កូន​ស្រី​មហា​សេដ្ឋី​តួកគី ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​​ធ្លាក់​យន្តហោះ ក្រោយ​ពី​វិល​ពី​ទីក្រុង​ឌូ​បៃ​វិញ | BayKdang កូន​ស្រី​មហា​សេដ្ឋី​តួកគី ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​​ធ្លាក់​យន្តហោះ ក្រោយ​ពី​វិល​ពី​ទីក្រុង​ឌូ​បៃ​វិញ | BayKdang

កូន​ស្រី​មហា​សេដ្ឋី​តួកគី ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​​ធ្លាក់​យន្តហោះ ក្រោយ​ពី​វិល​ពី​ទីក្រុង​ឌូ​បៃ​វិញ

កូន​ស្រី​អ្នក​មាន​​ទ្រព្យ​​​ម្នាក់ និង​មិត្ត​ភ័ក្តិ​របស់​នាង​១១​នាក់​ផ្សេង​ទៀត បាន​ស្ថិ​តក្នុង​ចំណោម​មនុស្ស​១១​នាក់​ដែល​បាន​ស្លាប់ កាល​ពី​ថ្ងៃ​អាទិត្យនៅពេល​ដែល​យន្ត​ហោះ​​ឯក​ជន​មួយ ដែល​កំពុង​តែ​ដឹក​ពួក​គេ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ពី​ពិធី​ជប់​លៀង​​សម្អាត​ភាព​នៅ​លីវ (Bachelorette) មួយ​​ក្នុង​ទីក្រុង​ឌូ​បៃ បាន​​បុក និង​ផ្ទុះ​ធ្លាក់​​នៅ​តំបន់​ភ្នំ​​របស់​ប្រទេស​អ៊ី​រ៉ង់​។

យន្ត​ហោះ​​​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​​ឯក​ជន​មួយ​​របស់​​មហា​សេដ្ឋី​ទួក​គី​គឺ​លោក Huseyin Basaran និង​បាន​ដឹក​​អ្នក​ដំណើរ​៨​នាក់ និង​​​បុគ្គ​លិក​យន្ត​ហោះ​៣​នាក់​​។ នេះ​​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​​មន្ត្រី​ម្នាក់​ក្នុង​​ក្រសួង​ដឹក​ជញ្ជូន​របស់​តួក​គី​។ អ្នក​ដំណើរ​ដែល​ស្ថិតនៅ​លើ​យន្ត​ហោះ ក៏​មាន​កូន​ស្រី​របស់​លោក Basaran គឺ​នាង Mina ផងដែរ និង​មិត្ត​ភ័ក្តិ​៧នាក់​ទៀត​របស់​នាង ក្រោយ​ពី​​ពួក​គេ​បាន​វិល​​ពី​ពិធី​ជប់​លៀង​មួយ នៅមុន​ពេល​​នាង ចូល​​រោង​ការ​នៅ​ខែក្រោយ​។ លោក Basaran ដែល​ជា​អតីតអនុ​​ប្រធានក្លិប​កីឡា​បាល់​ទាត់ Trabzonspor មាន​អាជី​វកម្ម​ជាច្រើន ខណៈ​ដែល​លោក​ជាម្ចាស់​ភាគ​ហ៊ុន​ធំ​​ក្នុង​ធ​នា​គារ Bahrain Middle East Bank BSC ហើយ​ក៏​មាន​គម្រោង​សាង​សង់​ជាច្រើន​ផងដែរ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អគារ​​នៃ​ផ្ទះ​ជួល Mina Towers ក្នុង​ទីក្រុង Istanbul ផងដែរ​​។

រូប​ថត​ចុង​ក្រោយ​របស់​នាង Mina Barasan នៅ​លើ​បណ្តាញ​សង្គម Instagram បាន​បង្ហាញ​ថា នាង​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​នារី​វ័យ​ក្មេង​៧​នាក់​ផ្សេង​ទៀត ដែល​សុទ្ធ​សឹង​ស្ថិត​ក្នុង​សម្លៀក​បំពាក់​រ៉ូប និង​ពាក់​វែន​តា​ការ​ពារ​កម្តៅ​ថ្ងៃ​ដូច​គ្នា​។ នៅ​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង ក្រោយពី​ការ​​​គ្រោះ​ថ្នាក់​ធ្លាក់​យន្ត​ហោះ​នេះ មាន​មនុស្ស​ជាច្រើន​ចូល​​បញ្ចេញ​មតិ​ទៅលើ​រូប​ថត​​នោះ​។ លោក Kerem Kinik ប្រធាន​អណ្ឌចន្ទ​ក្រហម​របស់​តួក​គី បាន​ឲ្យ​ដឹង​ថា៖ «កម្ទេច​កម្តី​នៃ​យន្ត​ហោះ និង​សាក​សព​ត្រូវ​បាន​រក​ឃើញ​។ សាក​សព​ទាំង​នោះ​នឹង​ត្រូវ​យក​ចេញពី​ភ្នំ នៅ​មុន​ពេល​ថ្ងៃ​រះ​។ ខ្ញុំ​សូម​ចូល​រួម​រំ​លែក​ទុក្ខ​ដែល​ចំពោះ​សាច់​ញាត​នៃ​សព​ផងដែរ​»​៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77