ការសិក្សាស្រាវជ្រាវ៖ ការប្រើថ្នាំ ប៉ារ៉ាសេតាម៉ុលច្រើន ពេលមានផ្ទៃពោះ ធ្វើឲ្យក្មេងកើតជំងឺ ADHD

ស្ត្រីដែលប្រើប្រាស់ថ្នាំប្រភេទអាសេតាមីណុលហ្វេន ដែលត្រូវបានគេស្គាល់ថា ប៉ារ៉ាសេតាម៉ុល អំឡុងពេលមានផ្ទៃពោះ អាចនឹងធ្វើឲ្យក្មេងៗប្រឈមុខនឹងការមានជំងឺផ្នែកស្មារតី (ខ្វះការផ្តោតអារម្មណ៍លើការសិក្សា លេងច្រើន និងរឹងទទឹង) ដែលគេហៅថា ADHD ជាងអ្នកដែលមិនប្រើប្រាស់។ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ប្រទេសន័រវែស។

ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើទិន្នន័យរបស់ក្មេងៗ និងឪពុកម្តាយជិត១១៣០០០នាក់ ក្នុងនោះមានក្មេងចំនួន២២៤៦នាក់ មានជំងឺ ADHD។ ក្រុមអ្នកស្រាវជ្រាវទាំងនោះបានរកឃើញថា ម្តាយជិតពាក់កណ្តាលបានប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល ក្នុងពេលមានផ្ទៃពោះ។

ការប្រើប្រាស់ឱសថនេះ អំឡុងពេលមានផ្ទៃពោះបីខែ ធ្វើឲ្យក្មេងប្រឈមមុខនឹងជំងឺ ADHD ច្រើនជាងខែផ្សេងទៀតរហូតដល់ទៅ៧ភាគរយ ស្របពេលដែលម្តាយដែលប្រើថ្នាំនេះក្នុងខែទី៦ ធ្វើក្មេងប្រឈមមុខនឹងជំងឺ ADHD ចំនួន២២ភាគរយ ខណៈដែល២៧ភាគរយសម្រាប់អ្នកដែលប្រើប្រាស់ក្នុងអំឡុងរាល់ត្រីមាសទាំង៣។ នេះបើយោងទៅតាមការសិក្សាដដែលនេះ។

ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលក្នុងរយៈពេលខ្លី ហាក់មិនបានធ្វើឲ្យមានការប្រឈមមុខនឹងការកើតជំងឺ ADHD ឡើយ។ នៅពេលដែលស្ត្រីមានផ្ទៃពោះប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលក្នុងរយៈពេលតិចជាង៨ថ្ងៃ ភាគរយនៃការកើតជំងឺ ADHD ទៅលើក្មេងៗមានកម្រិតទាបជាង១០ភាគរយទៅទៀត បើធៀបទៅនឹងម្តាយដែលមិនបានប្រើប្រាស់ឱសថនេះអំឡុងពេលមានផ្ទៃពោះ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ស្ត្រីដែលបានប្រើប្រាស់ឱសថនេះ ដើម្បីព្យាបាលជំងឺគ្រុនក្តៅ និងការបង្ករោគផ្សេងៗពី២២ ទៅ២៨ថ្ងៃ នឹងបង្កើតឱកាសដល់ទៅ៦ដងក្នុងការកើតជំងឺ ADHD ទៅលើក្មេងៗ បើធៀបទៅនឹងម្តាយដែលព្យាយាមមិនប្រើប្រាស់អំឡុងពេលមានផ្ទៃពោះ៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ channelnewsasia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?