ធ្វើកំណាយ នៅ​ខ្នង​ភ្នំគូលែន ស្រាប់តែ រកឃើញ​ភស្តុតាង​ថ្មី​ ប្រហែល​ជា​អតីត​រាជវាំង​បុរាណ | BayKdang ធ្វើកំណាយ នៅ​ខ្នង​ភ្នំគូលែន ស្រាប់តែ រកឃើញ​ភស្តុតាង​ថ្មី​ ប្រហែល​ជា​អតីត​រាជវាំង​បុរាណ | BayKdang

ធ្វើកំណាយ នៅ​ខ្នង​ភ្នំគូលែន ស្រាប់តែ រកឃើញ​ភស្តុតាង​ថ្មី​ ប្រហែល​ជា​អតីត​រាជវាំង​បុរាណ

(សៀមរាប)៖ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ ADF អាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន បានធ្វើកំណាយស្រាវជ្រាវលើទីតាំងឈ្មោះ បន្ទាយ បច្ចុប្បន្នហៅថា ផ្ទះគូចារ្យ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ធំ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

បេសកកម្មនៃការធ្វើកំណាយនេះ បានចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។

បើយោងតាមសៀវភៅបោះពុម្ភលើកទី២ របស់លោក E Aymonier បាននិយាយរៀបរាប់ពីជួរភ្នំគូលែន ដោយមានការបញ្ជាក់ពីទីតាំងភូមិសាស្ត្រ ភូគព្ភសាស្ត្រ នរវិទ្យា និងធារាសាស្ត្រ ដោយបានហៅទីតាំងនេះថា មហេន្ទ្របព៌តមានន័យថា ជាភ្នំនៃព្រះឥន្ទ្រ។

យោងតាមសៀវភៅ Le Cambodge ភាគទី៣ សរសេរដោយ លោក E Aymonier បានបង្ហាញតិចតួចពីអត្តសញ្ញាណថា មហេន្ទ្របព៌ត គឺជាភ្នំគូលែន។ បើយោងតាមសិលាចារឹកស្តុកកក់ធំ (K.235) ដែលចារឡើងប្រមាណជាជាង២០០ឆ្នាំ បន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី២ រៀបរាប់យ៉ាងក្បោះក្បាយផងដែរ ពីការផ្លាស់ប្តូររាជធានីរបស់ព្រះអង្គពីតំបន់មួយទៅតំបន់មួយ ប៉ុន្តែមានការសន្និដ្ឋានច្រើនដូចគ្នាថា មហេន្ទ្របព៌ត គឺជាភ្នំគូលែនបច្ចុប្បន្ន ដោយសភ្តុតាង ជាច្រើនដូចជាប្រាសាទដែលព្រះអង្គប្រកាសរាជ បន្ទាប់ពីព្រះអង្គបានធ្វើការបង្រួបបង្រួមជាតិរួច សំណង់សាធារណៈ ទំបន់ទឹក ប្រាសាទសម្រាប់សាសនា និងរាជវាំងក៏បានរកឃើញជាបន្តបន្ទាប់។

ទីតាំងរាជវាំងនេះ បានរកឃើញដោយបានគត់តា្រពីអ្នកស្រាវជ្រាវបារាំង ប៉ុន្តែមិនដែលបានធ្វើការកំណាយនៅឡើយទេ ទើបអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ កម្មវិធីភ្នំគូលែន ក្នុងឆ្នាំ២០០៩ បានសហការជាមួយបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា និងក្រសួងបរិស្ថាន ធ្វើកំណាយស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ។

ក្រៅពីការស្រាវជ្រាវ ក៏មានកម្មវិធីបណ្តុះបណ្តាលបុរាណវិទូខ្មែរ ឲ្យកាន់តែស្ទាត់ជំនាញ ដែលជាធនធានមនុស្ស ក្នុងវិស័យបុរាណវិទ្យា សម្រាប់សង្គមយើងនាពេលអនាគតផងដែរ។ គោលបំណងនៃការស្រាវជ្រាវនេះ គឺផ្តោតសំខាន់ទៅលើសិក្សារចនាសម្ព័ន្ធ សំណង់រាជវាំងបុរាណមួយនេះ ឲ្យកាន់តែស៊ីជម្រៅ ថាតើសំណង់នេះសង់ពីអ្វី? រចនាបថអី្វ? មានប៉ុន្មានដំណាក់កាល? តួនាទីអ្វីខ្លះ? សង់ក្នុងឆ្នាំណាខ្លះ?

យោងតាមលទ្ធផល ដែលបានសន្និដ្ឋានបឋមដូចខាងក្រោម

* រកឃើញផ្លូវចូលពីទិសខាងកើតអគារសង់ពីឥដ្ឋ

* សំណង់កណ្តាលនៃអគារនេះ មានបីដំណាក់កាលដំណាក់កាល់ទី១ ប្រហែលជាស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ស្ថិតក្នុងសតវត្សរ៍ទី៩ បច្ចេកទេសសំណង់មានបង្ហាប់គ្រឹះដោយប្រើដី លាយជាមួយកំទេចថ្មបាយគ្រៀម គ្រួស បន្ទាប់មករៀបក្រវ៉ាតពីឥដ្ឋ មុននឹងធ្វើសំណង់ខាងលើ។ ដំណាក់កាលទី២ គឺចាក់ដីកំរាស់៣០សង់ទីម៉ែត្រ នៅលើកំរាលឥដ្ឋដំណាក់កាលទី១ បន្ទាប់មកក៏រាបកំរាលឥដ្ឋនៅពីលើ ក្នុងដំណាក់កាលនេះយើងមិនទានអាចធ្វើការសន្និដ្ឋានថា ធ្វើពេលណានៅឡើងនោះទេ ដោយសារយើងមិនទាន់មានភស្តុតាង គ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានបឋម។ ដំណាក់កាលទី៣ ស្ថិតក្នុងអំឡុងទសវត្សរ៍ទី៦០រហូតដល់ពេលប្រទេសមានសង្គ្រាម ដោយសារសាកសួរពីចាស់ទុំនៅតំបន់នេះ ក្នុងទសវត្សទី៦០ មានលោកតាអាចារ្យម្នាក់ បានមកសង់ផ្ទះនេះដើម្បីធ្វើធម៍ បន្ទាប់ពីប្រទេសមានសង្គ្រាមក៏បាត់ដំណឹងគាត់ចាប់ពីពេលនោះមក។

គោលបំណង់ទៅពេលខាងមុខ គឺស្ថាប័នពាក់ព័ន្ធនឹងចង់ក្រងសក្តានុពលរបស់ឧទ្យានជាតិភ្នំគូលែន ដើម្បីចូលរួមបំពេញលក្ខខណ្ឌបញ្ជូលភ្នំគូលែន ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនឹងធ្វើការបោះពុម្ភផ្សាយ ស្តីពីការរកឃើញថ្មីនៃរចនាសម្ព័ន្ធសំណង់ រាវវាំងសម័យបុរាណ ដែលមាននៅលើខ្នងភ្នំគូលែន៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77