តោះមកយល់ លក្ខណៈពិសេសរបស់ ភ្លើងស្តុបថ្មី ដែលអ្នកអាចមិនដឹង ដើម្បីបញ្ចៀសការកកស្ទះ !! | BayKdang តោះមកយល់ លក្ខណៈពិសេសរបស់ ភ្លើងស្តុបថ្មី ដែលអ្នកអាចមិនដឹង ដើម្បីបញ្ចៀសការកកស្ទះ !! | BayKdang

តោះមកយល់ លក្ខណៈពិសេសរបស់ ភ្លើងស្តុបថ្មី ដែលអ្នកអាចមិនដឹង ដើម្បីបញ្ចៀសការកកស្ទះ !!

ភ្លើង​ស្តុប​ថ្មី​ជាង ១០០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​ជា​បន្ត​បន្ទាប់ ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន-កម្ពុជា ហៅ​កាត់ (JICA)។

ភ្លើង​ស្តុប​ថ្មីៗ​ដ៏​ទំនើប​ទាំង​នោះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន ខុស​ពី​ភ្លើង​ស្តុប​ចាស់ តែ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក៏​ដូចជា​អ្នក​ធ្វើ​ដំណើរ​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង​ពី​លក្ខណៈ​ពិសេស​របស់​វា​នោះ​ទេ។

បើ​តាម​ការ​រៀបរាប់របស់ ឯកឧត្ដម ហ៊ីដេហ៊ីសា ហូរីណូអុជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ក្នុងវីដេអូខ្លីមួយ ​បាន​ឲ្យ​ដឹង​ថា ភ្លើង​ស្តុប​ចរាចរណ៍​ថ្មី​នេះ មាន​ភ្ជាប់​​ប្រព័ន្ធ​ Sensor ដែល​អាច​ដឹង​ថា​នៅ​លើ​ផ្លូវ​យានយន្ត​តិច​ ឬ​ច្រើន និង​អាច​កំណត់​នាទី​ដោយ​ស្វ័យ​ប្រវត្តិ ដើម្បី​សម្រួល​ដល់​បញ្ហា​កកស្ទះ។ មាន​ន័យ​ថា ប្រសិន​បើ​នៅ​លើ​ផ្លូវ​រត់​ត្រង់ ឬ​បត់​ស្ដាំ និង​បត់​ឆ្វេង មាន​យានយន្ត​ច្រើន​ នោះ​ភ្លើង​ពណ៌​បៃតង នឹង​ពន្យារ​ពេល​កាន់​តែ​យូរ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង​នោះ​ទេ ហើយ​តែង​តែ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ភ្លើង​ស្តុប​ឥឡូវ​ចាំ​យូរ​ជាង​មុន?

លក្ខណៈ​ពិសេស​មួយ​ទៀត​នោះ ប្រសិន​បើ​នៅ​លើ​ដង​ផ្លូវ​មាន​យានយន្ត​តិច នោះ​ភ្លើង​ស្តុប​នឹង​លោត​ធម្មតា​ មិន​ពន្យារ​ពេល​នោះ​ទេ។​ បន្ថែម​លើ​ពី​នេះ​ទៀត ប្រសិន​បើ​អ្នក​បើកបរ​ទាំង​ឡាយ​ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ ឈប់​ខុស​គន្លង នោះ​ភ្លើង​ស្តុប​ថ្មី​នឹង​លោត​ពណ៌​ខុស​ប្រក្រតី។ ឧទាហរណ៍​ថា អ្នក​បើកបរ​ណា​ម្នាក់​ចង់​ទៅ​ត្រង់​ តែ​បែរ​ជា​មក​ឈប់​គន្លង​បត់​ឆ្វេង ហើយ​​ស្រាប់​តែ​កាច់​ចង្កូត​ទៅ​ត្រង់​វិញ នោះ​ភ្លើង​ស្តុប​នឹង​យល់​ថា គន្លង​បត់​ឆ្វេង​កំពុង​កកស្ទះ​ខ្លាំង។ ដូច្នេះ​ភ្លើង​ស្តុប​នឹង​បញ្ឈប់​អ្នក​ដំណើរ​តាម​ផ្លូវ​ត្រង់ ហើយ​មក​ពន្យារ​ពេល​ឱ្យ​គន្លង​បត់​ឆ្វេង​វិញ។

ដូចនេះ​មាន​ន័យ​ថា បើ​អ្នក​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា បត់​ខុស ឬ​ឈប់​ខុស​គន្លង​ នឹង​ធ្វើ​ឱ្យ​ភ្លើង​ស្តុប​ថ្មី ដំណើរការ​ខុស​ប្រក្រតី និង​បង្ក​ឱ្យ​មាន​បញ្ហា​កកស្ទះ​កាន់​តែ​ខ្លាំង​ឡើង។ ហេតុនេះ​ហើយ​ទាមទារ​ឱ្យ​អ្នក​បញ្ជា​ចង្កូត​ទាំង​អស់​គោរព​ភ្លើង​សញ្ញា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ទើប​មិន​ខាត​ពេល​វេលា និង​មិន​កក​ស្ទះ​ចរាចរណ៍។

ដូច្នេះ​ហើយ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ​ត្រូវ​គោរព​ភ្លើង​សញ្ញា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ ប្រសិនបើ​ភ្លើងពណ៌​លឿង ត្រូវ​ប្រុងប្រៀប​ឈប់ ភ្លើង​ក្រហម​ត្រូវ​តែ​ឈប់​ដាច់​ខាត ភ្លើង​បៃតង​សឹម​ចេញ​ដំណើរ និង​ត្រូវ​ឈប់​ឲ្យ​ត្រូវ​គំនូស និង​គន្លង ទើប​ភ្លើង​ស្តុប​ថ្មី​នេះ​ដំណើរ​ការ​ធម្មតា​មិន​ខុស​ប្រក្រតី៕ ​

អត្ថបទដោយ៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77