អំបិល និងសុខភាពរបស់យើង | BayKdang អំបិល និងសុខភាពរបស់យើង | BayKdang

អំបិល និងសុខភាពរបស់យើង

(សុខភាព)៖ ប្រសិនបើអ្នកមានជំងឺលើសឈាម អ្នកប្រហែលជាត្រូវកាត់បន្ថយជាតិអំបិល នៅក្នុងរបបអាហាររបស់អ្នក។ ដោយឡែកការរកឃើញថ្មីមួយ ក៏បានលើកឡើងដែរថា សូដ្យូមជាកត្តាចំបងមួយ នៅក្នុងការចំរុញសម្ពាធឈាមឲ្យកើនឡើង។ ក្រុមអ្នកស្រាវជ្រាវមួយក្រុម ក៏បានលើកគំនិតផ្ទុយឡើងថា ការមានសម្ពាធឈាមខ្ពស់ ត្រូវមានការជាប់ទាក់ទងយ៉ាងខ្លាំង ទៅនឹងរបបអាហារ ដែលមានសារធាតុខនិជទាប ដូចជា កាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម មិនមែនសារជាតិសូដ្យូមឡើយ។

ជាមួយគ្នានេះដែរ ទិន្នន័យថ្មីនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥៧ ស្តីពីការស្រាវជ្រាវសម្ពាធឈាមខ្ពស់នៅ ទីក្រុងវ៉ាស៊ីនតោន របស់សមាគមគ្រូពេទ្យជំងឺបេះដូង នៃសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក្តីក្រុមអ្នកស្រាវជ្រាវ ដែលបានសិក្សាទៅលើអ្នកមានជំងឺលើសឈាម អស់រយៈពេលជិត២ឆ្នាំ បានធ្វើការអះអាងថា ការកើនឡើងនៃសម្ពាធឈាមខ្ពស់ នៅតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹង សារជាតិសូដ្យូម ឬអំបិល។

ការសិក្សាថ្មីនេះ ត្រូវបានចូលរូមដោយអ្នកស្ម័គ្រចិត្ត ចំនួន ៣៣០០០នាក់ ដោយពួកគេត្រូវបានវាស់សម្ពាធឈាម ហើយត្រូវឲ្យឆ្លើយសំណួរ ដែលទាក់ទងទៅនឹងរបបអាហាររបស់ពួកគេ។ រួចហើយក្រុមអ្នកស្រាវជ្រាវបានធ្វើការបែងចែក អ្នកទាំងនោះជា ៤ក្រុម ដោយគិតទៅលើរបបអាហារ ដែលពួកគេទទួលទានជាប្រចាំថ្ងៃ។

ក្រោយមកលទ្ធផល បានបង្ហាញឲ្យឃើញថា អ្នកដែលបានទទួលទានសូដ្យូមច្រើន អ្នកនោះសម្ពាធឈាមប្រែប្រួលខ្លាំង ចំណែកឯអ្នកដែលបានទទួលទានកាល់ស្យូមបែរជាមានសម្ពាធឈាមចុះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77