អាមេរិក កំពុង​ត្រៀម​ទណ្ឌកម្ម​ឡើងវិញ ដើម្បី​ដាក់​លើ​អ៊ីរ៉ង់! | BayKdang អាមេរិក កំពុង​ត្រៀម​ទណ្ឌកម្ម​ឡើងវិញ ដើម្បី​ដាក់​លើ​អ៊ីរ៉ង់! | BayKdang

អាមេរិក កំពុង​ត្រៀម​ទណ្ឌកម្ម​ឡើងវិញ ដើម្បី​ដាក់​លើ​អ៊ីរ៉ង់!

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានឱ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់ ហើយការលើកឡើង បែបនេះធ្វើឡើងនៅមុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តថា តើត្រូវដាក់ទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ ឬក៏យ៉ាងណា ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្នីសីទដ៏ខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Steven Mnuchin បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំរំពឹងថា នឹងមានការដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់ ហើយយើងនឹង បន្តឃ្លាំមើលពួកគេ»។ ការលើកឡើងបែបនេះរបស់ លោក Mnuchin ធ្វើឡើងនៅមុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើការសម្រេចចិត្តថា តើត្រូវដាក់ទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ ឬក៏យ៉ាងណា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ ខណៈការសម្រេចចិត្តនឹងត្រូវផុតកំណត់ នៅត្រឹមថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។

គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០១៥ អ៊ីរ៉ង់ និងមហាអំណាច ៥ បូក ១ មានចិន រុស្ស៊ី អង់គ្លេស បារាំង សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានឈានដល់កិច្ចព្រមព្រៀងស្ដីពី កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមានបំណងដកទណ្ឌកម្មសេដ្ឋកិច្ចពីអ៊ីរ៉ង់ ជាថ្នូរនឹងការបញ្ឈប់ការអភិវឌ្ឍកម្មវីធីអាវុធនុយក្លេអ៊ែរ របស់ទីក្រុងតេហេរ៉ង់។ ក៏ប៉ុន្តែកាលពីខែតុលា ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីរ៉ង់មិនបានគោរពតាមកិច្ចព្រមព្រៀងនេះ និងគំរាមដកខ្លួនចេញទៀតផងព្រោះលោកយល់ថា វាបំផ្លាញដល់ផលប្រយោជន៍អាមេរិក៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77