Roma ទម្លាក់​ក្រុម​ខ្លាំង Barcelona ចេញ​ពី Champions ខណៈ Dzeko ជា Man of the Match | BayKdang Roma ទម្លាក់​ក្រុម​ខ្លាំង Barcelona ចេញ​ពី Champions ខណៈ Dzeko ជា Man of the Match | BayKdang

Roma ទម្លាក់​ក្រុម​ខ្លាំង Barcelona ចេញ​ពី Champions ខណៈ Dzeko ជា Man of the Match

(ក្រុងរ៉ូម)៖ ក្លឹបបាល់ទាត់ AS Roma បានសម្រេចមហិច្ឆតាឡើងទៅវគ្គ ៤ក្រុមនៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៧-២០១៨ បន្ទាប់ពីទម្លាក់ក្រុមខ្លាំងរបស់អេស្ប៉ាញ FC Barcelona ៣-០ យប់មិញ ស្របពេលដែល Edin Dzeko ធ្វើបានល្អជាងគេ។

ខ្សែប្រយុទ្ធ Edin Dzeko បានសារភាពថារូបគេសប្បាយចិត្តដែលនៅបន្តជាមួយ Roma និងមិនផ្លាស់ទៅ Chelsea ក្នុងខែមករាឆ្នាំ២០១៨។

Dzeko ស៊ុតចូល១គ្រាប់ក្នុងបរាជ័យ៤-១នៅផ្ទះ Barcelona ជើងទី១សប្ដាហ៍មុន និងស៊ុតចូលគ្រាប់បើកឆាកក្នុងជើងទី២យប់ថ្ងៃអង្គារទី១០ខែមេសាឆ្នាំ២០១៨ ដែលនាំទៅដល់ការវាយបកបានសម្រេចសម្រាប់ Roma ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League តាមរយៈរូបមន្តគ្រាប់បាល់ក្រៅផ្ទះ ជាមួយគ្រាប់បាល់សរុប៤-៤។

ខ្សែប្រយុទ្ធបូស៊្នីវ័យ៣២ឆ្នាំដែលជាអតីតសមាជិក Wolfsburg និង Man City និយាយថា «ឥឡូវខ្ញុំអាចលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរហើយ។ វាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំបាននៅទីនេះហើយសប្បាយចិត្តណាស់ក្នុងការនៅទីនេះ។ ខ្ញុំគិតថាក្លិបនេះក៏សប្បាយចិត្តដែរ»។

នៅពេលសួរថាតើរូបគេគិតថា Roma អាចឡើងដល់កម្រិតណាក្នុងពាន Champions League រដូវកាលនេះ Dzeko ឆ្លើយថាគេសង្ឃឹមថាឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។ ខ្សែប្រយុទ្ធដដែលនេះសង្កត់ធ្ងន់ថាគ្មាននរណាជឿថា Roma អាចធ្វើបានទេ ប៉ុន្តែពេលនេះ Roma បានទម្លាក់ Barcelona ដែលបញ្ជាក់ថាក្លិបអ៊ីតាលីមួយនេះអាចលេងជាមួយក្រុមណាក៏បានដែរ។

សូមរំឭកថា Chelsea បានដាក់សំណើចង់បាន Dzeko ជាមួយនឹងប្រាក់ខែខ្ពស់ជាងនៅ Roma ប៉ុន្តែ Dzeko បានទាត់ចោលឱកាសត្រលប់ទៅ Premier League វិញ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77