ប្រវត្តិ​ ស្លៀក​សំឡុយ អាវផាយ ពាក់​ស្បៃ ពេល​សំពះ​ផ្ទឹម ​កូន​ប្រុស​ស្រី !!

តាម​រឿង​ព្រេង​និទាន​ បាន​តំណាល​ថា កាល​នោះ ព្រះ​នារាយណ៍​រាមាសូរ ព្រះ​ចៅ​ក្រុង​កម្ពុជា ទ្រង់​សោយ​រាជ​សម្បត្តិ​នៅ​បន្ទាយ​លង្វែក (ពុទ្ធ​សករាជ ១៩១០-១៩២០ កន្លង​មក​ប្រាំ​រយ​ឆ្នាំ​ប្លាយ​ហើយ) ទ្រង់​សព្វ​ព្រះ​រាជ​ហឬទ័យ​នឹង​នាង​ក្រមុំ​កូន​របស់​ជ្វា​ម្នាក់ ដែល​នៅ​ក្នុង​ភូមិ​ទួល​អំពិល-ទួល​ថ្លោក នៅ​ជាយ​ខាង​ត្បូង​ភូមិ​ពោធិ៍តូច កំពង់​លួង​សព្វ​ថ្ងៃនេះ។ ជ្វា​ជា​ឳពុក​នាង​នោះ ក៏ព្រម​ថ្វាយ​មិន​ហ៊ាន​ទទឹង​ទាស់ តែ​ធ្វើ​សំណូម​ពរ​សុំ​ឲ្យ​ទ្រង់​ចូល​សាសន៍ ហើយ​រៀប​ការ​តាម​ច្បាប់​ឲ្យ​ស្រប​តាម​ប្រពៃណី​ចាម-ជ្វា។

សម្តេច​ព្រះ​នារាយណ៍​រាមា ទ្រង់​សព្វ​ព្រះទ័យ​នឹង​នាង​ម៉ាងាស​ទេវី​ណាស់ ព្រោះ​ព្រះ​នាង​ប្រកប​នូវ​រូប​ឆោម មាន​សម្បុរ​ស្រស់​បំព្រង ហើយ​ជា​ត្រកូល​អ្នក​មាន​សម្បត្តិ​ច្រើន​ផង ទ្រង់​ក៏​បណ្តោយ​តាម​អធ្យាស្រ័យ ព្រម​ចូល​សាសន៍​ឲ្យ​តែ​បាន​នាង​ជា​អគ្គមហេសី។ ពួក​ចាម-ជ្វា ក៏និមន្ត​សង្ឃ​រាជ​សាសនា​ច្រើន​អង្គរ​ ធ្វើ​ព្រះ​ពន្លា​ជ័យ​ខ្វាត់​ខ្វែង​នៅ​ទីភូមិ​នោះ តាំង​បួង​សួង​ ៧ថ្ងៃ សូត្រ​មន្ត​បញ្ចូល​សាសនា​ចាមជ្វា រួច​កាត់​ចុង​អង្គជាតិ​ស្តេច ដង្ហែយក​ទៅ​ធ្វើ​ឃ្លាំង​ដាក់។ វេលានោះ មាន​មន្ត្រី​ធំតូច​ចូល​សាសន៍​ជាមួយ​នឹង​ព្រះ​មហាក្សត្រ​ជា​ច្រើន ដោយ​ចង់​បាន​កូន​ចាម​ជ្វា​ដែរ។ ចាមជ្វា​ក៏​កាត់​ចុង​អវយវៈ យក​ស្បែក​ទៅ​ដាក់​ឃ្លាំង​ជា​មួយ​ស្តេច ដែល​ភូមិនេះ​ក៏ប្រែ​ឈ្មោះ​ហៅ​ថា ភូមិ​ឃ្លាំង​ស្បែក ជាប់​ដល់​សព្វ​ថ្ងៃនេះ (ភូមិ​នេះ នៅ​ម្តុំ​ភូមិ​ចាម នៅ​គីឡូ​លេខ៨ ក្រុងភ្នំពេញ)។

ដល់​ពេល​នឹង​ឡើង​ទៅ​សំពះការ ទ្រង់​បាន​តាំង​មហា​តលឹក​ម្នាក់ ហៅថា ចៅ​រាជ​កុល​កុមារ ឲ្យ​ទៅ​សំពះ​ជំនួស​ព្រះ​អង្គ តាម​ទំនៀម​សម្តេច​ដែល​ត្រូវ​រៀប​ការ និង​រាស្ត្រ តែពួក​ចាម​ជ្វា​មិន​ព្រម ដោយ​យល់​ថា «ព្រះមហា​ក្សត្រ​យក​កូន​យើង​ទៅតម្កើង​ធ្វើ​ជា​អគ្គមហេសី ម្តេច​ក៏ឲ្យ​គេ​មក​សំពះ​ជួស​ព្រះ​អង្គ​ទៅ​វិញ? សូម​ទ្រង់​យាង​ទៅ​គង់​ទន្ទឹម​នឹង​កូន​យើង​ផង តែ​យើង​មិន​អាច​ហ៊ាន​ឲ្យ​ទ្រង់​ក្រាប​សំពះ​ទេ»។ ស្តេច​ក៏​ទ្រង់​យល់​ព្រម​តាម​ពួក​ចាម​ជ្វា ក៏យក​ព្រះ​ពស្ត្រ​ហូល​យ៉ាង​ល្អ មាន​តម្លៃ​ថ្លៃ មក​តុប​តែង​ព្រះ​អង្គ ឲ្យ​ទ្រង់​សំឡុយ​ដូច​សារុង ហើយ​ថ្វាយ​អាវ​ផាយ​ដ៏​មាន​ប៉ាក់​រំលេច​ដោយ​ខ្សែ​សយ​មាស មាន​ត្បូង​ភ្លឺរន្ទាល​ច្រាល​ឆ្អៅ ឯនាង​ម៉ា​ង៉ាសទេវី បួង​សក់​ពាក់​ស្បៃ ដណ្តប់​ផាហ៊ុំ​លឿង​ទុំ តាម​របៀប​ចាម​ជ្វា។ មុន​នឹង​ចេញ​មក​ផ្ទឹម​នឹង​ស្តេច មាន​អ្នក​ចម្រៀង​ពីរ​នាក់​ច្រៀង​សុំ​កូន​ស្រី​មាន​ទំនុក​ទំនៀម​ចាម​ជ្វា​មក​ដល់​ឥឡូវនេះ។

ព្រះ​បាទ​សម្តេច​ព្រះ​នារាយណ៍​រាមា ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​របៀប​ចាម​ជ្វា​រៀប​មង្គល​ការ​ ដូច្នោះ​ហើយ ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​បណ្តា​ជន​ធ្វើ​តាម​លោក ទើប​មាន​ជាប់​ជា​ទំនៀម​ស្លៀក​សំឡុយ ពាក់​អាវ​ផាយឲ្យ​កូន​ប្រុស​ឡើង​ផ្ទឹម នឹង​កូន​ស្រី​បួស​សក់ ពាក់​ស្បៃ​ដល់​សព្វ​ថ្ងៃ៕

៖ ពី​សៀវភៅ​លំអាន​ទំនៀម​ខ្មែរ​បុរាណ រៀប​រៀង​ដោយ លោក ញាណ ភឿន និង​លោក ម៉ម ឆៃ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?