កីឡាករបរទេស​ចុងក្រោយរបស់​ភ្នំពេញក្រោន គឺជាសមាជិក​ក្រុមជម្រើសជាតិ​ឡេសូតូ | BayKdang កីឡាករបរទេស​ចុងក្រោយរបស់​ភ្នំពេញក្រោន គឺជាសមាជិក​ក្រុមជម្រើសជាតិ​ឡេសូតូ | BayKdang

កីឡាករបរទេស​ចុងក្រោយរបស់​ភ្នំពេញក្រោន គឺជាសមាជិក​ក្រុមជម្រើសជាតិ​ឡេសូតូ

(ភ្នំពេញ)៖ ទីបំផុតអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោម បានបង្ហាញកីឡាករបរទេសទី៥ ដើម្បីបង្គ្រប់កូតាកីឡាករបរទេស សម្រាប់ត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ បានហើយ គឺកីឡាករ Tsotleho JANE សមាជិកក្រុមជម្រើសជាតិប្រទេសឡេសូតូ នៃតំបន់អាហ្វ្រិកខាងត្បូង។

បើតាមសេចក្ដីប្រកាសរបស់ភ្នំពេញក្រោន បានឲ្យដឹងថា កីឡាករ Tsotleho JANE បានចូលលេងបាល់ទាត់លើទឹកដីកំណើតតាំងពីអាយុ ៤ឆ្នាំ។ ប៉ុន្ដែក្រោយផ្លាស់ទៅរស់នៅលើទឹកដីអាមេរិកក្នុងឆ្នាំ២០០៤ គេបានចូលរួមជាមួយក្រុមមហាវិទ្យាល័យ Maryland Terrapin រហូតដល់ឆ្នាំ២០១៣ ទើបចូលលេងឲ្យក្លឹបលីគទី២ អាមេរិក United FC និងផ្លាស់ទៅលេងឲ្យក្រុម Wilmington Hammerheads នៅឆ្នាំ២០១៤-២០១៥ និងក្លឹប Richmond Kickers កាលពីឆ្នាំ២០១៦។ តែអ្វីដែលពិសេស Tsotleho JANE បានជាប់ជម្រើសជាតិនៃប្រទេសឡេសូតូ តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា Tsotleho JANE គឺជាកីឡាករបរទេសចុងក្រោយ ដែលត្រៀមរួមគ្នាធ្វើសង្គ្រាមលើសមរភូមិជាមួយក្រុមភ្នំពេញក្រោន នារដូវកាលថ្មីខាងមុខនេះ បន្ទាប់ពីកីឡាករបរទេស ៤សញ្ជាតិផ្សេងទៀត ដែលក្លឹបបានចុះកិច្ចសន្យាកាលពីពេលថ្មីៗ ដូចជាកីឡាករជប៉ុន Atsushi Shirota, កីឡាករអាមេរិក Jonny Campbell, កីឡាករអ៊ីរ៉ង់ Pouya Hossein និងកីឡាករអង់គ្លេស Jorrin John៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77