បិតាស្ថាបនិក Facebook សារភាព​រឿង​គ្រប់យ៉ាង ចំពោះមុខ​សភា​​អាមេរិក និង «សុំទោសគ្រប់គ្នា» ម្តង​ទៀត​! | BayKdang បិតាស្ថាបនិក Facebook សារភាព​រឿង​គ្រប់យ៉ាង ចំពោះមុខ​សភា​​អាមេរិក និង «សុំទោសគ្រប់គ្នា» ម្តង​ទៀត​! | BayKdang

បិតាស្ថាបនិក Facebook សារភាព​រឿង​គ្រប់យ៉ាង ចំពោះមុខ​សភា​​អាមេរិក និង «សុំទោសគ្រប់គ្នា» ម្តង​ទៀត​!

(អាមេរិក)៖ នាយក​ប្រតិបត្តិ (CEO) និងស្ថាបនិក​របស់ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានធ្វើការសុំទោស​ជាផ្លូវការ​ នៅ​ចំពោះ​​មុខសភា​អាមេរិក នាថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់កំហុស​របស់ខ្លួន ដែលបាន​បណ្តាលឲ្យ​មានរឿងអាស្រូវ​ដ៏ធំ ពាក់ព័ន្ធនឹង​ការ​លួច​ប្រមូល​​ទិន្ន​ន័យ​ឯក​ជន​​របស់អ្នក​ប្រើប្រាស់ ដោយ​ក្រុមហ៊ុន ខេមប្រ៊ីជ អាន់ណាល់ឡាយធីខា (Cambridge Analytica) ហើយ​លោក Zuckerberg ក៏បានបញ្ជាក់​ផងដែរថា ក្រុម​ហ៊ុនរបស់​​លោក កំពុងគិតគូរពិចារណា​ឡើងវិញ អំពីការទទួល​ខុសត្រូវ​របស់ខ្លួន ចំពោះអ្នក​ប្រើប្រាស់ក៏ដូចជា​សង្គម​ទាំងមូល។ នេះបើ​តាម​ការ​ដក​​ស្រង់​ការ​​ផ្សាយចេញ​ពី​ វែបសាយ​របស់ស្ថានីយ​ទូរទស្សន៍ CNN នៅព្រឹក​ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។

ថ្លែងនៅចំពោះមុខ​គណៈកម្មាធិការ​យុត្តិធម៌ និងពាណិជ្ជកម្ម​នៃព្រឹទ្ធសភា​អាមេរិក លោក Mark Zuckerberg បាននិយាយ​ដូច្នេះថា «ឥឡូវ​នេះវា​ច្បាស់ណាស់​ហើយថា យើងមិនបាន​ខិតខំប្រឹងប្រែង​គ្រប់គ្រាន់ ដើម្បីទប់ស្កាត់​មិនឲ្យបណ្តាញសង្គម​របស់យើង ត្រូវគេយក​ទៅ​ប្រើ​ប្រាស់ សម្រាប់រឿង​មិនល្អ រួមមានដូចជាការចែកចាយ​ព័ត៌មានក្លែងក្លាយ ការចូលលូក​លាន់កិច្ចការបោះឆ្នោត​ដោយបរទេស និងការញុះ​ញង់ឲ្យមានភាពស្អប់ខ្ពើម និងរើសអើង ព្រមទាំងបញ្ហា​ទិន្នន័យឯកជន​របស់អ្នក​ប្រើប្រាស់»។

នាយក​ប្រតិបត្តិរូបនេះ បានបន្តទៀតថា «ពួកយើងមិន​បានគិតគូរ​ឲ្យបានវែងឆ្ងាយ​ អំពីការទទួលខុស​ត្រូវរបស់​ពួកយើង ដែលវាគឺជា​​បញ្ហា​ដ៏ធំមួយ ហើយខ្ញុំពិត​ជាសូមទោស។ ខ្ញុំជា​អ្នកបង្កើត Facebook ហើយខ្ញុំជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុននេះ ដូច្នេះហើយ​វាគឺជាកំហុស​របស់ខ្ញុំ​សម្រាប់អ្វីដែល​បានកើតឡើង​នាពេលនេះ»។

គួរជម្រាបថា នៅក្នុងអំឡុង​ការចូលខ្លួនបក​ស្រាយរយៈពេល ០៥ម៉ោង ខាងលើនេះ លោក Mark Zuckerberg បានឆ្លើយតប​នឹងសំណួរជា​ច្រើន រួមមាន​ការទាក់ទិន​នឹងវិធីសាស្រ្ត​ នៃការប្រមូល​ទិន្នន័យអ្នក​ប្រើប្រាស់​របស់ Facebook ជាដើម។ នៅអំឡុងពេល​នោះ ព្រឹទ្ធសមាជិក​​ដល់ទៅ ៤៤នាក់ ឯណោះ បានដាក់វេនគ្នា​ក្នុងម្នាក់រយៈពេល ០៥នាទី ដើម្បីចោទសួរ​ទៅកាន់ Zuckerberg។ យ៉ាងណា​មិញ លោក Zuckerberg បានមានភាព​ស្ទាក់ស្ទើរ​បន្តិចបន្តួច ក្នុងការឆ្លើយ​សំណួរមួយ​ចំនួន រួមមានទាំងសំណួរ​ដែលថា តើហេតុអ្វី​ដែលបាន​បុគ្គលិក​របស់​ Facebook សម្រេចមិន​ជូនដំណឹងដល់​អ្នកប្រើប្រាស់ អំពីបញ្ហាទិន្នន័យ​របស់ក្រុមហ៊ុន Cambridge Analytica នៅ​ពេល​ដែល​​វា​លេច​ឡើង​​ជា​​លើក​​ដំបូង​ កាល​ពី​​ឆ្នាំ​២០១៥?

