អបអរសាទរ! ខេត្តពីររបស់កម្ពុជា ទទួលបានពានរង្វាន់ និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន នៅព្រុយណេ

(ព្រុយណេ)៖ ជាការអបអរសាទរ និងមោទនភាពដ៏ធំមួយទៀតហើយ ដែលខេត្តពោធិ៍សាត់ និងខេត្តកែបរបស់ប្រទេសកម្ពុជា ទើបទទួលបានពានរង្វាន់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៤ នៅរាជធានីបង់ដាសេរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ ដារុយសាឡឹម។

គណៈប្រតិភូកម្ពុជាដែលចូលរួមក្នុងកិច្ចប្រជុំខាងលើ គឺដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន។​ ក្រៅពីកិច្ចប្រជុំលើកទី១៤ ថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ានខាងលើ ក៏មានសន្និសីទភាគីកិច្ចព្រមព្រៀង ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ ដោយបានពិភាក្សាលើប្រធានបទចំនួន៨ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌបរិស្ថាន រួមមាន៖ ១៖ វឌ្ឍនភាពស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន, ២៖ និរន្តរភាពបរិស្ថានទីក្រុង, ៣៖ ការអភិរក្សជីវចម្រុះ, ៤៖ ការប្រែប្រួលអាកាសធាតុ, ៥៖ បរិស្ថានតំបន់ឆ្នេរសមុទ្រ, ៦៖ ការងារអប់រំបរិស្ថាន, ៧៖ ការគ្រប់គ្រងធនធានទឹក និង៨៖ ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់

ជាមួយគ្នានោះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានជួបពិភាក្សាជាមួយបណ្ដាប្រទេសជាដៃគូសន្ទនា ក្នុងក្របខ័ណ្ឌអាស៊ានបូកបី រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកិច្ចសហប្រតិបត្ដិការវិស័យបរិស្ថាន។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្ដីបរិស្ថានអាស៊ានបានពិភាក្សា និងអនុម័តលើ៖

១៖ សេចក្ដីថ្លែងការណ៍រួមអាស៊ាន ឆ្នាំ២០១៧ ស្ដីពីការប្រែប្រួលអាកាសធាតុ។
២៖ ការផ្តល់ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន។
៣៖ ផែនការការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុអាស៊ាន-អង្គការសហប្រជាជាតិ។
៤៖ តួនាទី និងភារកិច្ចរបស់ឧត្ដមមន្រ្ដីបរិស្ថានអាស៊ាន និងក្រុមការងារ។
៥៖ ផែនការសកម្មភាព ស្ដីពីកិច្ចសហប្រតិបត្ដិការវិស័យបរិស្ថានអាស៊ាន-ចិន។
៦៖ របាយការណ៍ស្តីពីស្ថានភាពបរិស្ថានអាស៊ានលើកទី៥។
៧៖ ការបញ្ជូលឧទ្យានចំនួន២ ដែលស្នើដោយប្រទេសឥណ្ឌូណេស៊ីទៅក្នុងឧទ្យានបេតិកភណ្ឌអាស៊ាន។

ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋមន្ត្រីបរិស្ថានអាស៊ានបានចូលរួមក្នុងពិធីផ្ដល់ពានរង្វាន់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ដែលបានឆ្លងកាត់ការវាយតម្លៃ និងជ្រើសរើសដោយគណៈកម្មការ ដែលមានសមាសភាពពីប្រទេសជាសមាជិកអាស៊ានទាំងអស់។

ជាមួយគ្នានោះ ខេត្ដកែបរបស់កម្ពុជាត្រូវបានជ្រើសរើសជាជ័យលាភី សម្រាប់ពានរង្វាន់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន​ និងខេត្ដពោធិ៍សាត់ត្រូវបានផ្តល់វិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ក្នុងនោះពិធីប្រគល់ពានរង្វាន់ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសព្រុយណេដារុយសាឡឹម ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅទីនោះ។ ទាំងនេះជាមោទនភាពនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលខេត្តរបស់ខ្លួនបានទទួលពានរង្វាន់អាស៊ាន ទាក់ទងនឹងវិស័យបរិស្ថានជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

សូមបញ្ជាក់ថា ប្រតិភូជាន់ខ្ពស់នៃក្រសួងបរិស្ថាន រួមនិងប្រតិភូខេត្តពោធិ៍សាត់ និងខេត្តកែប ដឹកនាំដោយលោករដ្ឋមន្រ្តី សាយ សំអាល់ បានចេញដំណើទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងទទួលពានរង្វាន់អាស៊ានផ្នែកនិរន្តរភាពបរិស្ថាន និងផ្នែកនិរន្តរភាពទឹក នៅប្រទេសព្រុយណេ នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?