រត់ពាក់កណ្ដាល​​ម៉ារ៉ាតុង​ក្រុង​ព្រះសីហនុ​​រំពឹង​ជោគជ័យ ទោះបី​មាន​កំណើន​ចូលរួម​​តិចតួចក្ដី | BayKdang រត់ពាក់កណ្ដាល​​ម៉ារ៉ាតុង​ក្រុង​ព្រះសីហនុ​​រំពឹង​ជោគជ័យ ទោះបី​មាន​កំណើន​ចូលរួម​​តិចតួចក្ដី | BayKdang

រត់ពាក់កណ្ដាល​​ម៉ារ៉ាតុង​ក្រុង​ព្រះសីហនុ​​រំពឹង​ជោគជ័យ ទោះបី​មាន​កំណើន​ចូលរួម​​តិចតួចក្ដី

(ភ្នំពេញ)៖ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិក្រុងព្រះសីហនុ លើកទី៧ ឆ្នាំ២០១៨ គ្រោងនឹងរៀបចំនៅថ្ងៃទី១១ ខែមីនាខាងមុខនេះហើយ ដោយគណៈកម្មការរៀបចំរំពឹងយ៉ាងហោចអ្នកចូលរួមជាង ២,០០០នាក់ ។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញ ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា បច្ចុប្បន្នមានអ្នកចុះឈ្មោះជាង ១ពាន់នាក់ហើយ ក្នុងនោះមានជនបរទេសជាង ២០០នាក់មកពី ២៨ប្រទេសលើពិភពលោក ។ តែការចុះឈ្មោះនឹងបន្ដទទួលពាក្យ រហូតដល់មុនកម្មវិធីចាប់ផ្ដើមមួយសប្ដាហ៍ ដូច្នេះទម្រាំងដល់ថ្ងៃប្រកួតលោករំពឹថា នឹងមានអ្នកចូលរួមលើសពី ២ពាន់នាក់ ។ តែចំនួននេះ បើធៀបនឹង ៦ឆ្នាំកន្លងមក គឺមានកំណើតបន្ដិចបន្ដួចប៉ុណ្ណោះ ដោយសារមធ្យោបាយធ្វើដំណើរ ពិសេសការធ្វើដំណើរតាមយន្ដហោះផ្ទាល់ទៅក្រុងព្រះសីហនុ មិនទាន់ឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវបរទេសនៅឡើយ ។

ប៉ុន្ដែទោះជាបែបនេះក្ដី ថ្នាក់ដឹកនាំ NOCC នៅតែមានជំនឿចិត្តយ៉ាងមុតមាំ ក្នុងការទាក់ទាញភ្ញៀវបរទេសមកចូលរួមឲ្យបានកាន់តែច្រើន និងជំរុញព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ ឲ្យកាន់តែជោគជ័យនាពេលអនាគត ដូចទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរដែរ ដោយសារបច្ចុប្បន្នខេត្តព្រះសីហនុ បាននឹងកំពុងរីកចម្រើនខ្លាំង ក្នុងនោះគម្រោងសាងសង់ផ្លូវហាយវ៉េពីរាជធានីភ្នំពេញ ក៏ខិតជិតនឹងចាប់ផ្ដើម ។ ហេតុនេះ NOCC ជឿជាក់ថា នៅថ្ងៃអនាគត អ្នកចូលរួមរត់នៅក្រុងព្រះសីហនុ នឹងមានកំណើនច្រើនជាងឆ្នាំកន្លងមក ។ សម្ដីលោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម ។

ដោយឡែកលោក សែម ផល្លា អ្នកបច្ចេកទេសរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ បានបញ្ជាក់ថា បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធ នាខេត្តព្រះសីហនុ គឺមានស្ថានភាពល្អប្រសើរ ដែលលោកបានចាត់ទុកជាទីតាំងដ៏ល្អមួយក្នុងតំបន់ សម្រាប់រៀបចំការរត់ចម្ងាយឆ្ងាយ ។ តែអ្វីដែលជាឧសបគ្គ គឺខេត្តព្រះសីហនុ មិនទាន់មានដំណរភ្ជាប់ សម្រាប់ការធ្វើដំណើរតាមយន្ដហោះផ្ទាល់ ។ ដូច្នេះ គណៈកម្មការរៀបចំ បាននឹងកំពុងធ្វើការងារជាមួយស្ថាប័នអន្ដរជាតិ ដើម្បីគៀងគរឲ្យមានការចូលរួមពីភ្ញៀវបរទេសកាន់តែច្រើន ដូចទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ ដែលមានអ្នកចូលរួមជាង ១ម៉ឺននាក់នាថ្ងៃខាងមុខដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77