ដូណាល់ ត្រាំ «បង្ខំចិត្ត​លុបចោល​ទស្សនកិច្ច​ជាលើកដំបូង​ ទៅកាន់អាមេរិកឡាទីន» ដោយសារ​ជាប់ដៃ​ ដោះស្រាយ​បញ្ហា​សំខាន់... | BayKdang ដូណាល់ ត្រាំ «បង្ខំចិត្ត​លុបចោល​ទស្សនកិច្ច​ជាលើកដំបូង​ ទៅកាន់អាមេរិកឡាទីន» ដោយសារ​ជាប់ដៃ​ ដោះស្រាយ​បញ្ហា​សំខាន់... | BayKdang

ដូណាល់ ត្រាំ «បង្ខំចិត្ត​លុបចោល​ទស្សនកិច្ច​ជាលើកដំបូង​ ទៅកាន់អាមេរិកឡាទីន» ដោយសារ​ជាប់ដៃ​ ដោះស្រាយ​បញ្ហា​សំខាន់…

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត​លុបចោល ការ​បំពេញដំណើរទស្សកិច្ចផ្លូវរដ្ឋ​ជាលើកដំបូង របស់លោក​ទៅកាន់តំបន់​អាមេរិកឡាទីន ដើម្បីផ្ដោត​សំខាន់លើការ​ចាត់វិធានការ​ឆ្លើយតប ចំពោះការប្រើប្រាស់​អាវុធគីមី នៅក្នុង ប្រទេស​ស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។

យោងតាម​សេតវិមាន ការសម្រេចចិត្តលុបចោល​ដំណើរទស្សនកិច្ច​របស់ លោក ត្រាំ ធ្វើឡើង​ដោយសារតែ​លោក​កំពុងពិចារណា និងផ្ដោត​សំខាន់លើការ​ចាត់វិធានការ ឆ្លើយតបនឹង​ការប្រើប្រាស់​អាវុធគីមី​នៅស៊ីរី ខណៈនាវាពិឃាត​អាមេរិក USS Donald Cook កំពុងស្ថិតនៅ​ក្នុងតំបន់សមុទ្រ​មេឌីទែរ៉ាណេ។ សេតវិមានបានបន្ថែមទៀតថា អនុប្រធានាធិបតី​អាមេរិក លោក Mike Pence នឹង​ធ្វើដំណើរ ទៅកាន់តំបន់​អាមេរិកឡាទីន ជំនួសលោក ត្រាំ ដោយចាប់​ផ្ដើមពីប្រទេស​ប៉េរូ សម្រាប់កិច្ច​ប្រជុំកំពូល​តំបន់​អាមេរិក។

គួរបញ្ជាក់ថា កាលពីប៉ុន្មាន​ថ្ងៃមុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងចាត់វិធានការ​ក្តៅ ឆ្លើយតបនឹង​រដ្ឋាភិបាលស៊ីរី ហើយលោក​ថែមទាំងបញ្ជាក់​ទៀតថា ជម្រើសយោធា​កំពុងស្ថិតនៅក្រោម​ពិចារណា។ ប៉ុន្តែរុស្ស៊ី ដែលជាសម្ព័ន្ធ​មិត្តរបស់ស៊ីរី ក៏បានព្រមានទុកជាមុន​ផងដែរថា ផលវិបាកធ្ងន់ធ្ងរ​នឹងកើតឡើង បើទីក្រុងវ៉ាស៊ីនតោន ​ហ៊ានប្រើប្រាស់​កម្លាំង​យោធា​មែននោះ។

ដោយឡែក ជុំវិញបញ្ហាអាវុធ​គីមីនេះដែរ អង្គការហាមឃាត់​ការប្រើប្រាស់​អាវុធគីមី OPCW​ បានអះអាងថា ខ្លួននឹងបញ្ជូន​ក្រុមអ្នក​ជំនាញទៅកាន់​ទីក្រុង ឌួម៉ា (Douma) ជាទីដែលមាន​សេចក្ដីរាយការណ៍​ថា មនុស្សយ៉ាង​ហោច​ណាស់ ៧០នាក់ ក្នុងនោះ​មាន​ទាំងកុមារ និងស្ត្រីបាន​ស្លាប់នៅក្នុង​ការវាយប្រហារ​ ដោយអាវុធគីមី​កាលពី​ថ្ងៃសៅរ៍៕ ​

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77