ថៅកែរោងចក្រយូលី ចាប់កម្មការិនីដាក់ទណ្ឌកម្មបង្ខាំងឲ្យដេរ​ នាំឲ្យផ្ទុះកូដកម្មរាប់ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសសានតុង នាក្រុងបាវិត

(ស្វាយរៀង)៖ កម្មករ កម្មការិនី រោងចក្រកាត់ដេយូលី រាប់ពាន់នាក់នាំគ្នាធ្វើកូដកម្មតវ៉ា ដោយសារខឹងថៅកែចិនចាប់កម្មការិនីបង្ខាំងក្នុងទ្រុង ហើយដាក់ទណ្ឌកម្ម ឲ្យធ្វើការតាមលក្ខខណ្ឌរបស់រោងចក្រ ខុសពីច្បាប់ការងារ និងរើសអើងចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនរួច។

​កម្មករ កម្មការិនីខឹងសម្បារនាំគ្នាធ្វើកូដកម្មតវ៉ា ទាមទាឲ្យថៅកែរោងចក្រកាត់ដេយូលី អនុត្តន៍តាមច្បាប់ការងារ ដោយដាក់លក្ខខណ្ឌ០៥ចំណុច ហើយសុំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោះស្រាយ។

ការធ្វើកូដកម្មនេះ កើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខាងមុខរោងចក្រយូលី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រហូតដល់វេលាម៉ោង១២៖០០ថ្ងៃត្រង់ ទើបបំបែកគ្នាត្រឡប់ទៅផ្ទះវិញមិនព្រមចូលធ្វើការ។

ក្រុមកម្មការិនី​បានឲ្យដឹងថា ថៅកែចិនបានរឹតបន្តឹងការងារទៅលើកម្មករកម្មការិនីរយៈពេលបីខែមកហើយ គឺចាប់តាំងពីផ្លាស់ប្តូរថ្នាក់ដឹកនាំ ជនជាតិចិនមកថ្មី មានការរើសអើងលើស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនរួច​ដាក់ទណ្ឌកម្មចំពោះកម្មការិនីណាដែលដេរយឺត មិនគ្រប់តាមលក្ខខណ្ឌដែលក្រុមហ៊ុនកំណត់ បើមានស្រ្តីម្នាក់ ឬពីរនាក់ដេរយឺត ​ត្រូវមេការចិនចាប់យកទៅបង្ខាំងក្នុងទ្រុង ហើយដាក់ទណ្ឌកម្មឲ្យធ្វើការដេរឲ្យបានភាគរយខ្ពស់ ទើបឲ្យចូលក្រុមធ្វើការវិញ ហើយបើស្ត្រីណា​នៅតែធ្វើការយឺត ឬឃើញថាមានកំហុស ត្រូវដាក់ទណ្ឌកម្មដាក់ក្នុងទ្រុងបង្អត់អាហារ បង្អត់ទឹកមួយថ្ងៃ រួចដេញចេញពីការងារបញ្ឈប់កុងត្រា​។

​ករណីថៅកែចិនចាប់បង្ខាំង និងដាក់ទណ្ឌកម្មលើកម្មករ កម្មការិនីរោងចក្រកាត់ដេយូលីនេះ, លោក អ៊ូ សុខឿន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងជាតំណាងក្រសួងការងារ ប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេស បានឲ្យដឹងថា កម្មករកម្មការនី រោងចក្រកាត់ដេយូលី នាំគ្នាធ្វើកូដកម្មនេះតវ៉ាទាមទារលក្ខខណ្ឌ​០៥ចំណុច និងប្តឹងក្រុមហ៊ុនកាត់ដេរយូលី ពីបទមិនអនុវត្តន៍ច្បាប់ស្តីពីការងារ ហើយចោទថាក្រុមហ៊ុនយូលី កំពុងអនុវត្តន៍លក្ខខណ្ឌការងារមួយចំនួន ដែលមិនស្របតាមច្បាប់ការងារ។

