ព្រឹត្តិការណ៍​រត់​ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ​នៅ​អង្គរ ត្រឡប់​មកវិញ​ជាថ្មី​សប្ដាហ៍​ក្រោយ | BayKdang ព្រឹត្តិការណ៍​រត់​ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ​នៅ​អង្គរ ត្រឡប់​មកវិញ​ជាថ្មី​សប្ដាហ៍​ក្រោយ | BayKdang

ព្រឹត្តិការណ៍​រត់​ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ​នៅ​អង្គរ ត្រឡប់​មកវិញ​ជាថ្មី​សប្ដាហ៍​ក្រោយ

(ភ្នំពេញ)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ខេត្តសៀមរាប ឆ្នាំ២០១៨ ចម្ងាយ ១២៨គីឡូម៉ែត្រ ដែលប្រសិទ្ធនាមថា ព្រឹត្តិការណ៍ «Angkor Ultra Trail 2018» លើកទី៣ នឹងត្រឡប់មកវិញជាថ្មីនៅថ្ងៃទី១៩-២០ ខែមករាសប្ដាហ៍ក្រោយ។ នេះបើតាមការប្រកាសផ្លូវការក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកមិញ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ការរត់ប្រណាំងចម្ងាយឆ្ងាយឆ្នាំនេះ គឺមានអត្តពលិកប្រមាណ ៧០០នាក់ហើយ ដែលបានចុះឈ្មោះចូលរួម និងមកពី ៣៥ប្រទេសលើពិភពលោក ខណៈចំនួននេះ កើនឡើងប្រមាណ ១០% បើធៀបនឹងកាលពីឆ្នាំ២០១៧ ដែលមានអ្នកចូលរួមត្រឹម ៥០០នាក់។ តាមរយៈកំណើនអ្នកចូលរួមនេះ លោកបានចាត់ទុកជាជោគជ័យថ្មីមួយ ក្នុងការរៀបចំព្រឹត្តិការណ៍បែបទេសចរណ៍ដ៏ធំ ដែលទាមទារឲ្យអ្នកចូលរួមមានសមត្ថភាពកម្រិតអាជីព។

ប៉ុន្ដែអ្វីដែលរឹតតែពិសេសឆ្នាំនេះ នឹងមានកីឡាការិនីកូនកាត់ខ្មែរ-បារាំងម្នាក់ ចូលរួមរត់លើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ។ លោក វ៉ាត់ ចំរើន ថ្លែងថា ការចូលរួមរបស់កីឡាការិនីកូនកាត់រូបនេះ (មិនទាន់ស្គាល់ឈ្មោះ) នឹងជាឱកាសពិសេសសម្រាប់គណៈកម្មការជំនាញ ពិសេសសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានតាមដាន ក៏ដូចជាធ្វើតេស្ដសមត្ថភាពរបស់គេ ហើយប្រសិនបើកីឡាការិនីវ័យក្មេងរូបនេះ អាចរត់បានក្នុងថិរវេលាក្រោម ៣ម៉ោង នោះ NOCC នឹងពិចារណាក្នុងការផ្ដល់សិទ្ធិឲ្យគេចូលក្រុមជម្រើសជាតិកម្ពុជាតែម្ដង។

ដោយឡែកពាក់ព័ន្ធនឹងគោលបំណងសំខាន់ ដែល NOCC និងអាជ្ញាធរខេត្តសៀមរាប សហការជាមួយជនជាតិបារាំង ដើម្បីរៀបចំព្រឹត្តិការណ៍នេះ លោកបញ្ជាក់ថា «គោលដៅទី១ គឺផ្សព្វផ្សាយឲ្យបណ្ដាប្រទេសលើពិភពលោក ពិសេសភ្ញៀវទេសចរជាង ៣៥ប្រទេសចូលរួមបានដឹងពីស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្សព្វផ្សាយ និងចូលរួមថែរក្សាគោលដៅទេសចរណ៍ប្រវត្ដិសាស្ដ្ររបស់កម្ពុជា គឺតំបន់អង្គរ ខេត្តសៀមរាប។ ទី២ គឺជាការរួមចំណែកស្វែងរកមូលនិធិសម្រាប់ជួយដល់ការងារមនុស្សធម៌ តាមអង្គរការ និងមន្ទីរពេទ្យមួយចំនួនផងដែរ»។

ជាមួយគ្នានោះលោក Le Cornec Jean Claude ជនជាតិបារាំង ដែលជាអ្នករៀបចំការប្រកួតនេះ បានបញ្ជាក់ផងដែរថា ដោយមានការគាំទ្រពី NOCC លោករំពឹងថា នៅឆ្នាំបន្ដបន្ទាប់ ព្រឹត្តិការណ៍ Angkor Ultra Trail នឹងទទួលបានជោគជ័យកាន់តែធំ ដោយសារតំបន់អង្គរ គឺជាទីតាំងដ៏ល្អក្នុងការរៀបចំការរត់ប្រណាំងចម្ងាយ។ តែទន្ទឹមជាមួយគ្នា លោកក៏ទទួលស្គាល់ពីឧបសគ្គក្នុងការផ្សព្វផ្សាយទៅលើឆាកអន្ដរជាតិ ដើម្បីទាក់ទាញការចូលរួមរបស់ភ្ញៀវបរទេសដែរ។ ប៉ុន្ដែលោកបានអះអាងថា នឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីគៀងគរអ្នករត់កម្រិតអាជីពលើពិភពលោក មកចូលរួមរត់លើទឹកដីកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ២០១៨ គឺបែងចែកជា ៣វិញ្ញាសាសម្រាប់រត់ដូច ២ឆ្នាំកន្លងទៅដែរ រួមមានវិញ្ញសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ, រត់ចម្ងាយ ៦៤គីឡូម៉ែត្រ និងរត់ចម្ងាយ ៤២គីឡូម៉ែត្រ។ ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានលទ្ធភាពចូលរួមរត់លើវិញ្ញាសាណាមួយ ប្រសិនបើអាចត្រូវចូលរួម ដើម្បីគាំទ្រព្រឹត្តិការណ៍មួយនេះឈានទៅរកភាពជោគជ័យ ដូចព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ផ្សេងៗទៀត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77