​ក្រសួង​កសិកម្ម ព្រមាន​ថា បើ​សត្វល្អិតចង្រៃ «ខ្មួតកាប្រា» ​ចូល​មក​កម្ពុជា នោះផលិតផលកសិកម្ម គឺចប់តែម្តង! | BayKdang ​ក្រសួង​កសិកម្ម ព្រមាន​ថា បើ​សត្វល្អិតចង្រៃ «ខ្មួតកាប្រា» ​ចូល​មក​កម្ពុជា នោះផលិតផលកសិកម្ម គឺចប់តែម្តង! | BayKdang

​ក្រសួង​កសិកម្ម ព្រមាន​ថា បើ​សត្វល្អិតចង្រៃ «ខ្មួតកាប្រា» ​ចូល​មក​កម្ពុជា នោះផលិតផលកសិកម្ម គឺចប់តែម្តង!

(ភ្នំពេញ)៖ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានអំពាវនាវឲ្យសមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមច្រកទ្វាព្រំដែនទាំងអស់ ត្រូវត្រួតពិនិត្យ ចំពោះករណីការឆ្លងចូល និងវត្ដមានប្រភេទសត្វចង្រៃ «ខ្មួតកាប្រា» ហើយប្រសិនជាសត្វនេះ ចូលមកក្នុងប្រទេសកម្ពុជា កម្ពុជានឹងមិនអាចនាំចេញផលិតផលកសិផល ទៅក្រៅប្រទេសបាននោះទេ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន តាមរយៈកិច្ចសម្ភាសន៍ តាមទូរស័ព្ទ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក ហ៊ាន វណ្ណហន បានប្រាប់ឲ្យដឹងថា «ប្រសិនជាសត្វខ្មូតកាប្រានេះ ចូលមកកម្ពុជា យើងមិនអាចនាំចេញទំនិញបានទេ»។ លោកថា «ប្រទេសកម្ពុជា មិនទាន់មាននោះទេ ប៉ុន្ដែបើសិនជាមាន ប្រទេសកម្ពុជា គឺចប់តែម្ដងនៃការនាំចេញ ទៅណាក៏មិនបាននោះដែរ»

លោក ហ៊ាន វណ្ណហន បានឲ្យដឹងថា ប្រភេទសត្វនេះ គឺវារាតត្បាតលើផលិតផលរាប់រយមុខ ដោយវាអាចរស់ដោយគ្មានចំណីលើសពី៩ខែ អាចរស់បានរហូត៦ឆ្នាំ និងវាធន់នឹងថ្នាំ មិនងាយនឹងកំចាត់។ វាអាចមានរហូតលើសំបកបាវចាស់ សំបកកុងតឺន័រលើរថយន្ដ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្នពាណិជ្ជកម្មអន្ដរជាតិ ការនាំចេញ-នាំចូល កំពុងតែកើនឡើងគ្រប់លំដាប់ ហើយការនាំចូលមកប្រទេសកម្ពុជា មិនទាន់មានអ្នកឯកទេស ដែលបានត្រួតពិនិត្យម៉ត់ចត់នៅឡើយនោះទេ។

លោកថា «ចំពោះសត្វប្រភេទនេះ ពិភពលោកមានការភ័យខ្លាចខ្លាំងណាស់»

លោកបន្ដទៀតថា ប្រភេទសត្វនេះ គឺវាមាននៅក្នុងប្រទេសឥណ្ឌា និងនៅក្នុងប្រទេសជាច្រើនទៀត នៅជុំវិញពិភពលោក។ ដើម្បីទប់ស្កាត់ មិនលំបាក់នោះទេ គឺសមត្ថកិច្ចតាមច្រកទ្វាផ្លូវព្រំដែន ត្រូវត្រួតពិនិត្យ មុនអនុញ្ញាតឲ្យចូលមកប្រទេសកម្ពុជា។

លោកបន្ថែមទៀតថា ការទប់ស្កាត់បែបនេះ គឺដើម្បីចូលរួមជួយការពារផលិតផលកសិកម្មរបស់ប្រទេស ក៏ដូចជាសេដ្ឋកិច្ចជាតិ បើសិនជាមានវត្ដមានវា គឺមិនអាចនាំចេញអ្វីទាំងអស់ ទៅក្រៅប្រទេស ព្រោះថា ប្រទេសគេដទៃ មានការព្រួយបារម្ហខ្លាច នៅក្នុងការចម្លង ចំពោះប្រភេទសត្វនេះណាស់ កុំថាឡើយការនាំទំនិញ សូម្បីតែមធ្យោបាយដឹកជញ្ជូនឆ្លងកាត់ប្រទេស ក៏គេអាចមិនឲ្យឆ្លងកាត់ផងដែរ។

មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ ក៏បានអំពាវនាវ ឲ្យសមត្ថកិច្ចដែលមានតួរនាទីត្រួតពិនិត្យ នៅតាមច្រកទ្វាព្រំដែន ជួយត្រួតពិនិត្យមើល នៅក្នុងករណីនេះ ប្រសិនបើវាបានឆ្លងចូលមកហើយ គឺការកំចាត់លំបាកបំផុត ទោះជាចំណាយរាប់ពាន់លានដុល្លារ ក៏មិនអាចលុបបំបាត់បានឡើយ។ លោក ហ៊ាន វណ្ណហន បានបញ្ជាក់ថា កុំថាឡើយសមត្ថភាព ឬក៏ធនធានរបស់កម្ពុជា សូម្បីតែសហរដ្ឋអាមេរិក ក៏មិនអាចលុបបំបាត់ប្រភេទសត្វ «ខ្មួតកាប្រា» ទៅវិញបានទេ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77