ផលិតកម្ម មហាហង្ស ​បង្កើតក្រុមបាល់ទាត់ ជាផ្លូវការ ដាក់ឈ្មោះថា «ក្រុមបាល់ទាត់តារាមហាហង្ស» | BayKdang ផលិតកម្ម មហាហង្ស ​បង្កើតក្រុមបាល់ទាត់ ជាផ្លូវការ ដាក់ឈ្មោះថា «ក្រុមបាល់ទាត់តារាមហាហង្ស» | BayKdang

ផលិតកម្ម មហាហង្ស ​បង្កើតក្រុមបាល់ទាត់ ជាផ្លូវការ ដាក់ឈ្មោះថា «ក្រុមបាល់ទាត់តារាមហាហង្ស»

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិតរឿង ដាក់បញ្ចាំងតាមបណ្ដាស្ថានីយទូរទស្សន៍ និងរោងភាពយន្តនានា រួចមក ផលិតកម្មមហាហង្ស មានសម្រេចបង្កើតក្រុម បាល់ទាត់ជាផ្លូវការ មានឈ្មោះថា «ក្រុមបាល់ទាត់តារាមហាហង្ស» ដោយក្រុមបាល់ទាត់មិនមែនអាជីពនេះ សុទ្ធសឹងតែជាតារាល្បីៗ ដើម្បីជាផ្នែកមួយជួយលើកស្ទួយវិស័យកីឡា របស់ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។

ចាងហ្វាងផលិតកម្ម មហាហង្ស និងជាអ្នកដឹកនាំក្រុម លោក អ៊ិន សុភិន បានថ្លែងថា លោកបានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការបង្កើតក្រុមមួយនេះ តែជំហានដំបូង លោកនឹងទទួលស្វាគមន៍ គ្រប់ការប្រកួតមិត្តភាព មិនថាក្រុមតារា ឬស្ថាប័នរដ្ឋ និងឯកជននោះទេ ពិសេសលោកនឹងចូលរួមប្រកួតពាន សមល្មមមួយ ដើម្បីជាបទពិសោធន៍ឆ្ពោះ ទៅចូលលេងលីគ។ លោកបន្តថា គោលបំណងជំរុញឲ្យលោកសម្រេចបង្កើតក្រុមបាល់ទាត់ ផ្លូវការពេលនេះ ក៏ដោយលោកចង់ផ្ដល់ឱកាសឲ្យក្រុមតារាង និងក្រុមការងារបច្ចេកទេសផ្សេងៗ ដែលនិយមចូលចិត្តលេងកីឡាមួយនេះ មានក្រុមលេងច្បាស់លាស់ និងមានការប្រកួតត្រឹមត្រូវ ស្របតាមក្បួនច្បាប់ប្រកួតលក្ខណៈ អន្ដរជាតិ ។

លើសពីនេះ​ លោក អ៊ិន សុភិន បន្តទៀតថា​ ការបង្កើតក្រុមបាល់ទាត់តារាមហាហង្សនេះឡើង គឺយើងផ្ដោតទី១ រឿងសុខភាព ទី២ ការប្រកួតមិត្តភាពជាមួយគ្រប់ស្ថាប័ន ហើយទី៣ គឺយើងនឹងចូលប្រកួតលក្ខណៈ ពានរង្វាន់អីមួយ បន្ទាប់ពីសម្ពោធក្រុមថ្ងៃនេះ​។ ជំហានដំបូងនៃការចូលរួមរបស់យើង នឹងចូលរួមពានកម្រិតសមល្មមសិន ព្រោះយើងចង់រៀបចំក្រុម ឲ្យមានលក្ខណៈស្ដង់ដារអាជីពសិ​ន ហើយប្រសិនបើអាចយើងនឹងចូលរួមលេងក្របខណ្ឌលីគអាជីព នៅពេលណាមួយ។ តែសំខាន់យើងត្រូវការរៀបចំ​ឲ្យបានល្អ និងមានលក្ខណៈស្ដង់ដារជាមុនសិន ព្រោះក្រុមបាល់ទាត់មិនងាយស្រួលនោះទេ ដោយសារជាក្រុមតារាង ខណៈពួកគាត់មានភាពមមាញឹកច្រើនជាងការងារសិល្បៈ។

យ៉ាងណាមិញ ក្នុងឱកាសពិសេសនៃការសម្ពោធក្រុមបាល់ទាត់ តារាមហាហង្សខាងលើ ក្រុមប្រមូលផ្ដុំដោយតារាងសម្ដែង និងក្រុមការងារបច្ចេកទេសផ្នែកសិល្បៈមួយនេះ ក៏បានណាត់ក្រុមសមាគមពាណិជ្ជករថៃ ប្រកួតមិត្តភាពលើទីលានវេស្ទើនផងដែរ ហើយជាលទ្ធផលក្រុមបាល់ទាត់​តារាមហាហង្ស បានលត់ក្រុមថៃ ដោយលទ្ធផលបច្ចេកទេស ៧-០ ផងដែរ​៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77