នៅពេលត្រូវបាន​ចោទសួរដោយ លោក ធន ធ្សូន (John Thune) ប្រធានគណៈកម្មាធិការ​ពាណិជ្ជកម្ម នៃព្រឹទ្ធសភា​ថា ហេតុអ្វីដែលជាអ្នករាល់គ្នាគួរ​មានជំនឿជឿ​ជាក់លើលោក Mark Zuckerberg នាពេលនេះ ក្រោយពីរូប​លោកធ្លាប់បានសន្យាអស់​ពេលជាច្រើនឆ្នាំមកហើយថា នឹងខិត​ខំប្រឹងប្រែងអភិវឌ្ឍន៍ក្រុមហ៊ុន Facebook ឲ្យល្អនោះ? CEO រូបនេះបាន​ទទួលស្គាល់ដូច្នេះថា «យើងធ្លាប់​បានប្រព្រឹត្តកំហុស​ជាច្រើន ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុននេះ ពីព្រោះថា វាពិតជាមិនអាច​ទៅរួចនោះឡើយ ដើម្បីចាប់​ផ្តើមបង្កើតក្រុមហ៊ុន​ ចេញពីអគារស្នាក់​នៅក្នុងមហាវិទ្យា​​របស់អ្នក ហើយពង្រីក​វាដល់កម្រិតដូច​បច្ចុប្បន្ន ដោយពុំមានបង្ក​កំហុសខ្លះៗ​នោះ។ ប៉ុន្តែឥឡូវនេះ ខ្ញុំចង់​និយាយថា ពួកយើងកំពុង​ឆ្លងកាត់​ការផ្លាស់ប្តូរ​ ផ្នែកទស្សនវិជ្ជា​ដ៏ទូលំទូលាយ​មួយ នៅក្នុងរបៀប​ដែលយើង ​ធ្វើប្រតិបត្តិការ​ក្រុមហ៊ុននេះ»។

បន្ថែមពីខាងលើនេះ ស្ថាបនិក Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានទទួលស្គាល់​ហើយថា ក្រុមហ៊ុនរបស់លោក​កំពុងធ្វើ​កិច្ចសហប្រតិបត្តិការ​ ជាមួយរដ្ឋអាជ្ញា​ពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ក្នុងការស៊ើបអង្កេត​ជុំវិញការចោទ​ប្រកាន់ថា រុស្ស៊ីបានលូកដៃ ចូលក្នុងកិច្ចការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​ កាលពី​ឆ្នាំ២០១៦។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។

លោក Zuckerberg ធ្វើការអះអាង​បែបនេះ នៅអំឡុងពេល​ផ្ដល់សក្ខីកម្មនៅចំពោះមុខ​សភាអាមេរិក កាលពី​ថ្ងៃអង្គារ បន្ទាប់ពីផ្ទុះ ឡើងនូវរឿង​អាស្រូវ​បណ្ដោយ​ឱ្យក្រុមហ៊ុន Cambridge Analytica ប្រើប្រាស់ទិន្នន័យ​ឯកជន​អ្នកលេង Facebook ជាង ៨៧លាន នាក់ក្នុងចេតនា​នយោបាយ។

ដោយឡែក នៅពេលត្រូវ​បានព្រឹទ្ធ​សមាជិក លោក Patrick Leahy សួរថា តើ Facebook កំពុង​ធ្វើកិច្ចសហការ​ជាមួយ លោក Robert Mueller ឬក៏យ៉ាងណា លោក Zuckerberg បានឆ្លើយថា «Yes» ហើយនៅ​ពេល​ត្រូវបាន សួរថា តើបុគ្គលិករបស់​លោកត្រូវបានគេសម្ភាសន៍​ដែរ ឬទេ លោក​នៅតែឆ្លើយថា ​«Yes» ដដែល ប៉ុន្តែ​លោកអះអាង​ថា លោកមិនធ្លាប់​ត្រូវគេសាកសួរ​អ្វីឡើយ។

លើសពីនេះ​ទៅទៀត CEO Facebook រូបនេះបន្ថែម​ដូច្នេះដែរថា «ខ្ញុំចង់ឱ្យមានការ​ប្រុងប្រយ័ត្ន​នៅទីនេះ ពីព្រោះ​ការងាររបស់ ពួកយើងជា​មួយរដ្ឋអាជ្ញាពិសេស​ គឺប្រកប​ដោយ​ទំនុកចិត្ត ហើយខ្ញុំចង់​ធ្វើឱ្យប្រាកដថា ខ្ញុំនឹងមិនបង្ហាញ​ឡើយថា អ្វីគឺជាទំនុក​ចិត្តនោះ»។

គួរបញ្ជាក់ថា ការបង្ហាញខ្លួន​របស់លោក Mark Zuckerberg នៅចំពោះមុខ​សភាអាមេរិក កើតមាន​ឡើងជិតមួយខែ បន្ទាប់ពីមាន​ការចោទ​ប្រកាន់​ថា Facebook បានបណ្ដោយ​ឱ្យក្រុមហ៊ុន Cambridge Analytica ប្រើប្រាស់​ទិន្នន័យឯកជន​អ្នកលេង Facebook ជាង ៨៧លាននាក់ ក្នុងចេតនា​នយោបាយ ដើម្បីជួយ​ដល់យុទ្ធឃោសនា​បោះឆ្នោត​ ប្រធានាធិបតី​អាមរិក​របស់ លោក ដូណាល់ ត្រាំ កាលពី​ឆ្នាំ២០១៦៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77