NASA នៅតែ​រក្សា​គំរោង ​​នាំ​មនុស្ស​​ទៅភពអង្គារ ខណៈ​ការ​សាកល្បង​​ធំមួយ នឹងធ្វើ​នៅ​ឆ្នាំ ២០២០

(អាមេរិក)៖ ទោះបីជានាពេលកន្លងទៅមានសេចក្តីប្រកាសថា ទីភ្នាក់ងារអវកាស NASA នឹងផ្តោតការយកចិត្តទុកដាក់ ទៅលើបេសកកម្មត្រឡប់ទៅកាន់ឋានព្រះច័ន្ទវិញ នាប៉ុន្មានឆ្នាំខាងមុខយ៉ាងណាក្តី គម្រោងអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត SLS និងយានអវកាស Orion នៅតែបន្តគ្មានការប្រែប្រួលដដែល ជាមួយគោលដៅថា នឹងបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ (Mars) នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ វែបសាយអវកាស Universe Today នៅរសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អង្គការ NASA បានធ្វើការវាយតម្លៃដែលសំខាន់ៗ ទៅលើផ្នែកផ្សេងៗរបស់ SLS ក៏ដូចជា Orion ព្រមទាំងកាលវិភាគកំណត់នៃ ការចាប់ផ្តើមបេសកកម្មរបស់ពួកវា ហើយ NASA មានការតាំងចិត្តខ្ពស់ថា គម្រោងនេះនឹងអាចចាប់ផ្តើមបានព្រមគ្នា ក្នុងឆ្នាំ២០២០ ដែលជាការអនុវត្តបេសកកម្មជំហ៊ានដំបូង មានឈ្មោះថា Exploration Mission-1 ឬ EM-1។

គួរបញ្ជាក់ថា ការធ្វើតេស្តហោះហើរនេះ ដែលនឹងពុំមានក្រុមអវកាសយានិកចូលនោះ នឹងធ្វើការស្ទាបស្ទង់ក៏ដូចជាសាកល្បងលើប្រព័ន្ធទាំងពីរ ហើយដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មបញ្ជូនមនុស្ស នៃគ្រាប់រ៉ុក្កែត SLS និងយាន Orion នាពេលបន្ទាប់។ បេសកកម្មបញ្ជូនមនុស្ស ដែលមានឈ្មោះថា Exploration Mission-2 ឬ EM-2 និងពីដំបូងឡើយត្រូវគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០១២នោះ បច្ចុប្បន្នត្រូវគេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ២០២៣វិញ។

អនាគតខាងមុខនេះ គឺក្រុមហ៊ុន SpaceX គ្រោងនឹងបញ្ជូនមនុស្សទៅភពអង្គារ ឲ្យបានមុនអង្គការ NASA នៅអំឡុងទសវត្សរ៍ឆ្នាំ២០២០ ដែលនេះជារឿងភ្ញាក់ផ្អើលខ្លាំងមួយ សម្រាប់វិស័យអវកាសពិភពលោក ខណៈក្រុមហ៊ុនអវកាសមួយនេះហាក់ដូចជា ពុំចាំបាច់ត្រូវគិតច្រើនពីរឿងថវិកា ដូចជាអង្គការ NASA នោះឡើយ។

បញ្ហាធំៗចំនួនបី ដែលជាការរារាំងនៅឡើយ សម្រាប់បេសកម្មនាំមនុស្សទៅកាន់ភពអង្គារនោះ គឺទី១៖ ការផលិតយាន និងរ៉ុក្កែត ដែលអាចរក្សាសុវត្ថិភាពដល់មនុស្ស រយៈពេលដល់ទៅជិតពីរឆ្នាំ រហូតដល់ពេលចុះចតលើផ្ទៃភពអង្គារ, ទី២៖ ការកសាងខែលការពាររលកវិទ្យុសកម្មពីព្រះអាទិត្យនៅទីនោះ និងទី៣៖ ការបញ្ជូនមនុស្សត្រឡប់មកផែនដីវិញ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?