តើខេត្ត​ណា​ខ្លះ​ ដែលមាន​របាំ​ប្រពៃណី ផ្ទាល់ខ្លួន?

ពាក្យ​ប្រពៃណី ឬ​បវេណី មាន​ន័យ​ថា ទំនៀម​ ពូជពង្ស តំណ​វង្ស​ត្រកូល ដូចជា​ការ​ខិតខំ​ថែ​រក្សា​បវេណី​នៃ​ត្រកូល​របស់​ខ្លួន ឬការ​និយម​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​ជា​ដើម។ រី​ឯ​របាំ​ប្រពៃណី​វិញ​ គឺ​សម្គាល់​របាំ​ទាំង​ឡាយ​ដែល​ស្ថិត​ជាប់​នឹង​ពិធី​ប្រពៃណី ឬ​ពិធី​តំណ​ត្រកូល​ដ៏​យូរ​លង់​មក​ហើយ​របស់​ជនជាតិ​ខ្មែរ ឬ​ក៏​ជនជាតិ​ដទៃ​ទៀត​ទាំងអស់ ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ ក្នុង​តំបន់​ខុស​ៗ​គ្នា ទាំង​មាន​ការ​និយម​ដូច​គ្នា​ក្ដី ឬការ​និយម​ខុស​គ្នា​ក្ដី នៅ​តំបន់​ភ្នំ​ខ្ពង់​រាប តំបន់​វាល​ទំនាប ទន្លេ​មេគង្គ និង​តំបន់​មាត់​សមុទ្រ។

របាំ​ប្រពៃណី មាន​ដូចជា របាំត្រុដិ របាំបេះក្រវាញ របាំដាល់អំបុក របាំក្អម របាំគែន របាំក្ងោក របាំកាប់​ក្របី​ផឹកស្រា របាំស្នែង​ទន្សោង របាំកន្តៃរ៉ែ របាំសែនភ្លយ ជាដើម។ តើខេត្ត​ណា​ខ្លះ​ ដែល​មាន​របាំ​ប្រពៃណី?

ខេត្ត​ដែល​មាន​ឈ្មោះ​របាំប្រពៃណី មានដូចជា

– ខេត្តសៀមរាប៖ របាំ​ត្រុដិ របាំ​ត្រុដិនាងមេវ របាំ​ចាក់​អង្រ្កង។

– ខេត្ត​ពោធិសាត់៖ របាំបេះ​ក្រវាញ របាំ​សែនភ្លយ របាំ​ក្ងោក​ពោធិសាត់។

– ខេត្ត​កំពង់ស្ពឺ៖ របាំ​ដាល់​អំបុក របាំស្គរ របាំ​គងសួយ របាំ​ភ្លយសួយ។

– ខេត្ត​កំពង់ឆ្នាំង៖ របាំក្អម របាំបរគោ របាំ​អារក្ខចាម។

– ខេត្ត​ស្ទឹងត្រែង៖ របាំគែន របាំ​វាយគូយ។

– ខេត្ត​កំពង់ធំ៖ របាំ​ចាក់គ្រើល របាំ​ត្បាល់កាប់​(ត្បាល់ក្តឿង)។

– ខេត្ត​កណ្តាល៖ របាំ​អន្ទង់ហែល។

– ខេត្ត​តាកែវ៖ របាំច្រម។

– ខេត្ត​ស្វាយរៀង៖ របាំ​គោះ​ត្រឡោក (កណ្តូបសេះ)។

– ខេត្ត​កោះកុង៖ របាំព័ទ្ធរ៉ុង, ខេត្ត​ប៉ៃលិន៖ របាំ​ក្ងោកប៉ៃលិន។

– ខេត្ត​ក្រចេះ៖ របាំគងស្ទៀង។

– ខេត្ត​រតនគិរី៖ របាំ​រាំវង់​ភូមិថ្មី (រាំវង់​ស្រ៊ុក​ហ៊ាន​ទើម)។

– ខេត្ត​រតនគិរី-មណ្ឌលគិរី៖ របាំ​កាប់​ក្របី​ផឹកស្រា របាំ​តូណៃ​ទិន។

– ខេត្ត​កណ្តាល-តាកែវ៖ របាំ​វាយ​ក្រាប់។

– ខេត្ត​កំពង់ស្ពឺ-កំពង់ធំ៖ របាំ​កន្តៃរ៉ែ។

– ខេត្ត​ពោធិសាត់-កំពង់ឆ្នាំង៖ របាំ​ស្នែង​ទន្សោង។

– ខេត្ត​កណ្តាល-ខេត្ត​កំពង់ចាម-ខេត្តសៀមរាប៖ របាំ​គោះ​អង្រែ៕

ប្រភព​ពី chanbokeo

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?