គំនិតគួរពិចារណា! តើគួររត់គេច ឬគួរវាយតប? | BayKdang គំនិតគួរពិចារណា! តើគួររត់គេច ឬគួរវាយតប? | BayKdang

គំនិតគួរពិចារណា! តើគួររត់គេច ឬគួរវាយតប?

ការរត់គេច ឬវាយតបត ក្រោយពីខ្លួនបានទទួលសម្ពាធផ្លូវចិត្ត ឬការភ័យខ្លាច មិនអាចគ្រប់គ្រងខ្លួនបាន មិនអាស្រ័យទៅលើឋានៈ ចំណេះដឹង ងារជាបណ្ឌិតនោះទេ ។

ការរត់គេច ឬ វាយតបតវិញ វាជាប្រតិកម្មផ្លូវចិត្តរបស់មនុស្សម្យ៉ាង ដែលហៅថា Fight-or-flight response ។ បើនៅក្នុងស្ថានភាព ដែលមនុស្ស អាចមានឱកាសតដៃ វាយត្រឡប់ទៅវិញ ហៅថា Fight response ហើយបើមិនអាចតដៃ មនុស្សនឹងរត់គេចខ្លួន ដើម្បីការពារខ្លួន ហៅថា Flight or flee-response ។

ក្រោយពីខ្លួនបានសាងកំហុស ក្នុងចិត្តលោកបណ្ឌិតនៅភ័យខ្លាច ទើបរត់គេចដើម្បីការពារខ្លួន ដោយសារតែមានការវាយប្រហារពីសំណាក់បងប្អូនពលរដ្ឋ លោកមិនមានឱកាសនឹងវាយតបតទេ ទើបនៅស្ងៀម ទទួលរងការវាយដំនោះ នេះហៅថា ដំណាក់កាល freezing behavior គឺជាអាកប្បកិរិយា ដែលនៅស្ងៀម មិនតបតអ្វីទាំងអស់ ហើយក៏លែងរត់គេចតទៅទៀត ព្រោះត្រូវគេចាប់បាន ។

មិនថាតែបណ្ឌិត ឬ អ្នកគ្មានចំណេះដឹងខ្ពង់ខ្ពស់ទេ វាកើតឡើងចំពោះមនុស្សគ្រប់រូប បើមានព្រឹត្តិការណ៍គំរាមកំហែងដល់ផ្លូវចិត្ត នោះប្រព័ន្ធសរសៃប្រសាទស្វ័យប្រវត្តិ (Automatic nervous system) នឹងឆ្លើយតបទៅហេតុការណ៍នោះវិញ បើមិនអាចវាយតបត ក៏ត្រូវរត់គេចខ្លួន បើរត់គេចមិនបាន ត្រូវគាំងស្ងៀមមួយកន្លែង ។ ករណីបែបនេះ ស្រដៀងទៅនឹង ការបុកជនរងគ្រោះចំពីមុខហើយ កិនបន្ថែមឲ្យស្លាប់តែម្តង ដើម្បីកាត់បន្ថយថ្លៃសំណង ។ ខួរក្បាលមនុស្សចេះតែរកនឹកដំណោះស្រាយ ដែលអាចទៅរួច ពេលខ្លួនជួបបញ្ហាបន្ទាន់។ នេះបើយើងឈរលើជំហរការឆ្លើយតបផ្លូវចិត្តរបស់ជនល្មើស ។

ចំណែកការឆ្លើយតប របស់ប្រជាពលរដ្ឋ ក៏មានមូលហេតុដែរ វាអាចឆ្លុះបញ្ចាំងពីការអស់ទំនុកចិត្តទៅលើប្រព័ន្ធតុលាការនៃកម្ពុជា ដែលពួកគាត់ធ្លាប់ជួបរឿងអយុត្តិធម៌កន្លងមក ដោយមិនមានយុត្តិធម៌ចំពោះជនរងគ្រោះ ក្រោយតុលាការសម្រេចសាលក្រម ជនរងគ្រោះទទួលសំណងតិច ហើយជនល្មើស នៅក្រៅឃុំជាដើម ទើបជុំរុញឲ្យពលរដ្ឋ មានអាកប្បកិរិយា បញ្ចេញកំហឹងទៅលើជនល្មើសដោយផ្ទាល់តែម្តង ។

ហើយក៏នៅមានកត្តាដទៃទៀតរួមចំណែកជាមូលហេតុនៅក្នុងហេតុការណ៍នេះដែរ ។ រឿងដដែលកើតឡើងនៅក្នុងសង្គមដដែល នៅតែគ្មានដំណោះស្រាយមានប្រសិទ្ធភាពណាមួយ ឲ្យពលរដ្ឋរស់បានសុខ ។ ទោះជាយ៉ាងណា ការសម្លាប់ជីវិតមនុស្សមិនមែនជាដំណោះស្រាយ ដើម្បីរកឃើញយុត្តិធម៌ទេ ។ ហើយការផ្តល់ចំណេះដឹងផ្នែកច្បាប់ និងសង្គម ដល់ប្រជារាស្រ្ត តាមប្រព័ន្ធអបរំ ទើបជារឿងមេដឹកនាំត្រូវធ្វើ ។

អ្នកដឹកនាំឆ្លាត មិនដែលអភិវឌ្ឍន៍ប្រទេស ដោយឲ្យប្រជាពលរដ្ឋខ្លួន នៅល្ងង់ខ្លៅបានទេ ហើយគេក៏មិនដែលដឹកនាំមនុស្សងងឹត ឲ្យចូលរួមអភិវឌ្ឍប្រទេសជាតិដែរ។ វាសនាពលរដ្ឋ ល្ងង់ឬចេះ អាស្រ័យអ្នកដឹកនាំប្រទេសជាអ្នករៀបចំឡើងវិញ មិនមែនបណ្តោយឲ្យពលរដ្ឋធ្វើសេរីតាមចិត្តនឹកឃើញបែបនេះទេ ៕

អត្ថបទដើមដោយ៖ Ken Soktheary

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77