ៍ឲ្យដក់ជាប់មិនអាច បំភ្លេចបាន»

នីសា បានបន្ដទៀតថា «បើទោះជាអាយុរបស់ពួកគាត់ មិនសម្បូរដោយកម្លាំងកាយ តែទឹកចិត្តរបស់លោកគ្រូអ្នកគ្រូ ដែលរួមគ្នាសម្តែងមួយវង់ឆាកនេះ បទពិសោធន៍ដែលពួកគាត់មាន និងបណ្តូលចិត្តនៃក្តីស្រឡាញ់ ចង់ថែរក្សាសិល្បៈបុរាណ បានផ្តល់ចេញនៅរូបភាពដ៏ដិតដាមទាំងនេះ ធ្វើឲ្យគ្រប់គ្នាមិននឹកស្មានដល់ថា នៅអាចបានឃើញ ទិដ្ឋភាពដ៏ឥតខ្ចោះ មិនអាចកាត់ថ្លៃបាន បានទស្សនាហើយ មានអារម្មណ៍ថា នៅតែដិតជាប់នឹងភ្នែក សំឡេងស្គរនៅតែទូង អារម្មណ៍សរសើរនៅតែជាប់មិនដាច់ ទស្សនាហើយមិនត្រឹមតែមិនស្តាយ តែមានអារម្មណ៍ថា ជាបទពិសោធន៍មួយដ៏មានតម្លៃណាស់»

គួរឲ្យដឹងថា បច្ចប្បន្ននេះ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា សុគន្ធ និសា កំពុងតែទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងពីទស្សនិកជន ដោយសារតែតារារូបនេះ បានធ្វើជាគណៈកម្មាការក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» និងធ្វើជាតួឯកក្នុងរឿង ថ្មីរបស់ហង្សមាស «សិសិរដូវក្នុងបេះដូង» ដែលទិញសិទ្ធពីកូរ៉េទៀតផង៕

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?