អ្នកជំនាញ​អារ្យធម៌ខ្មែរ៖ ហេតុអ្វី​បាន​ជា​មាន​ព្រះរាជ​ពិធីបុណ្យ រំឭកខួប​ទ្បើង​សោយរាជ្យ​សម្បត្ដិ​ ព្រះមហាក្សត្រ?

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណា្ដប់ បានថ្លែងថា ឆ្នាំ២០១៧នេះ បើនិយាយអំពីព្រះរាជពិធីរំឭកខួប ទ្បើងសោយរាជ្យសម្បត្ដិ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៃយើង គឺជាខួបឆ្នាំទី១៣។

ចំពោះការប្រារព្វព្រះរាជពិធីនេះ គឺចង់បញ្ជាក់ និងរំឭក អំពីគុណតម្លៃព្រះរាជាថា «ឆ្នាំនេះគឺជាឆ្នាំដ៏នក្ខត្ដឫក្ស និងជោគជ័យថ្មីៗថែមទៀត សម្រាប់ជាតិ មាតុភូមិដែលប្រជារាស្រ្ដ បានជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំ របស់ព្រះអង្គ ក្នុងការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ព្រះនគរ»។

ដោយហេតុថា ក្នុងនោះចំពោះកិច្ចការចម្បងៗរបស់ព្រះរាជា គឺព្រះអង្គទទួលគណៈប្រតិភូផ្លូវការ លិខិតសារតំាងរបស់ឯកអគ្គរាជទូត/រដ្ឋទូត ការទ្បាយព្រះហស្ដលេខា លើក្រឹត្យនិងច្បាប់ព្រះនគរ ពិសេសការជួបសវនាការជាផ្លូវការ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីក្នុងមួយខែពីរដង ដើម្បីព្រះសណ្ដាប់ពីព៌ត័មានផ្លូវការ របស់រាជរដ្ឋាភិបាល។

លោក រត្ន័ សណ្ដាប់ ក៏កត់សម្គាល់ផងដែរថា ព្រះរាជាក្រៅពីបំពេញព្រះរាជកិច្ច ជូនព្រះនគរយ៉ាងប្រពៃថ្លៃថ្លានោះ ព្រះអង្គគឺជាក្សត្រដ៏ស្ងាត់ស្ងៀម ទន់ភ្លន់តែម៉ឺងម៉ាត ចូលចិត្ដអាន សម្មាធិ ពិសេសយើងឃើញព្រះអង្គតែង ថ្វាយបង្គំព្រះពុទ្ធសាសនា រៀងរាល់ថ្ងៃសីល និងថ្វាយដង្វាយទេវរូបទំាងអស់ ក្នុងទីធ្លាព្រះបរមរាជវំាង។

ក្នុងន័យនេះផងដែរ បើយើងនិយាយអំពីគុណសម្បត្ដិ ព្រះរាជាតំាងពីបុរាណកាលរៀងមក គឺចង់សំដៅព្រះរាជាត្រូវឈ្នះសត្រូវ ទាំង៦យ៉ាង ជាអាទិ៍៖ កាម, ក្រោធ, លោភៈ ,មានៈ និងឫស្សា។ បានន័យថាគោលការណ៍នេះ គឺជាកាតព្វកិច្ចរបស់ព្រះរាជា ដែលត្រូវបំពេញដើម្បីភាពរុងរឿង និងសេចក្ដីសុខសាន្ដប្រជារាស្រ្ដរបស់ព្រះអង្គ ពីព្រោះថាភារៈព្រះរាជា គឺត្រូវប្រកបដោយទសពិតរាជធម៌ និងក្រមវិន័យព្រះនគរ ឲ្យបានខ្ជាប់ខ្ជួនបំផុត បើមិនដូច្នេះទេប្រទេសជាតិនិងប្រជារាស្រ្ដ មិនបានសុខទ្បើយ។

