ឃើញភ្លាម ស្រលាញ់ភ្លាម! iPhone X បង្ហាញខ្លួនជាផ្លូវការហើយ!

កាលពីយប់ម្សិលមិញនេះ Apple បានធ្វើឲ្យប្រិយមិត្តជុំវិញពិភពលោកទាំងអស់គ្នាមានការរីករាយយ៉ាងខ្លាំង ក្រោយពីបានប្រកាសនិងបង្ហាញ iPhone 8, iPhone 8 PLus និង iPhone X ជាផ្លូវការ។

ក្រឡេក​​​​ទៅ​ iPhone X ភ្លាម​ ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​​គឺ​​ផ្នែក​ខាង​មុខ​ ដែល​មាន​បំពាក់​អេក្រង់​ស្ទើរ​ពេញ​មួយ​ផ្ទៃ​ទូរសព្ទ​ទៅ​ហើយ។ អេក្រង់​ iPhone X ជា​ប្រភេទ​អេក្រង់​ OLED មាន​ទំហំ​ ៥,៨ អ៊ីញ មាន​បច្ចេកវិទ្យា​បង្ហាញ​រូប​ Super Retina Display មាន​កម្រិត​ Resolution 2436×1125 ​ដែល​មាន​ដង់ស៊ីតេ​រូបភាព​ដល់​ ៤៥៨ ភីកសែល​ក្នុង​មួយ​អ៊ីញ។ អេក្រង់​នេះ​ក៏​មាន​បំពាក់​បច្ចេកវិទ្យា​ True Tone Display ដែល​អាច​បង្ហាញ​រូបភាព​ផ្អែក​ទៅ​តាម​បរិយាកាស​ជុំវិញ។​

ក្រឡេក​មើល​ផ្នែក​ខាង​ក្រោយ​របស់​ iPhone X វិញ​មាន​ភាព​រលោង​ចិញ្ចែងចិញ្ចាច​ដោយ​សារ​ធ្វើ​ពី​សារធាតុ​កញ្ចក់​ ហើយ​ការ​រចនា​តួ​ខ្លួន​ពី​កញ្ចក់​នេះ​អាច​ឲ្យ​ iPhone X ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​បាន​ផង​ដែរ។

​​​​​​​អ្នក​ប្រហែល​ជា​បាន​ឃើញ​ហើយ​ថា​លើ iPhone X មិន​មាន​ប៊ូតុង​ Home នោះ​ទេ ហើយ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ (Touch ID) ​ក៏​លែង​មាន​ទៀត​ដែរ។ របារ​ខ្លី​មួយ​នៅ​ផ្នែក​ខាង​ក្រោយ​នឹង​ចូល​មក​ជំនួស​ប៊ូតុង​ Home សម្រាប់​ការ​ចូល​ទៅ​កាន់​ទីតាំង​ Multitasking និង​សម្រាប់​មុខងារ​ដទៃ​ទៀត​ជា​ច្រើន។

ចំណែក​ការ​ដោះ​សោ​ដែល​ពី​មុន​ត្រូវ​ពឹង​ផ្អែក​លើ​ Touch ID ពេល​នេះ​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​មុខងារ​ស្កេន​មុន​ដែល Apple ហៅ​ថា​មុខងារ​ FaceID វិញ​ម្ដង។ Apple អះអាង​ថា​ FaceID នេះ​មាន​សុវត្ថិភាព​ខ្ពស់​ជាង Touch ID ហើយ​មុខងារ​នេះ​ក៏​អាច​ប្រើ​សម្រាប់​ការ​ទូទាត់​សាច់​ប្រាក់ ឬ ជា​មួយ​កម្មវិធី​ដទៃ​ទៀត​ដែល​អាច​ដំណើរ​ការ​ Touch ID បាន។

កាមេរ៉ា​​ភ្លោះ​លើ iPhone X មាន​ទំហំ​ ១២ MP ដដែល​ ដោយ​មាន​បំពាក់​មុខងារ​រក្សា​លំនឹង​​នៅ​លើ​ឡេន​កាមេរ៉ា​ទាំង​ពីរ​ ដូច​ជា​ Galaxy Note 8 ដែរ។ ចំពោះ​កាមេរ៉ា​មេ​មាន​ Aperture f/1.8 និង​កាមេរ៉ា​ប្រភេទ​ Telephoto មាន​កម្រិត​ f/2.4។ នៅ​ចន្លោះ​កណ្ដាល​នៃ​កាមេរ៉ា​ទាំង​ពីរ​គ្រាប់​​មាន​ភ្លើង​ LED True Tone Flash ចំនួន​ ៤ គ្រាប់​ដែល​អាច​ជះ​ពន្លឺ​បាន​ប្រសើរ​ជាង​មុន។ ចំពោះ​កាមេរ៉ា​ខាង​មុខ​វិញ​មាន​កម្រិត​ ៧ MP ហើយ​គួប​ផ្សំ​ជា​មួយ​ប្រព័ន្ធ​​​កាមេរ៉ា​ True Depth អាច​ឲ្យ​កាមេរ៉ា​ខាង​មុខ​ថត​​រូបភាព​ប្រភេទ​ Portrait Mode (ព្រាល​ក្រោយ​ច្បាស់​មុខ) បាន​ដូច​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ​ដែរ។

ទាំង​ iPhone X និង iPhone 8, 8 Plus មាន​បំពាក់​​បន្ទះ​ឈីប​ A11 Bionic ដែល​មាន​ CPU កម្លាំង​ខ្លាំង​ ២ គ្រាប់​ និង​កម្លាំង​ខ្សោយ​ ៤ គ្រាប់។ ជា​មួយ​បន្ទះ​ឈីប​នេះ​អាច​ឲ្យ​ iPhone ទាំង​បី​ដំណើរ​ការ​ជា​មួយ​នឹង​កម្មវិធី​ដែល​​ប្រើ​បច្ចេកវិទ្យា​ AR បាន​យ៉ាង​រលូន។ ដូច​សព្វ​ដង​ Apple មិន​បាន​បញ្ជាក់​ពី​ទំហំ​ RAM និង ទំហំ​ថ្ម​លើ iPhone X ឡើយ​ ប៉ុន្តែ​អះអាង​ថា​​ថាមពល​ថ្ម​ iPhone X ប្រើ​បាន​យូរ​ជាង​ iPhone 7 ពីរ​ម៉ោង។

iPhone X នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​តុលា​ ដោយ​ទំហំ​ ៦៤ GB តម្លៃ​ ៩៩៩ ដុល្លារ និង ទំហំ​ ២៥៦ GB តម្លៃ​ ១ ១៤៩ ដុល្លារ ហើយ​ការ​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​បរទេស​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​ ៣ ខែ​វិច្ឆិកា៕​​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?