អត្តពលិកវាយសី ១៥៨នាក់ កំពុងប្រជែងគ្នា ដើម្បីក្លាយជាអ្នកខ្លាំង ប្រចាំឆ្នាំ២០១៧

កីឡាករ កីឡាការិនីវាយសីចំនួន១៥៨នាក់ មកពីទូទាំងប្រទេសកម្ពុជា កំពុងតែធ្វើការប្រកួតប្រជែងគ្នាយ៉ាងយកចិត្តទុកដាក់ទៅតាមជំនាញ និងទេពកោសល្យរបស់ខ្លួន នៅក្នុងសាលវាយសីនៃពហុកីឡដ្ឋានជាតិ ដើម្បីក្លាយជាម្ចាស់ជយលាភី ក្នុងការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧។

អត្តពលិកទាំង១៥៨នាក់(ស្រី២៣នាក់)នេះ កំពុងតែប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាចំនួន១២ ក្នុងនោះមានការប្រកួតវាយទោលបុរសអាយុក្រោម១៣ឆ្នាំ វាយក្រុមបុរស វាយទោលនារីអាយុក្រោម១៩ឆ្នាំ វាយគូនារីអាយុ១៩ឆ្នាំឡើង វាយទោលបុរសអាយុក្រោម១៩ឆ្នាំ វាយទោលបុរសអាយុក្រោម១៧ឆ្នាំ វាយទោលបុរសអាយុ១៩ឆ្នាំឡើង វាយគូបុរសអាយុក្រោម១៩ឆ្នាំ វាយទោលបុរសអាយុក្រោម១៥ឆ្នាំ វាយទោលនារីអាយុ១៩ឆ្នាំឡើង វាយគូបុរសអាយុក្រោម១៧ឆ្នាំ និងការប្រកួតគូបុរសអាយុ១៩ឆ្នាំឡើង។

អ្នកទាំងនេះ បានប្រកួតគ្នាតាំងពីថ្ងៃអាទិត្យមកម្ល៉េះ នឹងគ្រោងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ ហើយពួកគេប្រកួតតំណាងឲ្យក្លិប-សមាគមចំនួន១១ រួមមានក្លិបព្រះខ័នរាជ, ត្រពាំងស្រែ, ខេមរៈ, ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ, ពហុកីឡដ្ឋានជាតិ បញ្ជាការដ្ឋានការពារអាកាស និងក្លិបកីឡាវាយសីខេត្តបាត់ដំបង ព្រមទាំងសមាគមកីឡាវាយសីខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងសមាគមកីឡាវាយសីខេត្តព្រះសីហនុ។

ទាក់ទងនឹងការប្រកួតនេះ លោក ជាម សុភា តំណាងសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រាប់ថា៖«ការប្រកួតថ្នាក់ជាតិ នៅឆ្នាំនេះ យើងពង្រឹងខ្លាំងទៅលើគុណភាព។ ចំណែកអត្តពលិកចូលរួមនៅឆ្នាំនេះ ឃើញថាល្អៗច្រើនជាងការប្រកួតកាលពីឆ្នាំមុន ព្រោះអត្តពលិកដែលមានអាយុក្រោម១៥ឆ្នាំ និងលើ១៥ឆ្នាំ គឺមានការកើនឡើងច្រើន ដូច្នេះយើងនឹងជ្រើសរើសអត្តពលិកវ័យក្មេងចេញពីការប្រកួតនេះ ដើម្បីដាក់ឲ្យហ្វឹកហាត់ក្នុងក្រុមយុវជនថ្នាល និងក្រុមជម្រើសជាតិ ត្រៀមការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?