ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ធុំ​ក្លិន​ជើង រាល់​ពេល​ពាក់​ស្បែក​ជើង​ប៉ា​តា?

(សុខភាព)៖ មនុស្សមួយចំនួន ក្រោយពេលពាក់ស្បែកជើងប៉ាតា តែងបំភាយក្លិនមិនល្អ ដែលអាចធ្វើឲ្យខ្លួនឯង និងអ្នកនៅជុំវិញខ្លួនមានអារម្មណ៍ មិនពេញចិត្ត។ តើមានដំណោះស្រាយអ្វីខ្លះ ដើម្បីកំចាត់ក្លិនអាក្រក់នោះ បានជារៀងរហូត? អនុវត្តតាមរូបមន្ត៩យ៉ាង ងាយៗដែលអាចធ្វើដោយខ្លួនឯងបាន មិនចាំបាច់ចំណាយប្រាក់ ទៅព្យាបាល នឹងខាតពេលវេលានោះទេ គ្រាន់តែប្រើប្រាស់គ្រឿងផ្សំ ដែលមានស្រាប់នៅផ្ទះបាយ ជាការស្រេច។

១. ម្សៅសូដា៖ ងាយស្រួលរកទិញនៅផ្សារទំនើប ហើយមានតម្លៃសមរម្យ។ អ្នកគ្រាន់តែរោយម្សៅសូដា ទៅក្នុងស្បែកជើងដែលពាក់ហើយ បន្ទាប់មកទុកវាចោលមួយយប់ ហើយគោះសំអាតវាចេញ នាពេលព្រឹក ជាការស្រេច។

២. ប្រេងខ្យល់ ឬប្រេងស្លឹកតែ៖ គ្រាន់តែដាក់ក្រដាស ដែលលាបប្រេងខ្យល់ ឬប្រេងស្លឹកតែ ទៅក្នុងស្បែកជើងទុក៣ ទៅ ៤ ម៉ោង ឬមួយយប់ប៉ុណ្ណោះ ក្លិនអាក្រក់នោះ នឹងរលាយបាត់តែម្ដង។

៣. ទឹកអាល់កុល៖ ជ្រលក់ទឹកអាល់កុល ជាមួយនឹងក្រណាត់ ញាត់វាចូលទៅខាងក្នុងស្បែកជើង ដើម្បីឲ្យវាអាចកំចាត់ក្លិន ក៏ដូចជាសម្លាប់មេរោគ ផងដែរ។

៤. ស្រោមជើង៖ ត្រូវពាក់ស្រោមជើងជានិច្ច ព្រោះវាអាចកាត់បន្ថយក្លិនជើងបាន ហើយត្រូវចាំថា អ្នកត្រូវផ្លាស់ប្ដូរស្រោមជើងជាប្រចាំ និងគក់សំអាតឲ្យបានស្អាត។

៥. កាកតែខ្មៅ៖ យកកាកតែខ្មៅ ច្រកចូលក្នុងថង់ក្រណាត់តូចស្ដើង ហើយដាក់ចូលក្នុងទឹកពុះប្រមាណ ៣ទៅ៥ នាទី ហើយទុកវាឲ្យត្រជាក់វិញ ហើយដាក់វាចូលទៅក្នុងស្បែកជើងវិញ ដោយគ្រាន់តែទុកវា ២ ទៅ ៣ ម៉ោង ជាការស្រេច។

៦. លាងសម្អាតជើង៖ ត្រូវសំងួតជើងឲ្យស្ងួត ទើបពាក់ស្បែកជើង ហើយក្រោយពេលពាក់ស្បែកជើង ត្រូវលាងសម្អាតជាមួយនឹងសាប៊ូ ហើយយកស្បែកជើងនោះ ទៅដាក់នៅកន្លែងណា ដែលមានខ្យល់អាកាសចេញចូល គ្រប់គ្រាន់។|

៧. ក្រដាសទ្រនាប់បាតជើង៖ ក្រដាសទ្រនាប់នេះស្ដើង ងាយស្រួលដើរ ពេលដែលដាក់វានៅក្នុងស្បែកជើង។ វាអាចកាត់បន្ថយការបែកញើសបាតជើង បានច្រើន។

៨. ម្ស៉ៅហុយ៖ ម្សៅហុយសម្រាប់កូនក្មេង ក៏ជាជម្រើសមួយល្អ ក្នុងការកំចាត់ក្លិនផងដែរ។ លាបម្សៅហុយនឹងប្រអប់ជើង រាល់ពេលវាចាប់ផ្ដើមបែកញើស តែព្យាយាមកុំប្រើប្រាស់ម្សៅណា ដែលមានក្លិនឆួលពេក នាំឲ្យបង្កបាក់តេរីច្រើនទៅវិញទេ។

៩. ទុកស្បែកជើងក្នុងទូទឹកកក៖ ច្រកស្បែកជើងទៅក្នុងថង់ប្លាស្ទិច ហើយទុកវាក្នុងទូទឹកកកមួយយប់ ព្រោះបាក់តេរីមិនអាចទ្រាំ ជាមួយនឹងសីតុណ្ហភាពត្រជាក់បាននោះទេ។
លោកអ្នកអាចជ្រើសរើស វិធីសាស្ត្រណាមួយ ក្នុងចំណោមវិធីសាស្ត្រខាងលើ ហើយអនុវត្តជាប្រចាំ ដើម្បីឲ្យប្រសិទ្ធភាពកាន់តែទ្វេរឡើង៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?