Mr.Bean ជិត​មាន​កូន​ទី ៣ ហើយ​ ខណៈរូបគាត់មាន​អាយុ ៦២ឆ្នាំហើយ

Rowan Atkinson តារា​កំប្លែង​ដ៏​ល្បី​ឈ្មោះ​ដែល​គ្រប់​គ្នា​ហៅ​ថា​ Mr.Bean កំពុងត្រៀម​ខ្លួន​ធ្វើ​ជា​ឪពុក​កូន​ម្នាក់​ទៀត​ហើយ​ ស្របពេល​ខ្លួនមាន​អាយុ​ ៦២​ឆ្នាំ។

បើ​តាម​​សេចក្ដី​រាយការណ៍​របស់​កាសែត​អង់គ្លេស នេះ​ជា​កូន​ដំបូង​របស់​លោក​ជាមួយ​មិត្ត​ស្រី​ដែល​ជា​តារា​សម្ដែង​ស្រី​​វ័យ ៣៣​ឆ្នាំ​ ឈ្មោះ Lousie Ford។ តារា​សម្តែង​ស្រី Ford ត្រូវ​​គេ​ប្រទះ​ឃើញ​ដើរ​ទិញ​ទំនិញ​នៅ​ទី​ក្រុង​ London ហើយ​អ្នក​ដែល​បាន​ឃើញ​នាង​ផ្ទាល់​បាន​លាន់​មាត់​ថា​ ពោះ​នាង​ពិត​ជា​ធំ​ខ្លាំង​ណាស់​ ព្រម​ទាំង​ជឿជាក់​ថា​នាង​អាច​សម្រាល​កូន​ នៅ​មុន​ចុង​ឆ្នាំ​នេះ​ទៀត​ផង។

បន្ថែម​ពី​នេះ​ទៀត​មាន​ប្រភព​មួយ​បាន​ប្រាប់ វិបសាយ​ Sunday People ថា៖ “លោក Rowan និង​នាង​Louise ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ​ស្ទើរ​មិន​អាច​រង់​ចាំ​ឃើញ​មុខ​កូន​របស់​ពួក​គេ​ ដែល​នឹង​មក​កាន់​ពិភពលោក​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី។ វា​ជា​ពេល​វេលា​ដែល​រីក​រាយ​បំផុត​សម្រាប់​អ្នក​ទាំង​២”។

ជាក់ស្ដែង​លោក​ Atkinson មាន​កូន​វ័យ​ជំទង់ ២​នាក់​ទៅ​ហើយ​ជាមួយ​ប្រពន្ធ​មុន ដែល​ម្នាក់​ឈ្មោះ Ben មាន​អាយុ ២៣ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Lily អាយុ ២១ឆ្នាំ ហើយ​ជីវិត​អាពាហ៍ពិពាហ៍​រយៈ​ពេល ២៥ឆ្នាំ​​របស់​លោក​ត្រូវ​បាន​បែក​បាក់​នៅ​ក្នុង​ឆ្នាំ ២០១៥។ យ៉ាងណា​មិញ​តារា​កំប្លែង​រូប​នេះ​ បាន​ជួប​ជាមួយ​មិត្ត​ស្រី​របស់​លោក​ (Ford) នៅ​ពេល​ដែល​ពួក​គេ​សម្ដែង​រឿង​រួម​គ្នា​នៅ​តំបន់​ London’s West End កាល​ពី​ឆ្នាំ​២០១៣៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?