ផ្កាយ​រណប ៣១គ្រឿង ត្រូវ​បាន​ឥណ្ឌា​បាញ់​បង្ហោះ​ក្នុង​ពេល​តែមួយ ទៅ​កាន់​គន្លង​តារា​វិថី នៅ​ថ្ងៃសុក្រ​នេះ! | BayKdang ផ្កាយ​រណប ៣១គ្រឿង ត្រូវ​បាន​ឥណ្ឌា​បាញ់​បង្ហោះ​ក្នុង​ពេល​តែមួយ ទៅ​កាន់​គន្លង​តារា​វិថី នៅ​ថ្ងៃសុក្រ​នេះ! | BayKdang

ផ្កាយ​រណប ៣១គ្រឿង ត្រូវ​បាន​ឥណ្ឌា​បាញ់​បង្ហោះ​ក្នុង​ពេល​តែមួយ ទៅ​កាន់​គន្លង​តារា​វិថី នៅ​ថ្ងៃសុក្រ​នេះ!

(ញូដេលី)៖ នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាបានសម្រេចការបាញ់បង្ហោះ ផ្កាយរណបចំរុះចំនួន ៣១គ្រឿង តាមរយៈគ្រាប់រ៉ុក្កែតតែមួយ ទៅកាន់គន្លងតារាវិថី ដែលនេះនឹងក្លាយជាភាពជោគជ័យថ្មីមួយសម្រាប់វិស័យអវកាសឥណ្ឌា ស្ថិតនៅក្នុងគោលដៅចំណាយតិច តែទទួលបាននូវអត្ថប្រយោជន៍ខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។

អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា ISRO បានប្រកាសកន្លងទៅនេះថា ខ្លួននឹងធ្វើការបាញ់បង្ហោះផ្កាយរណបសរុបចំនួន ៣១គ្រឿង ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតតែ ១ ប៉ុណ្ណោះទៅកាន់គន្លងគោចរនៃភពផែនដី ដែលនេះជាគំរោងធំ និងសន្សំសំចៃបំផុតមួយ សម្រាប់ដើមឆ្នាំ២០១៨ ខាងមុខ។

មន្ត្រីរបស់ ISRO បានបញ្ជាក់កាលពីសប្តាហ៍មុនយ៉ាងដូច្នេះថា «បេសកកម្មខាងលើនេះ គឺបេសកកម្មដំបូង នៃការបាញ់បង្ហោះដោយប្រើម៉ាស៊ីន PSLV (Polar Satellite Launch Vehicle) បន្ទាប់ពីការទទួលបរាជ័យ លើការបាញ់បង្ហោះផ្កាយរណបកំណត់ទីតាំង IRNSS-1H កាលពីខែសីហាកន្លងទៅ។ បេសកកម្មសំខាន់លើនេះ ក៏មានផ្ទុកនូវផ្កាយរណបអង្កេតផែនដី Cartosat-2 ពីរគ្រឿងរបស់ឥណ្ឌាផងដែរ…»។

គួរបញ្ជាក់ថា ផ្កាយរណបចំនួន ២៨គ្រឿងតូចៗ ដែលត្រូវបាញ់បាញ់នោះ គឺបានមកពីប្រទេសមួយចំនួនដូចជា ហ្វាំងឡង់ និងសហរដ្ឋអាមេរិក ហើយមួយចំនួនទៀត គឺជារបស់ឥណ្ឌាខ្លួនឯង។ ការបាញ់ធ្វើឡើងនៅកំពង់ផែអវកាស Sriharikota ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh នៃឆ្នេរសមុទ្រភាគអាគ្នេយ៍ប្រទេសឥណ្ឌា៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77