ប្រធានាធិបតី ស៊ី ជិនពីង៖ «ប្រទេសចិន និងពិភពលោក​ មិនអាច​អភិវឌ្ឍន៍ទៅបាន ដោយគ្មាន​គ្នានោះ​ឡើយ...» | BayKdang ប្រធានាធិបតី ស៊ី ជិនពីង៖ «ប្រទេសចិន និងពិភពលោក​ មិនអាច​អភិវឌ្ឍន៍ទៅបាន ដោយគ្មាន​គ្នានោះ​ឡើយ...» | BayKdang

ប្រធានាធិបតី ស៊ី ជិនពីង៖ «ប្រទេសចិន និងពិភពលោក​ មិនអាច​អភិវឌ្ឍន៍ទៅបាន ដោយគ្មាន​គ្នានោះ​ឡើយ…»

(ហៃណាន)៖ ការបំផុសគំនិត​ដ៏សំខាន់បំផុត ដែលចិនទទួលបានពីកំណែទម្រង់សេដ្ឋកិច្ច​បួនទសវត្សរ៍កន្លងមក និងការអភិវឌ្ឍរបស់ចិនទាំងមូលនោះ គឺមិនអាចសម្រេចទៅ​បាន​នោះឡើយ ដោយគ្មានពិភពលោកមួយនេះ ខណៈដែលពិភពលោកទាំងមូល ក៏ត្រូវការ​ចិន​ដូចគ្នា​សម្រាប់ការអភិវឌ្ឍជារួម។ នេះបើតាមការ​សម្តីរបស់ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នៅចំពោះមុខ​បណ្តាមេដឹកនាំ​អន្តរជាតិនានា ដែលចូលរួម​វេទិកាសេដ្ឋកិច្ចអាស៊ី ប៉ូអៅ (Boao) ប្រព្រឹត្ត​ទៅនៅខេត្តណៃណាន ភាគអាគ្នេយ៍ប្រទេសចិន ដែលត្រូវបាន​ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។

សម្រាប់កិច្ច​ប្រជុំ Boao ខាងលើនេះ គឺត្រូវបាន​ប្រារព្ធឡើង តាំងតែពី​ថ្ងៃអាទិត្យសប្តាហ៍មុន​មកម្ល៉េះ ដោយវា​មានរយៈពេល ០៤ថ្ងៃ គិតត្រឹម​ថ្ងៃបិទបញ្ចប់ នាថ្ងៃពុធ​នេះតែម្តង នៅទីក្រុង​ទេសចរណ៍ Boao នៃខេត្តដីកោះហៃណាន ប្រទេសចិន។ កិច្ចប្រជុំនេះ​​ត្រូវបា​ន​ប្រព្រឹត្តទៅ ចំថ្ងៃដែល​ចិនប្រារព្ធខួបទី ៤០ឆ្នាំ នៃការចាប់ផ្តើមកំណែ​ទម្រង់ស៊ីជម្រៅ ដែលបានជម្រុញ​ប្រទេសដែលធ្លាប់​រង​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរមួយនេះ ឲ្យក្លាយទៅជាមហាយក្ស​សេដ្ឋកិច្ចលេខ ១ នៅទ្វីបអាស៊ី និងលេខ ២ នៅលើសកលលោកទាំងមូល។

នៅក្នុងកិច្ច​ប្រជុំនោះដែរ អគ្គលេខាធិការ​នៃអង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស ដែលបាន​ចូលរួម លោកបាន​សង្កត់ធ្ងន់ថា «នៅរយៈពេល ០៤ទសវត្សរ៍មកនេះ យើងបាន​ឃើញ​ការផ្លាស់ប្តូរ​ជាច្រើន មិនមែនតែ​នៅប្រទេសចិន​ប៉ុណ្ណោះទេ ប៉ុន្តែក៏មាន​ភាពសកម្ម​កើតឡើង​នៅទូទាំងពិភពលោក​ទាំងមូលផងដែរ។ សម្រាប់គំរោង​ខ្សែក្រវាត់ និងផ្លូវ ពិតជាអាច​ផ្តល់​នូវ​ប្រសិទ្ធភាព​ក្នុងការបង្កើតពិភពលោកមួយ ដែលមាន​យុត្តិធម៌ សន្តិភាព និងភាពថ្កុំថ្កើងរុងរឿង»។

គួរបញ្ជាក់ថា សម្រាប់ការរៀបចំ​វេទិកាសេដ្ឋកិច្ច Boao ទាំងមូល និងសេចក្តីថ្លែងការណ៍របស់​ប្រធានាធិបតី​​ចិន លោក ស៊ី ជិនពីង ខាងលើនេះ​ ក៏បានទទួល​ការកោតសរសើរ និងស្វាគមន៍យ៉ាងខ្លាំង​ផងដែរ ពីសំណាក់​បណ្តាមេដឹកនាំ​ពិភពលោក​ និងតំណាង​អង្គការ ព្រមទាំងពាណិជ្ជករ​អន្តរជាតិទាំងឡាយ ដែលបានចូលរួម​មានដូចជា អគ្គលេខាធិការ UN, នាយករដ្ឋមន្ត្រី​សិង្ហបុរី, នាយករដ្ឋមន្ត្រីអូទ្រីស, នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន និងប្រធានាធិបតី​ហ្វីលីពីន​ជាដើម៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77