ក្រសួង​អប់​រំ ប្រគល់​ជូន​ថវិកា​ជិត​កន្លះ​លាន​ដុល្លារ ដល់​​ម្ចាស់​​មេ​​ដាយ ៥​ព្រឹត្តិ​ការណ៍​កីឡា | BayKdang ក្រសួង​អប់​រំ ប្រគល់​ជូន​ថវិកា​ជិត​កន្លះ​លាន​ដុល្លារ ដល់​​ម្ចាស់​​មេ​​ដាយ ៥​ព្រឹត្តិ​ការណ៍​កីឡា | BayKdang

ក្រសួង​អប់​រំ ប្រគល់​ជូន​ថវិកា​ជិត​កន្លះ​លាន​ដុល្លារ ដល់​​ម្ចាស់​​មេ​​ដាយ ៥​ព្រឹត្តិ​ការណ៍​កីឡា

(ភ្នំពេញ)៖ ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំនួន ១.៧៤២.៩០០.០០០រៀល (ជាង ៤៣ម៉ឺនដុល្លារ) ត្រូវបានលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡការិនី ដែលដណ្ដើមបានមេដាយលើឆាកអន្ដរជាតិចំនួន ៥ព្រឹត្តិការណ៍ផ្សេងគ្នារួចរាល់ហើយនៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

នេះគឺជាលើកទី២ ហើយ ដែលរាជរដ្ឋាភិបាលចំណាយថវិកាទ្រង់ទ្រាយធំ ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំរបស់អត្តពលិកម្នាក់ៗ រហូតដណ្ដើមបានមេដាយជូនជាតិ កាលពីឆ្នាំ២០១៧។ ប៉ុន្ដែការប្រគល់ប្រាក់រង្វាន់ធំលើកទី១ ដែលធ្វើឡើងកាលពីចុងឆ្នាំ២០១៧ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្ដេចបានប្រគល់ប្រាក់រង្វាន់អត្តពលិកជាច្រើនប្រភេទ ក្នុងរង្វង់ទឹកប្រាក់សរុបជាង ៧,០០០លានរៀល ឬជាង ១,៧លានដុល្លារ។

ដោយឡែកសម្រាប់ការផ្ដល់ជូនប្រាក់រង្វាន់រាជរដ្ឋាភិបាលលើកទី២ កាលពីម្សិលមិញ រួមមានការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី៩ នៅម៉ុងហ្គោលី ដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ ទទួលបានប្រាក់រង្វាន់ ៣៨៤.០០០.០០រៀល។ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោក នៅកូរ៉េខាងជើង ដណ្ដើមបានមេដាយប្រាក់១ និងសំរឹទ្ធ៤ ទទួលបានប្រាក់រង្វាន់ ៨៤៨.០០០.០០រៀល។ ការប្រកួតស៊ូរិនហ្ស៊ិកាំប៉ូជើងឯកពិភពលោក នៅសហរដ្ឋអាមេរិក ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ទទួលបានប្រាក់រង្វាន់ ១២៨.០០០.០០រៀល។

ដោយឡែកព្រឹត្តិការណ៍នៃការប្រកួតកីឡាហ្វ្រង់កូហ្វូនីហ្គេម លើកទី៨ នៅប្រទេសកូឌីវ័រ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ទទួលបានប្រាក់រង្វាន់ ១២៨.០០០.០០រៀល។ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ដណ្ដើមបានមេដាយមាស៣ ប្រាក់ ១០ និងសំរឹទ្ធ១៧ ទទួលបានប្រាក់រង្វាន់ ២៥៤.៩០០.០០០រៀល។ ប៉ុន្ដែការប្រគល់រង្វាន់លក្ខណៈទ្រង់ទ្រាយធំបែបនេះ គឺនៅសល់មួយលើកទៀត ដែលគ្រោងធ្វើនាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77