ការទាមទារ៥ចំណុចនោះរួមមាន៖ ទី១៖ស្នើសុំឲ្យក្រុមហ៊ុនយូលី ឈប់រើសអើងចំពោះកម្មការិនីមានផ្ទៃពោះ និងអ្នកសម្រាលកូនរួច, ទី២៖សូមក្រុមហ៊ុនយូលី កុំឲ្យមានការអនុវត្តន៍កុងត្រាខ្លី រយៈពេលមួយខែ​ដែលផ្ទុយពីច្បាប់ការងារ, ទី៣៖សូមឲ្យក្រុមហ៊ុនយូលី ធ្វើការណែនាំ ថ្នាក់ដឹកនាំជនជាតិចិនទាំងអស់ ឲ្យមានសីលធម៌ល្អ រាល់ការជជែក ឬ​​​ណែនាំកម្មករ, ទី៤៖ក្រុមហ៊ុនយូលី ត្រូវពិនិត្យមើលឡើងវិញ លើការកំណត់​ចំនួនភាគរយខ្ពស់ (ដាក់កំណត់ការផលិតច្រើន) ហួសពីសមត្ថភាព របស់កម្មករ កម្មការិនី និងទី៥៖សូមក្រុមហ៊ុនធ្វើការទូទាត់កម្រៃពលកម្ម ដែលកន្លងមក​ទូទាត់ពុំបានត្រឹមត្រូវជូនកម្មករ កម្មការិនី បាត់ខែណាត្រូវទូរទាត់ខែ​ហ្នឹង។

លោក អ៊ូ សុខឿន បន្ថែមថា ចំពោះករណីកម្មករ ចោទ​ប្រកាន់ថៅកែរក្រុមហ៊ុនយូលី បង្ខាំងកម្មករក្នុងទ្រុងដាក់ទណ្ឌកម្មឲ្យធ្វើការ បង្អត់អាហារ​នោះ គឺពិតជាមានមែន ដាក់ទណ្ឌកម្មចំពោះកម្មការិនីណា ធ្វើការយឺត​មិនគ្រប់តាមការកណត់របស់ក្រុមហ៊ុន ដោយក្រុមហ៊ុននិយាយថា ក្រុមហ៊ុន ទទួលកុងត្រាពីក្រុមហ៊ុនបញ្ជាទិញដែរ ដូច្នេះត្រូវតែជម្រុញឲ្យកម្មករផលិតឲ្យទាន់តាមអ្នកបញ្ជាទិញ គឺ​គ្រាន់តែយកកម្មករ កម្មការិនីដែលធ្វើការដេរយឺត ទៅធ្វើការដាច់ដោយឡែក ពីកម្មការនីដ៏ទៃងាយស្រួល មេការតាមដាន និងជម្រុញការដេរឲ្យបានច្រើន តាមការកំណត់ពុំមានដាក់ទណ្ឌកម្មទេ។

លោកបន្តទៀតថា លទ្ធផលការប្រជុំដោះស្រាយ តំណាងក្រុមហ៊ុនព្រមទទួលយកតាមសំណើររបស់កម្មករ កម្មការិនីទាមទាទាំង០៥ចំណុច ហើយចំពោះរបាដែកដាក់បង្ខាំងកម្មការនីនោះ ក្រុមហ៊ុន​សន្យា ថាហៅជាងឲ្យមករុះរើចេញវិញនៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧​។

ចំណែកកម្មករ កម្មការិនីដែលនាំគ្នាកូដកម្ម មិនចូលធ្វើការនោះ បាននិយាយថា ពួកគេមិនជឿ លើថ្នាក់ដឹកនាំចិនទេ លុះត្រាតែមានចេញជាលិខិត លាយលាក់អក្សរបិទប្រកាសជាសាធារណៈ​ទើបជឿ និងចូលធ្វើការវិញ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?