«Alibaba» ឈានដល់ការប្រើ Drone ​ដឹកទំនិញ​ឆ្លងសមុទ្រ​ទៅដល់ដៃអតិថិជនហើយ!

(ប៉េកាំង)៖ ក្រុមហ៊ុនលក់​ឥវ៉ាន់អនឡាញ​ដ៏ធំរបស់ចិន «អាលីបាបា (alibaba)» របស់កំពូលមហាសេដ្ឋី Jack Ma នោះបាន​ប្រកាសថា ខ្លួនបានប្រើប្រាស់​យន្តហោះដ្រូន​ ដើម្បីធ្វើការដឹក​ជញ្ជូនកញ្ចប់​ទំនិញ ឆ្លងកាត់ផ្ទៃសមុទ្រ​ជាលើកដំបូង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ ស៊ីន​ហួរ នៅព្រឹក ថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធ​អេឡិចត្រូនិច​នេះ បានឲ្យដឹងថា យន្តហោះដ្រូន​ចំនួន ០៣គ្រឿង ដែលផ្ទុកប្រអប់​ទំនិញសរុប ០៦ដុំ ​​ទម្ងន់ប្រមាណ ១២គីឡូក្រាម បានហោះចេញ​ពីក្រុង Putian ក្នុងខេត្ត Fujian ភាគខាងកើត​ចិន ឆ្ពោះទៅកាន់​កោះ Meizhou ដែល​នៅ​ក្បែរ​នោះ​កាលពី​ថ្ងៃទី៣១ ខែតុលា​កន្លងទៅ។

គួរបញ្ជាក់ថា ដោយហោះឆ្លងកាត់​កម្លាំងខ្យល់បក់​ដ៏ខ្លាំងៗ យន្តហោះដ្រូន​ទាំង ០៣ ខាងលើ បានចំណាយពេល ០៩នាទី ក្នុងការ​ធ្វើ​ដំណើរ​ចម្ងាយ ០៥គីឡូម៉ែត្រនេះ ហើយយន្តហោះ​នីមួយៗ មានសមត្ថភាពផ្ទុក​ទំនិញបាន ០៧គីឡូក្រាម។ ក្រុមហ៊ុន Alibaba គ្រោង​នឹងប្រើប្រាស់​យន្តហោះដ្រូន ដើម្បីដឹកជញ្ជូន​ផលិតផលសំខាន់ៗ​មួយចំនួនទៀត រួមមានអាហារស្រស់ និងបរិក្ខាវេជ្ជសាស្រ្ត​ជា​ដើម ឆ្លងកាត់ផ្ទៃទឹក​ក៏ដូចជាសមុទ្រ នាពេល​អនាគត៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?