ចាន់ វឌ្ឍនាកា មក​ដល់​កម្ពុជា ស្រប​ពេល​បឹង​កេត ហោះ​ទៅ​វៀត​ណាម​ល្ងាច​នេះ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី នឹងធ្វើដំណើរទៅវៀតណាម នាល្ងាចថ្ងៃទី០៧ ខែធ្នូនេះ ដើម្បីចូលរួមប្រកួតវគ្គជម្រុះជើងទី១ នៃពានរង្វាន់ Toyota Mekong Cup 2017 ជាមួយក្រុម Sanna Khanh Hao FC របស់ម្ចាស់ផ្ទះវៀតណាម នាចុងសប្ដាហ៍នេះ។ ប៉ុន្ដែដំណាលគ្នានឹងការចាកចេញរបស់ក្រុមតំណាងកម្ពុជានេះ ក៏ស្របពេលកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា នឹងត្រឡប់មកដល់ទឹកដីប្រទេសកំណើតរបស់ខ្លួនវិញផងដែរ។

តាមការឲ្យដឹងពីមន្ដ្រីក្លឹបបឹងកេត បានឲ្យដឹងថា នៅម៉ោង ៦ល្ងាចនេះ សមាជិកក្លឹបទាំងអស់ នឹងហោះទៅវៀតណាម គ្រាដែលកីឡាករ ចាន់ វឌ្ឍនាកា នឹងមកដល់កម្ពុជានៅម៉ោង ៣៖៤០នាទីរសៀលនេះ។ ដូច្នេះព័ត៌មាន ដែលអ្នកគាំទ្រចង់ដឹងពេលនេះ តើកីឡាករ ចាន់ វឌ្ឍនាកា ត្រូវបន្ដដំណើរទៅវៀតណាមជាមួយក្រុមបឹងកេត ឬក៏យ៉ាងណា? ជុំវិញព័ត៌មាននេះ ថ្នាក់ដឹកនាំក្លឹបបឹងកេត ក៏កំពុងរង់ចាំចម្លើយពីកីឡាករ ចាន់ វឌ្ឍនាកា ដូចគ្នា។

សូមបញ្ជាក់ថា ក្រុមបឹងកេត ត្រូវហោះទៅវៀតណាម ព្រោះត្រូវប្រកួតជាមួយក្រុម Sanna Khanh Hao FC របស់ម្ចាស់ផ្ទះ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ Toyota Mekong Cup 2017 នៅថ្ងៃទី០៩ ខែធ្នូខាងមុខ បន្ទាប់មកការប្រកួតជើងទី២ ត្រូវឡើងលើទឹកដីកម្ពុជាវិញម្ដង នៅថ្ងៃទី១៣ ខែធ្នូដដែល ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយឡែកកីឡាករ ចាន់ វឌ្ឍនាកា ត្រូវត្រឡប់មកកម្ពុជាវិញ ក្រោយចប់កុងត្រាខ្ចីជើងជាមួយក្លឹប Fujieda MYFC របស់ជប៉ុន ។ ម្យ៉ាងវិញទៀត ដំណាលគ្នានឹងការចប់កុងត្រានេះ បឹងកេតក៏បានចុះឈ្មោះគេជាសមាជិក ដើម្បីចូលរួមពានរង្វាន់បាល់ទាត់ប្រទេសតាមដងទន្លេមេគង្គខាងលើ តែដោយសារសាមីខ្លួនមិនទាន់បញ្ចាក់ចូលរួមបាន ឬក៏អត់ ក្លឹបក៏រង់ចាំចម្លើយពី ចាន់ វឌ្ឍនាកា ផងដែរ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?