ជាក់ស្ដែងសិលាចារឹកភ្នំសណ្ដក និងសិលាចារឹកប្រាសាទព្រះវិហារ បានបង្ហាញថា «ព្រះបាទសូរ្យវរ្ម័នទី២ សម្រេចនូវការធ្វើ«វ្រះទិក្សា» គឺរៀនរាល់វិជ្ជាសាស្រ្ដទំាងអស់ ទំាងវិជ្ជាធម៌ វិជ្ជាសង្គម និងវិជ្ជាសម្ងាត់ គឺដើម្បីកំចាត់សត្រូវខាងក្នុងនិងខាងក្រៅ ក្នុងគោលដៅរក្សាសន្ដិភាព និងសេចក្ដីសុខសាន្ដជូនប្រជារាស្រ្ដក្នុងព្រះនគរ។ ភស្ដុតាងនេះ យើងឃើញព្រះបាទជ័យវរ្ម័នទី៧ គឺបន្ទាប់ពីព្រះអង្គ កំចាត់សត្រូវឈ្លានចាមរួចមក ទ្រង់ក៏បានកំចាត់សត្រូវផ្ទៃក្នុងផងដែរ។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា អ្វីកាន់តែពិសេសថែមទៀតនោះ ចំពោះព្រះរាជា គឺត្រូវប្រកបដោយគុណកតញ្ញូដល់ព្រះមាតា បិតា ឯកយកោ ឯកកា និងបុព្វការីជនទំាងទ្បាយដែលបានបូជាជីវិតដើម្បីជាតិ មាតុភូមិ ដូចជាព្រះបាទឥន្រ្ទវរ្ម័នទី១ ពេលទ្បើងសោយរាជ្យ ព្រះអង្គបានកសាងប្រាសាទព្រះគោ ដើម្បីដាក់តម្កល់រូបបដិមា ដែលតំណាងឲ្យព្រះមាតា បិតា និងបុព្វការីជនរបស់ព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី២។

ចំពោះប្រពៃណីព្រះគុណកតញ្ញូនេះ គឺព្រះករុណាព្រះបាទនរោត្ដមសីហមុនី ត្រូវបានព្រះបិតាទ្រង់ សម្ដេចឪព្រះបរមរតនកោដ្ឋ លើកយកមកបង្ហាញថា ក្នុងទសវត្សរិ៍ឆ្នាំ១៩៧៥ ក្នុងពេលដែលរបបខ្មែរក្រហម ចាប់ព្រះអង្គឃុំឃំាង គឺបុត្រាសីហមុនី ទ្រង់ព្រះកន្សែសស្រាក់ និងស្ទះមកឱបព្រះបាទាព្រះអង្គ ដោយទ្រង់ទូលថា ប៉ាប៉ា! កូនសូមទទួចធ្វើអ្វីៗ តាមដែលអាចធ្វើបាន ដើម្បីជួយប៉ាប៉ាចាកចេញពីកម្ពុជា។ ខ្ញុំត្រៀមព្រះកាយ ធ្វើពលីកម្មរួចជាស្រេច ធ្វើយ៉ាងណាឲ្យតែប៉ាប៉ា ទទួលបានសេរីភាពមកវិញ និងប្រកបដោយសុវត្ថិភាព។ ប៉ាប៉ា ! សូមព្រះអង្គស្នើសុំទៅអង្គការជាទីគោរព ឲ្យចាប់ទុកខ្ញុំជាចំណាប់ខ្មំាង និងអនុញ្ញាតឲ្យប៉ាប៉ា យាងចាកចេញទៅបរទេសចុះ។ ចំពោះព្រះកាយវិកាយប្រកបដោយ ព្រះគុណកតញ្ញូយ៉ាងប្រពៃថ្លៃថ្លានេះ ធ្វើអង្គសម្ដេចឪ រំជូលព្រះហឫទ័យរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយចាត់ទុកបុត្ររបស់ព្រះអង្គថា «ជាអ្នករាជានិយម ជាតិនិយម និងសីហនុនិយម» ។

បើដូច្នេះ ចំពោះព្រះករុណា ព្រះបាទនរោត្ដមសីហមុនី គឺជាក្សត្រប្រកបដោយ ការដឹងដល់ព្រះមាតាបិតា និងបុព្វការីជនរបស់ទ្រង់ជាទីបំផុត តាមក្បួនច្បាប់ប្រពៃណីខ្មែរ តំាងពីបុរាណរៀងមក៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?