កំពង់ធំ លេងធំមែន! ចង់ឃើញ និងស្គាល់ « ​ដឹងខ្នាតយក្ស» កុំភ្លេចទៅលេង ​សង្រ្កាន​ឆ្នាំថ្មី សំបូរ​ព្រៃគុក | BayKdang កំពង់ធំ លេងធំមែន! ចង់ឃើញ និងស្គាល់ « ​ដឹងខ្នាតយក្ស» កុំភ្លេចទៅលេង ​សង្រ្កាន​ឆ្នាំថ្មី សំបូរ​ព្រៃគុក | BayKdang

កំពង់ធំ លេងធំមែន! ចង់ឃើញ និងស្គាល់ « ​ដឹងខ្នាតយក្ស» កុំភ្លេចទៅលេង ​សង្រ្កាន​ឆ្នាំថ្មី សំបូរ​ព្រៃគុក

(កំពង់ធំ)៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដែលដូនតាខ្មែរ បានប្រើតាំងពីជំនាន់មុន ត្រូវបានដង្ហែដាក់តាំងនៅក្នុងព្រឹត្តិការសង្ក្រានឆ្នាំថ្មី សំបូរព្រៃគុក នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការបង្ហាញពីអតសញ្ញាណ និងវប្បធម៌របស់ជនជាតិភាគតិច (គួយ) ដែលពួកគេបានថែរក្សាទំនាមទំលាប់តាំងពីបុរាណមក។

ឧបករណ៍ប្រើប្រាស់ដែលមានឈ្មោះថា (ដឹង) ដែលត្រូវបានបងប្អូន ប្រជាពលរដ្ឋខ្មែរជំនាន់ដើម យកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជាពិសេស ជនជាតិ «គួយ» ដែលសព្វថ្ងៃពួកគាត់ នៅតែបន្តប្រើប្រាស់ ត្រូវបានថ្នាក់ដឹកនាំខេត្តកំពង់ធំ ធ្វើការគាំទ្រ និងដាក់បង្ហាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត នៅថ្ងៃចូលឆ្នាំថ្មីនេះ ក្នុងតំបន់ប្រាសាទបេតិកភ័ណ្ឌពិភពលោក គឺប្រាសាទសំបូរព្រៃគុក ហើយដឹងនេះមានប្រវែងជាង៨ម៉ែត្រផងដែរ។

ពាក់ព័ន្ធបញ្ហានេះលោក ឈឹម ប៊ុនឈំ ដែលជាជាងធ្វើដឹងខ្នាតយក្ស បានលើកឡើងថា ប្រពៃណីទំនៀមទំលាប់របស់ដូនតាខ្មែរ តាំងពីបុរាណមក រហូតមកដល់ពេលនេះ ស្រុកភូមិរបស់ពួកគាត់ នៅតែប្រើប្រាស់ឧបករណ៍បុរាណ ដែលជាស្នាដៃបន្សល់ទុក របស់ដូនតាខ្មែរយើង។ ឧបករណ៍ទាំងអស់នេះរួមមាន៖ កាំបិទ ពូថៅ ផ្គាក់ កាំបិតងុក ជាពិសេសដឹងស្លាប ដែលជាឧបករណ៍មួយប្រភេទ សម្រាប់យកទៅប្រើប្រាស់ ក្នុងការធ្វើការងារធំៗដូចជា៖ ការកាប់ផ្តួលឈើដែលមានទំហំធំ សម្រាប់យកទៅប្រើប្រាស់ក្នុងគ្រួសារ ឬនៅក្នុងសហគមន៍ពួកគាត់។

លោក ឈឹម ប៊ុនឈំ បានបន្តថា ការដែលអាចរក្សាប្រពៃណីរបស់បងប្អូនជនជាតិភាគតិច គឺអាស្រ័យដោយមានការជួយជ្រុំជ្រែង និងអភិរក្សរបស់បងប្អូនជាប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានទាំងមូលព្រមទាំងពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ធំផងដែរ។

លោក ឈឹម ប៊ុនឈំ បានបញ្ជាក់ថា ក្រៅពីការតាំងឧបករណ៍ទាំងនេះ ក្នុងភូមិគួយនិម្មិត្ត ក៏នៅមានការសំដែងរបាំផ្សេងៗទៀតដែលមានដូចជា៖ របាំបេះគុយ របាំចំរះចំការ របាំធ្វើជន្លុះ និងរបាំស្លដែក ដែលជាប់ចំណាត់ថ្នាក់លេខ១នៅថ្នាក់ជាតិ កាលពីឆ្នាំ២០១៦កន្លងទៅនេះ។

ជាមួយគ្នានេះដែរលោក ហ៊ិន សុភ័ណ្ឌ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានឲ្យដឹងថា ការផ្តួចផ្តើមគំនិតធ្វើ នូវឧករណ៍ទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែង ក្នុងស្មារតីជួយថែរក្សានូវឧបករណ៍ទាំងអស់នេះដែលមានក្នុងមូលដ្ឋានរបស់ពួកគាត់ពិតប្រាកដ។

លោក ហ៊ិន សុភ័ណ្ឌ បានថ្លែងថា ក្រៅអំពីការដាក់តាំងនូវឧបករណ៍ទាំងនេះ នៅថ្ងៃចូលឆ្នាំខ្មែរនេះក៏មានការលេងល្បែងប្រជាប្រិយកំសាន្ត តាមប្រពៃណីជាតិផ្សេងៗទៀតផងដែរ ក្នុងនោះមានដូចជា៖ បោះឈូង ទាញព្រ័ត លាក់កន្សែង រាំវង់ ឡើងសសរខ្លាញ់ ជាដើម៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77