ការសិក្សាស្រាវជ្រាវ៖ ទូទាំងអាស៊ី ជំងឺមហារីកថ្លើម ទាក់ទងនឹងការព្យាបាលថ្នាំបុរាណ

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញនូវភ័ស្តុតាងយ៉ាងច្បាស់លាស់មួយទៅលើទំនាក់ទំនងរវាងរូបមន្តថ្នាំបុរាណរបស់ចិន និងជំងឺមហារីកថ្លើមទូទាំងទ្វីបអាស៊ី។ នេះបើយោងទៅតាមការបញ្ជាក់របស់ការសិក្សាស្រាវជ្រាវមួយកាលពីថ្ងៃពុធ។

របកគំឃើញផ្សេងៗបង្ហាញថា ការចាត់វិធានការដ៏តឹងរ៉ឹងមួយចាំបាច់ត្រូវតែធ្វើដើម្បីរារាំងប្រជាជនកុំឲ្យប្រើប្រាស់សារធាតុគីមី ដែលគេហៅថា អាស៊ីអារីស្តូឡូជីក (AA) ដែលមាននៅក្នុងប្រភេទវល្លិ៍ឈើនៃគ្រួសាររុក្ខជាតិដែលគេយកទៅធ្វើថ្នាំ។ នេះបើយោងទៅតាមរបាយកាណ៍មួយក្នុងកំណត់ត្រារបស់អង្គភាពវិទ្យាសាស្ត្រសុខាភិបាលជាតិ (Science Translational Medicine)។

ប្រភេទនៃអាស៊ីតនេះ អាចនឹងត្រូវបានរកឃើញក្នុងប្រភេទថ្នាំបុរាណរបស់ចិនមួយចំនួនដែលត្រូវបានប្រើប្រាស់ក្នុងពេលកុមារភាពដើម្បីការពារប្រភេទប៉ារ៉ាសិត និងជួយដល់ការព្យាបាលផ្សេងៗ។

ក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្តទៅលើសាច់ដុះលើថ្លើមចំនួន៩៨ប្រភេទដែលត្រូវបានរក្សាទុកក្នុងមន្ទីរពេទ្យនៅកោះតៃវ៉ាន់ និងបានរកឃើញថា សាច់ដុះលើថ្លើមទាំងនោះចំនួន៧៨ភាគរយ មានចំណងទាក់ទងដូចគ្នា ដែលបានបង្ហាញថា ជំងឺមហារីកទាំងនោះ អាចនឹងកើតឡើងដោយសារតែសារធាតុគីមីរបស់ប្រភេទថ្នាំបុរាណ។ នេះបើយោងតាមការបញ្ជាក់របស់ការសិក្សាស្រាវជ្រាវនោះ។

ដោយសារតែប្រភេទនៃអាស៊ីដទាំងនេះ បង្ហាញពីទំនាក់ទំនងយ៉ាងច្បាស់បែបនេះ ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការត្រួតពិនិត្យទៅលើគំរូចំនួន៨៩ប្រភេទនៃជំងឺមហារីកថ្លើមផ្សេងទៀតក្នុងប្រទេសចិនផងដែរ និងបានរកឃើញថា ជំងឺមហារីកថ្លើម៤៧ភាគរយ បានបង្ហាញពីទំនាក់ទំនងទៅនឹងមាសធាតុរបស់ថ្នាំបុរាណ។

ក្នុងប្រទេសវៀតណាម ជំងឺមហារីកថ្លើម៥ករណីក្នុងចំណោមជំងឺសាច់ដុះក្នុងថ្លើម២៦ករណី ពោលគឺ១៩ភាគរយ ជាប់ទាក់ទងនឹងការប្រើប្រាស់ថ្នាំបុរាណ ខណៈដែល៥ករណីក្នុងចំណោម៩ករណីពោលគឺ៥៦ភាគរយ ត្រូវបានរកឃើញមកពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រោយពីការរកឃើញនេះ តៃវ៉ាន់ បានហាមប្រជានជនរបស់ខ្លួនឈប់ប្រើប្រាស់ថ្នាំបុរាណចិនមួយចំនួន ចាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ channelnewsasia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?